17 តែអ័ប៊ីសាយ ជាកូនសេរូយ៉ា បានមកការពារជំនួសទ្រង់ ក៏កាប់សំឡាប់សាសន៍ភីលីស្ទីននោះទៅ ដូច្នេះ ពួកទ័ពរបស់ដាវីឌបានស្បថនឹងទ្រង់ថា ទ្រង់មិនត្រូវចេញទៅជាមួយនឹងយើងខ្ញុំរាល់គ្នា ក្នុងទីចំបាំងទៀតឡើយ ក្រែងរលត់ពន្លឺនៃសាសន៍អ៊ីស្រាអែលទៅ។
18 ក្រោយនោះមក កើតមានចំបាំងនឹងពួកភីលីស្ទីនម្តងទៀត នៅត្រង់កូប នៅវេលានោះស៊ីបាកាយ ជាពូជហ៊ូសាយ គាត់បានសំឡាប់សាភ ជាកូននៃអ្នកមានមាឌធំនោះទៅ
19 ក៏មានចំបាំងនឹងពួកភីលីស្ទីន នៅត្រង់កូបម្តងទៀត ហើយអែលហាណាន ជាកូនយ្អារេ-អូរគីមពីបេថ្លេហិម គាត់បានសំឡាប់កូលីយ៉ាត ក្នុងពួកកាថទៅ ឯដងលំពែងរបស់អ្នកនោះមានទំហំប៉ុនផ្សំដំបាញ
20 នៅត្រង់ក្រុងកាថក៏មានចំបាំងទៀតដែរ នៅទីនោះ មានមនុស្សម្នាក់មានមាឌធំសំបើម មានម្រាមដៃ៦ទាំងសងខាង ឯជើងទាំងសងខាង ក៏មានម្រាម៦ដែរ រួមទាំងអស់ជា២៤ អ្នកនោះក៏កើតពីពូជអ្នកដែលមានមាឌធំនោះ
21 កាលវាប្រកួតនឹងសាសន៍អ៊ីស្រាអែល នោះយ៉ូណាថាន ជាកូនសាំម៉ា ជេដ្ឋានៃដាវីឌបានសំឡាប់វាទៅ
22 អ្នកទាំង៤នេះជាពូជនៃអ្នកមានមាឌធំសំបើម ដែលនៅក្រុងកាថ ហើយក៏ស្លាប់ទៅ ដោយដៃដាវីឌ និងពួកទ័ពទ្រង់។