2 រួចដាវីឌ ព្រមទាំងបណ្តាជនទាំងប៉ុន្មាន ក៏នាំគ្នាឡើងចេញពីប្អាលេ-យូដា ដើម្បីនឹងនាំយកហឹបនៃព្រះឡើងមក ជាហឹបដែលគេឲ្យឈ្មោះ តាមព្រះនាមរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ ដែលទ្រង់គង់នៅកណ្តាលចេរូប៊ីន
3 គេផ្ទុកហឹបនៃព្រះលើរទេះថ្មី ដឹកចេញពីផ្ទះអ័ប៊ីន៉ាដាប់ ដែលនៅលើភ្នំទៅ មានឈ្មោះអ៊ុសា ហើយនឹងអ័ហ៊ីយ៉ូរជាកូន អ័ប៊ីន៉ាដាប់ ជាអ្នកបររទេះថ្មីនោះ
4 គេនាំយករទេះដែលផ្ទុកហឹបនៃព្រះ ចេញពីផ្ទះអ័ប៊ីន៉ាដាប់ ដែលនៅលើភ្នំនោះទៅ មានអ័ហ៊ីយ៉ូរដើរខាងមុខហឹបផង
5 ឯដាវីឌ និងពួកផ្ទះអ៊ីស្រាអែលទាំងអស់ គេលេងប្រដាប់ភ្លេងគ្រប់មុខ ដែលធ្វើពីឈើកកោះ គឺស៊ុង ពិណ ក្រាប់ រុម្មនា ហើយនឹងឈឹង នៅចំពោះព្រះយេហូវ៉ា។
6 លុះគេបានទៅដល់លានស្រូវរបស់ណាកុន ហើយនោះអ៊ុសាគាត់លូកដៃទៅចាប់ទប់ហឹបនៃព្រះ ពីព្រោះគោកញ្ជ្រោលឡើង
7 ដូច្នេះ ព្រះយេហូវ៉ាទ្រង់ខ្ញាល់នឹងអ៊ុសា ក៏ប្រហារគាត់នៅទីនោះ ដោយព្រោះកំហុសរបស់គាត់ ហើយគាត់ស្លាប់នៅទីនោះ ជិតហឹបនៃព្រះទៅ
8 ឯដាវីឌទ្រង់មានព្រះទ័យទោមនស្ស ដោយព្រោះព្រះយេហូវ៉ាបានប្រហារជីវិតអ៊ុសាបង់ រួចទ្រង់ហៅកន្លែងនោះឈ្មោះថា ពេរេស-អ៊ុសា ដរាបដល់សព្វថ្ងៃនេះ