1 ក្រោយនោះមក ដាវីឌក៏ទូលសួរដល់ព្រះយេហូវ៉ាថា តើត្រូវឲ្យទូលបង្គំឡើងទៅក្នុងទីក្រុង របស់ស្រុកយូដាណាមួយឬអី ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលឆ្លើយថា ចូរឡើងទៅចុះ រួចដាវីឌទូលសួរថា តើឲ្យទូលបង្គំឡើងទៅឯណា ទ្រង់មានព្រះបន្ទូលថា ចូរទៅឯហេប្រុនចុះ
2 ដូច្នេះដាវីឌក៏ឡើងទៅដល់ទីនោះ នាំប្រពន្ធខ្លួនទាំង២ ទៅជាមួយផងគឺអ័ហ៊ីណោម ជាអ្នកស្រុកយេសរាល និងអ័ប៊ីកែល ជាអ្នកស្រុកកើមែល ដែលជាប្រពន្ធរបស់ខ្មោចណាបាល
3 ឯពួកអ្នកដែលនៅជាមួយ នោះលោកក៏នាំគេ ព្រមទាំងពួកគ្រួគេរៀងខ្លួនឡើងទៅដែរ គេក៏តាំងទីលំនៅៗក្នុងអស់ទាំងតំបន់នៃក្រុងហេប្រុន រួចពួកយូដា គេមកចាក់ប្រេងតាំងដាវីឌឡើងធ្វើជាស្តេច លើជនជាតិរបស់ខ្លួននៅទីនោះ។
4 មានគេទូលដល់ដាវីឌថា ពួកដែលបញ្ចុះអដ្ឋិរបស់សូល នោះគឺជាពួកអ្នកនៅក្រុងយ៉ាបេស-កាឡាត
5 នោះដាវីឌទ្រង់ចាត់សារ ឲ្យទៅឯពួកក្រុងយ៉ាបេស-កាឡាត ប្រាប់ថា សូមឲ្យព្រះយេហូវ៉ាទ្រង់ប្រទានពរដល់អ្នករាល់គ្នាចុះ ពីព្រោះអ្នករាល់គ្នាបានសំដែងសេចក្តីសប្បុរសដល់សូល ជាចៅហ្វាយនៃអ្នក ដោយបញ្ចុះអដ្ឋិទ្រង់
6 ឥឡូវនេះ សូមឲ្យព្រះយេហូវ៉ាទ្រង់សំដែងសេចក្តីសប្បុរស ហើយនឹងសេចក្តីទៀងត្រង់ដល់អ្នករាល់គ្នាចុះ ឯខ្ញុំក៏នឹងសងដល់អ្នករាល់គ្នា ដោយនូវការសប្បុរសនោះដែរ
7 ដូច្នេះ សូមឲ្យអ្នករាល់គ្នាមានកំឡាំងដៃឡើង ហើយមានចិត្តក្លាហានចុះ ដ្បិតសូល ជាចៅហ្វាយនៃអ្នករាល់គ្នា ទ្រង់អស់ព្រះជន្មហើយ មួយទៀត ពួកជនជាតិយូដា បានចាក់ប្រេងតាំងខ្ញុំឲ្យធ្វើជាស្តេចលើគេវិញ។