២ សាំយូអែល 19:32-38 KHOV

32 លោក​ជា​មនុស្ស​មាន​វ័យ​កន្លង​ហើយ មាន​អាយុ​៨០​ឆ្នាំ​គត់ លោក​បាន​ផ្គត់‌ផ្គង់​ស្បៀង​អាហារ​ថ្វាយ​ស្តេច ក្នុង​កាល​ដែល​ទ្រង់​គង់​នៅ​ស្រុក​ម៉ាហា‌ណែម ដ្បិត​លោក​ជា​អ្នក​មាន​ស្តុក

33 ស្តេច​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​លោក​ថា សូម​អញ្ជើញ​ទៅ​ជា​មួយ​នឹង​ខ្ញុំ នោះ​ខ្ញុំ​នឹង​បី‌បាច់‌រក្សា​លោក នៅ​ឯ​ក្រុង​យេរូ‌សាឡិម

34 តែ​បារស៊ី‌ឡាយ​ទូល​ឆ្លើយ​ថា តើ​ទូល‌បង្គំ​នឹង​នៅ​រស់​បាន​ប៉ុន្មាន​ទៅ​ទៀត ដែល​នឹង​គួរ​តាម​ព្រះ‌ករុណា ឡើង​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម​នោះ

35 ថ្ងៃ​នេះ ទូល‌បង្គំ​មាន​អាយុ​៨០​ឆ្នាំ​ហើយ តើ​នឹង​អាច​សង្កេត​របស់​ល្អ​ពី​របស់​អាក្រក់​បាន​ឬ​អី តើ​ទូល‌បង្គំ ជា​បាវ​បំរើ​នៃ​ទ្រង់ អាច​នឹង​ភ្លក់​រស​នៃ​របស់​ដែល​ទទួល​ទាន ឬ​អាច​ស្តាប់​សំឡេង របស់​ពួក​ចំរៀង​ប្រុស​ស្រី​ទៀត​បាន​ឬ​ទេ ដូច្នេះ តើ​គួរ​អ្វី ឲ្យ​ទូល‌បង្គំ​បាន​នៅ​ផ្ទុក​លើ​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់​នៃ​ទូល‌បង្គំ​ទៀត

36 ទូល‌បង្គំ​ជា​បាវ​បំរើ​ទ្រង់ ចង់​គ្រាន់​តែ​ឆ្លង​ជូន​ព្រះ‌ករុណា ទៅ​ត្រឹម​ត្រើយ​ទន្លេ​យ័រដាន់​ម្ខាង​ប៉ុណ្ណោះ​ទេ ហេតុ​អ្វី​បាន​ជា​ចង់​សង​ទូល‌បង្គំ ដោយ​រង្វាន់​ជា​ធំ​ម៉្លេះ​ធ្វើ​អី

37 សូម​អនុញ្ញាត​ឲ្យ​ទូល‌បង្គំ ជា​បាវ​បំរើ​ទ្រង់​ត្រឡប់​ទៅ​វិញ​ចុះ ដើម្បី​ឲ្យ​បាន​ស្លាប់​នៅ​ឯ​ស្រុក​របស់​ទូល‌បង្គំ​ជិត​ផ្នូរ​នៃ​មាតា​បិតា​វិញ តែ​មើល នេះ​គីមហាំ ជា​អ្នក​បំរើ​ទ្រង់ សូម​ឲ្យ​វា​ឆ្លង​ទៅ​ជា​មួយ​នឹង​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់​នៃ​ទូល‌បង្គំ​ចុះ ហើយ​សូម​ប្រោស​ដល់​វា តាម​ព្រះ‌ទ័យ​ផង

38 ស្តេច​ទ្រង់​មាន​ព្រះ‌បន្ទូល​តប​ថា គីមហាំ​នឹង​ឆ្លង​ទៅ​ជា​មួយ​នឹង​ខ្ញុំ​ពិត ខ្ញុំ​នឹង​ធ្វើ​គុណ​ដល់​គាត់ តាម​បំណង​ចិត្ត​លោក ហើយ​បើ​លោក​ត្រូវ​ការ​អ្វីៗ នោះ​ខ្ញុំ​នឹង​ជួយ​ទាំង​អស់​ដែរ