21 តែអ័ប៊ីសាយ ជាកូនសេរូយ៉ា ចាប់ពាក្យទូលថា តើមិនត្រូវសំឡាប់ស៊ីម៉ាយ ដោយព្រោះបានជេរប្រមាថ ដល់អ្នកដែលព្រះយេហូវ៉ាបានចាក់ប្រេងតាំងឲ្យទេឬអី
22 ប៉ុន្តែ ដាវីឌមានព្រះបន្ទូលថា ឱកូនសេរូយ៉ារាល់គ្នាអើយ តើយើងត្រូវការអ្វីនឹងឯង បានជាឯងមកធ្វើជាអ្នកទាស់ទទឹងនឹងយើងនៅថ្ងៃនេះដូច្នេះ តើត្រូវសំឡាប់មនុស្សក្នុងពួកអ៊ីស្រាអែលនៅថ្ងៃនេះឬអី ដ្បិតតើយើងមិនដឹងទេឬអីថា នៅថ្ងៃនេះ យើងជាស្តេចលើសាសន៍អ៊ីស្រាអែលវិញហើយ
23 រួចស្តេចទ្រង់មានព្រះបន្ទូលស្បថនឹងស៊ីម៉ាយថា ឯងមិនត្រូវស្លាប់ទេ។
24 ចំណែកមភីបូសែត ជាព្រះវង្សសូល លោកក៏ចុះទៅទទួលស្តេចដែរ លោកមិនបានមើលជំងឺជើង ឬកាត់ពុកចង្កា ឬគក់បោកខោអាវឡើយ តាំងតែពីថ្ងៃដែលស្តេចទ្រង់ចាកចេញទៅ ដរាបដល់ថ្ងៃដែលទ្រង់យាងមកវិញដោយសុខសាន្ត
25 រីឯកាលលោកបានទៅដល់ក្រុងយេរូសាឡិម ដើម្បីនឹងគាល់ស្តេច នោះទ្រង់មានព្រះបន្ទូលសួរថា មភីបូសែតអើយ ហេតុអ្វីបានជាអ្នកមិនបានទៅជាមួយនឹងយើង
26 លោកក្រាបទូលថា បពិត្រព្រះករុណាជាព្រះអម្ចាស់នៃទូលបង្គំអើយ បាវទូលបង្គំបានបញ្ឆោតទូលបង្គំ ដ្បិតទូលបង្គំ ជាបាវបំរើនៃទ្រង់ បានសំរេចថា នឹងចងកែបលាជិះទៅជាមួយនឹងព្រះករុណាដែរ ពីព្រោះទូលបង្គំជាមនុស្សខ្វិនជើង
27 តែវាបានទូលបង្កាច់ទូលបង្គំ ជាបាវបំរើ នៅចំពោះទ្រង់វិញ ឯព្រះករុណា ជាព្រះអម្ចាស់នៃទូលបង្គំ ទ្រង់ដូចជាទេវតានៃព្រះហើយ ដូច្នេះ សូមទ្រង់សំរេចតាមតែព្រះហឫទ័យចុះ