11 ឯយ៉ូអាប់ក៏បន្ទោសដល់អ្នកដែលប្រាប់ដំណឹងនោះថា បើឯងបានឃើញហើយ ម្តេចក៏មិនបានវាយសំឡាប់នៅទីនោះភ្លាមទៅ នោះអញនឹងបានឲ្យប្រាក់១០ដួង និងខ្សែក្រវាត់១ដល់ឯង
12 តែអ្នកនោះឆ្លើយតបថា បើទុកជាបានប្រាក់១ពាន់មកដៃខ្ញុំ គង់តែខ្ញុំក៏មិនព្រមលូកដៃទៅទាស់នឹងព្រះរាជបុត្រានៃស្តេចដែរ ដ្បិតយើងខ្ញុំបានឮព្រះបន្ទូលដែលទ្រង់បានផ្តាំដល់លោក និងអ័ប៊ីសាយ ហើយអ៊ីតតាយថា ចូរប្រយ័ត្ន កុំឲ្យអ្នកណាពាល់អាប់សាឡំម ជាកូនមានវ័យក្មេងនោះឡើយ
13 បើសិនជាខ្ញុំបានក្បត់ចំពោះព្រះជន្មព្រះរាជបុត្រនោះវិញ គ្មានអ្វីលាក់កំបាំងនឹងស្តេចឡើយ សូម្បីតែលោកក៏នឹងលើក ទាស់នឹងខ្ញុំដែរ
14 យ៉ូអាប់ឆ្លើយថា មិនគួរឲ្យអញនៅបង្ខាតពេលជាមួយនឹងឯងដូច្នេះទេ រួចលោកចាប់យកដែកពួយ៣ កាន់នៅដៃទៅពួយទំលុះត្រង់បេះដូងអាប់សាឡំម ក្នុងកាលដែលកំពុងនៅរស់ ជាប់នៅនឹងដើមម៉ៃសាក់នៅឡើយ
15 ឯមនុស្សកំឡោះ១០នាក់ ដែលកាន់គ្រឿងរបស់យ៉ូអាប់ ក៏ចោមរោមវាយសំឡាប់អាប់សាឡំមទៅ។
16 រួចហើយ យ៉ូអាប់ផ្លុំត្រែឡើង នោះពួកទ័ពក៏វិលត្រឡប់ពីដេញតាមពួកអ៊ីស្រាអែលមកវិញ ដ្បិតលោកប្រណីដល់គេ
17 គេយកសពរបស់អាប់សាឡំម ទៅបោះចោលក្នុងរណ្តៅធំ នៅកណ្តាលព្រៃ រួចបង្គរថ្មពីលើជាគំនរយ៉ាងធំ ឯពួកអ៊ីស្រាអែលទាំងអស់ គេរត់ទៅឯទីលំនៅរបស់គេរៀងខ្លួនទៅ