២ សាំយូអែល 16:9-15 KHOV

9 នោះ​អ័ប៊ី‌សាយ​ជា​កូន​សេរូយ៉ា​ទូល​ទៅ​ស្តេច​ថា តើ​មាន​ហេតុ​អ្វី​ឲ្យ​អា​ឆ្កែ​ងាប់​នេះ បាន​ជេរ​ប្រមាថ​ដល់​ទ្រង់​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់​នៃ​ទូល‌បង្គំ​យ៉ាង​នេះ សូម​អនុញ្ញាត​ឲ្យ​ទូល‌បង្គំ​ទៅ​កាត់​ក្បាល​វា​ចេញ

10 ស្តេច​មាន​ព្រះ‌បន្ទូល​ថា នែ កូន​សេរូយ៉ា​អើយ តើ​យើង​នឹង​អ្នក​មាន​ប្រកប​អ្វី​នឹង​គ្នា ដែល​វា​ជេរ​ប្រមាថ​ដូច្នេះ នោះ​គឺ​ដោយ​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រាប់​ឲ្យ​វា​ជេរ​ប្រមាថ​ដល់​ដាវីឌ​ទេ​តើ បើ​យ៉ាង​នោះ​តើ​អ្នក​ណា​នឹង​ហ៊ាន​សួរ​ថា ហេតុ​អ្វី​បាន​ជា​ធ្វើ​ដូច្នេះ

11 រួច​ដាវីឌ​មាន​ព្រះ‌បន្ទូល​ទៅ​អ័ប៊ី‌សាយ និង​ពួក​មហា‌តលិក​ទ្រង់​ទាំង​ប៉ុន្មាន​ថា មើល អំបាល​តែ​កូន​ដែល​ខ្លួន​យើង​បង្កើត ម៉េច​វា​រក​ជីវិត​យើង​ទៅ​ហើយ ចំណង់​បើ​ពូជ​ពួក​បេន‌យ៉ា‌មីន​នេះ តើ​នឹង​លើស​ជាង​អម្បាលម៉ាន​ទៅ​ទៀត កុំ​ធ្វើ​វា ឲ្យ​វា​ជេរ​ចុះ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បង្គាប់​វា​មក​ហើយ

12 ប្រហែល​ជា​ព្រះ‌យេហូវ៉ា ទ្រង់​នឹង​ទត​មើល​សេចក្តី​វេទនា​របស់​យើង​ទេ​ដឹង រួច​ទ្រង់​នឹង​ប្រោស​សេចក្តី​ល្អ​មក​យើង ជំនួស​សេចក្តី​ដែល​វា​ជេរ​ប្រមាថ​នៅ​ថ្ងៃ​នេះ​វិញ

13 នោះ​ដាវីឌ​ក៏​យាង​តាម​ផ្លូវ​ទៅ ព្រម​ទាំង​ពួក​ទ្រង់​ផង ឯ​ស៊ីម៉ាយ​វា​ដើរ​តាម​ចង្កេះ​ភ្នំ​ទន្ទឹម​នឹង​ទ្រង់​ដែរ ទាំង​ជេរ​បណ្តើរ ព្រម​ទាំង​ចោល​ថ្ម​ទៅ​លើ​ទ្រង់ ហើយ​បាច‌សាច​ធូលី​ដី​ផង

14 យ៉ាង​នោះ​ស្តេច និង​ពួក​បណ្តា‌ជន​ទាំង​ប៉ុន្មាន ដែល​នៅ​ជា​មួយ ក៏​ទៅ​ដល់​ទី​ឈប់​ទាំង​អស់​កំឡាំង ហើយ​គេ​សំរាក​នៅ​ទី​នោះ។

15 រីឯ​អាប់‌សា‌ឡំម និង​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា គេ​ក៏​មក​ដល់​ក្រុង​យេរូ‌សាឡិម មាន​ទាំង​អ័ហ៊ី‌ថូ‌ផែល​មក​ជា​មួយ​ដែរ