២ សាំយូអែល 2:6-12 KHOV

6 ឥឡូវ​នេះ សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ទ្រង់​សំដែង​សេចក្តី​សប្បុរស ហើយ​នឹង​សេចក្តី​ទៀង​ត្រង់​ដល់​អ្នក​រាល់​គ្នា​ចុះ ឯ​ខ្ញុំ​ក៏​នឹង​សង​ដល់​អ្នក​រាល់​គ្នា ដោយ​នូវ​ការ​សប្បុរស​នោះ​ដែរ

7 ដូច្នេះ សូម​ឲ្យ​អ្នក​រាល់​គ្នា​មាន​កំឡាំង​ដៃ​ឡើង ហើយ​មាន​ចិត្ត​ក្លាហាន​ចុះ ដ្បិត​សូល ជា​ចៅ‌ហ្វាយ​នៃ​អ្នក​រាល់​គ្នា ទ្រង់​អស់​ព្រះ‌ជន្ម​ហើយ មួយ​ទៀត ពួក​ជន‌ជាតិ​យូដា បាន​ចាក់​ប្រេង​តាំង​ខ្ញុំ​ឲ្យ​ធ្វើ​ជា​ស្តេច​លើ​គេ​វិញ។

8 រីឯ​អ័ប៊ី‌នើរ កូន​នើរ ជា​មេ‌ទ័ព​របស់​សូល លោក​បាន​នាំ​យក​អ៊ីស-បូសែត​ជា​បុត្រា​សូល ទៅ​ឯ​ក្រុង​ម៉ាហា‌ណែម

9 ហើយ​បាន​តាំង​ឡើង​ជា​ស្តេច​លើ​ពួក​កាឡាត ពួក​អេស៊ើរ ពួក​យេស‌រាល ពួក​អេប្រា‌អិម និង​ពួក​បេន‌យ៉ា‌មីន ហើយ​នឹង​លើ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់

10 ឯ​អ៊ីស-បូសែត ជា​បុត្រា​សូល​នេះ ទ្រង់​មាន​ព្រះ‌ជន្ម​៤០​ឆ្នាំ​ហើយ ក្នុង​កាល​ដែល​ចាប់​សោយ‌រាជ្យ​លើ​ពួក​អ៊ីស្រា‌អែល ទ្រង់​ក៏​សោយ‌រាជ្យ​បាន​២​ឆ្នាំ តែ​ពួក​ជន‌ជាតិ​យូដា គេ​ប្រតិ‌បត្តិ​តាម​ដាវីឌ​វិញ

11 ហើយ​គ្រា​ដែល​ដាវីឌ​សោយ‌រាជ្យ​លើ​ជន‌ជាតិ​យូដា នៅ​ក្រុង​ហេប្រុន នោះ​ទាំង​អស់​បាន​៧​ឆ្នាំ​៦​ខែ។

12 ឯ​អ័ប៊ី‌នើរ ជា​កូន​នើរ និង​ពួក​ខាង​អ៊ីស-បូសែត​ជា​បុត្រា​សូល គេ​ក៏​ចេញ​ពី​ម៉ាហា‌ណែម ទៅ​ឯ​គីបៀន