38 ស្តេចទ្រង់មានព្រះបន្ទូលតបថា គីមហាំនឹងឆ្លងទៅជាមួយនឹងខ្ញុំពិត ខ្ញុំនឹងធ្វើគុណដល់គាត់ តាមបំណងចិត្តលោក ហើយបើលោកត្រូវការអ្វីៗ នោះខ្ញុំនឹងជួយទាំងអស់ដែរ
39 ដូច្នេះ បណ្តាជនទាំងឡាយបានឆ្លងទន្លេយ័រដាន់ផុតទៅ រួចស្តេចទ្រង់ក៏ឆ្លងទៅដែរ ទ្រង់ថើបបារស៊ីឡាយ ហើយប្រទានពរដល់លោក រួចលោកក៏ត្រឡប់ទៅឯទីលំនៅវិញ។
40 រីឯស្តេចទ្រង់យាងទៅដល់ក្រុងគីលកាល ហើយគីមហាំក៏តាមទៅដែរ ចំណែកបណ្តាពួកយូដា និងពួកអ៊ីស្រាអែល១ចំហៀង គេក៏ដង្ហែស្តេចទៅ។
41 នោះពួកអ៊ីស្រាអែលទាំងអស់ គេមកគាល់ស្តេច ទូលថា ហេតុអ្វីបានជាពួកយូដា ជាបងប្អូនយើងខ្ញុំ បានទាក់ព្រះទ័យព្រះករុណា ដោយចម្លងទ្រង់ ព្រមទាំងព្រះរាជវង្សាទាំងប៉ុន្មាន និងបណ្តាពួកទ័ពទ្រង់ ឆ្លងទន្លេយ័រដាន់មកដូច្នេះ
42 ពួកយូដាទាំងប៉ុន្មាន គេឆ្លើយទៅពួកអ៊ីស្រាអែលថា គឺពីព្រោះស្តេចជាញាតិវង្សជិតដិតនឹងយើងទេតើ ដូច្នេះ ហេតុអ្វីបានជាអាក់អន់ចិត្តដោយព្រោះការនេះ តើយើងបានបរិភោគអ្វីដែលត្រូវឲ្យស្តេចបង់ខាត ឬទ្រង់បានប្រទានរង្វាន់អ្វីមកយើងខ្លះ
43 តែពួកអ៊ីស្រាអែលគេឆ្លើយតបទៅពួកយូដាវិញថា យើងមានចំណែក១០ភាគខាងស្តេចដែរ ហើយខាងឯដាវីឌនេះ យើងមានច្បាប់លើសជាងអ្នករាល់គ្នាទៅទៀត ដូច្នេះ ហេតុអ្វីបានជាអ្នករាល់គ្នាមើលងាយយើង ដោយមិនបានពិគ្រោះនឹងយើងជាមុន ពីដំណើរនាំស្តេចមក ប៉ុន្តែ ពាក្យសំដីរបស់ពួកយូដា បានម៉ឺងម៉ាត់ជាងពាក្យរបស់ពួកអ៊ីស្រាអែលវិញ។