4 រួចមក ស្តេចទ្រង់មានព្រះបន្ទូលបង្គាប់ទៅអ័ម៉ាសាថា ចូរកេណ្ឌពួកយូដា ឲ្យមកឯយើងក្នុង៣ថ្ងៃ ហើយត្រូវឲ្យអ្នកនៅទីនេះដែរ
5 ដូច្នេះ អ័ម៉ាសាក៏ចេញទៅកេណ្ឌពួកយូដា តែលោកបង្អង់នៅហួសវេលាកំណត់ដែលស្តេចបានបង្គាប់
6 នោះដាវីឌមានព្រះបន្ទូលទៅអ័ប៊ីសាយថា ឥឡូវនេះ សេបា ជាកូនប៊ីគ្រីនឹងប្រទូសរ៉ាយដល់យើងលើសជាងអាប់សាឡំមទៅទៀត ដូច្នេះ ចូរអ្នកនាំយកពួកពលរបស់ចៅហ្វាយនៃអ្នក ទៅដេញតាមវា ក្រែងវាបានទីក្រុងមានកំផែងណាមួយ ហើយបាត់ពីយើងទៅ
7 ដូច្នេះ កងទ័ពរបស់យ៉ូអាប់ ព្រមទាំងពួកកេរេធីម និងពួកពេលេធីម ហើយពួកខ្លាំងពូកែទាំងអស់ ក៏ចេញទៅជាមួយនឹងលោក គេចេញពីក្រុងយេរូសាឡិម ទៅដេញតាមសេបាជាកូនប៊ីគ្រី
8 កាលបានទៅដល់ថ្មធំនៅស្រុកគីបៀនហើយ នោះអ័ម៉ាសាក៏មកប្រទះនឹងគេ ឯយ៉ូអាប់លោកបានពាក់អាវក្រោះ ហើយនៅចង្កេះមានកាំបិតនែបនៅខ្សែក្រវាត់ កំពុងដែលលោកដើរទៅមុខ នោះកាំបិតក៏របូតចេញ
9 រួចលោកសួរទៅអ័ម៉ាសាថា បងអើយ សុខសប្បាយជាទេឬ យ៉ូអាប់ក៏លូកដៃស្តាំទៅចាប់ពុកចង្កាអ័ម៉ាសា ដើម្បីនឹងថើប
10 ឯអ័ម៉ាសាមិនបានជារវាំងនឹងកាំបិត ដែលនៅដៃយ៉ូអាប់ទេ ដូច្នេះ យ៉ូអាប់ក៏ចាក់វះពោះលោកឲ្យធ្លាយពោះវៀន ចេញទ្រេលដល់ដី ឥតមានចាក់ម្តងទៀតទេ ហើយលោកក៏ស្លាប់ទៅ រួចយ៉ូអាប់ និងអ័ប៊ីសាយ ជាប្អូនក៏ដេញតាមសេបា ជាកូនប៊ីគ្រីទៅ