15 ដូច្នេះ ដាវីឌ និងជំនួរវង្សនៃសាសន៍អ៊ីស្រាអែលទាំងអស់ បាននាំហឹបនៃព្រះយេហូវ៉ាឡើងមកដោយសំឡេងហ៊ោឡើង និងសូរផ្លុំត្រែផង។
16 ក្នុងវេលាដែលហឹបនៃព្រះយេហូវ៉ា កំពុងតែចូលមកក្នុងក្រុងដាវីឌ នោះមីកាលជាបុត្រីសូល ក៏ទតតាមបង្អួចទៅឃើញស្តេចដាវីឌ កំពុងតែហក់លោតកញ្ឆេងនៅចំពោះព្រះយេហូវ៉ា នាងក៏មានព្រះទ័យប្រមាថមើលងាយដល់ទ្រង់
17 គេនាំយកហឹបនៃព្រះយេហូវ៉ាចូលមកដាក់នៅកន្លែងរៀបចំ ត្រង់កណ្តាលត្រសាល ដែលដាវីឌបានដំឡើងសំរាប់ហឹបនោះ រួចទ្រង់ថ្វាយដង្វាយដុត និងដង្វាយមេត្រី នៅចំពោះព្រះយេហូវ៉ា
18 លុះបានថ្វាយដង្វាយដុត និងដង្វាយមេត្រីរួចហើយ នោះទ្រង់ក៏ប្រទានពរដល់ប្រជាជន ដោយនូវព្រះនាមព្រះយេហូវ៉ា នៃពួកពលបរិវារ
19 រួចទ្រង់ចែកនំបុ័ង១ដុំ សាច់១ដុំ និងផ្លែទំពាំងបាយជូរ១ផែន ដល់ប្រជាជនទាំងឡាយ គឺដល់ពួកសាសន៍អ៊ីស្រាអែលទាំងអស់គ្នា ទាំងប្រុសទាំងស្រីផង ដូច្នេះ ប្រជាជនក៏ត្រឡប់ទៅឯលំនៅរបស់គេរៀងខ្លួនវិញ។
20 រួចហើយ ដាវីឌទ្រង់យាងត្រឡប់ទៅឯដំណាក់ ដើម្បីឲ្យពរដល់ពួកដំណាក់ទ្រង់ នោះមីកាលជាបុត្រីសូលនាងចេញមកទទួលទ្រង់ ទូលថា នៅថ្ងៃនេះ ស្តេចនៃសាសន៍អ៊ីស្រាអែល មានសេចក្តីរុងរឿងឧត្តមអីម៉្លេះទេ ដោយបានបើកឲ្យអង្គទ្រង់អាក្រាតនៅមុខពួកស្រីបំរើរបស់ពួកមហាតលិកទ្រង់នៅថ្ងៃនេះ បែបដូចជាមនុស្សចោលម្សៀតណាមួយដែលបើកឲ្យខ្លួនអាក្រាតដូច្នេះ
21 តែដាវីឌមានព្រះបន្ទូលតបថា នោះគឺនៅចំពោះព្រះយេហូវ៉ាទេ ជាព្រះដែលបានរើសអញជាជាងបិតាឯង និងវង្សានុវង្សរបស់ឯងទាំងអស់គ្នាដែរ ដើម្បីនាំតាំងអញឡើងជាស្តេចលើសាសន៍អ៊ីស្រាអែល ជារាស្ត្ររបស់ព្រះយេហូវ៉ា ហេតុដូច្នេះបានជាអញនឹងលេងសប្បាយ នៅចំពោះព្រះយេហូវ៉ា