២ សាំយូអែល 6:9-15 KHOV

9 នៅ​ថ្ងៃ​នោះ ដាវីឌ​ក៏​មាន​សេចក្តី​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា ហើយ​មាន​ព្រះ‌បន្ទូល​ថា ធ្វើ​ដូច​ម្តេច​ឲ្យ​ហឹប​នៃ​ព្រះ‌យេហូវ៉ា​ចូល​មក​ឯ​អញ​បាន

10 យ៉ាង​នោះ ដាវីឌ​បែរ​ជា​មិន​បាន​នាំ​យក​ហឹប​នៃ​ព្រះ‌យេហូវ៉ា ចូល​ទៅ​ឯ​ទ្រង់ ក្នុង​ក្រុង​របស់​ទ្រង់​ទេ គឺ​ទ្រង់​នាំ​យក​ទៅ​ដាក់​ទុក​នៅ​ក្នុង​ផ្ទះ​របស់​អូបិឌ-អេដំម ជា​អ្នក​មក​ពី​ក្រុង​កាថ​វិញ

11 ដូច្នេះ ហឹប​នៃ​ព្រះ‌យេហូវ៉ា​ក៏​នៅ​ក្នុង​ផ្ទះ​របស់​អូបិឌ-អេដំម ពី​ក្រុង​កាថា​នោះ​អស់​៣​ខែ ហើយ​ព្រះ‌យេហូវ៉ា​ក៏​ប្រទាន​ពរ​ដល់​អូបិឌ-អេដំម ព្រម​ទាំង​ពួក​គ្រួ​គាត់​ទាំង​អស់​គ្នា។

12 មាន​គេ​ក្រាប​ទូល​ដល់​ស្តេច​ដាវីឌ​ថា ព្រះ‌យេហូវ៉ា​បាន​ប្រទាន​ពរ​ដល់​ពួក​គ្រួ​អូបិឌ-អេដំម និង​របស់​គាត់​ទាំង​អស់ ដោយ​ព្រោះ​ហឹប​នៃ​ព្រះ ដូច្នេះ ដាវីឌ​ទ្រង់​ក៏​យាង​ទៅ​នាំ​យក​ហឹប​នៃ​ព្រះ ពី​ផ្ទះ​អូបិឌ-អេដំម ចូល​មក​ក្នុង​ក្រុង​របស់​ទ្រង់​វិញ​ដោយ​អំណរ

13 កាល​ពួក​អ្នក​ដែល​សែង​ហឹប​នៃ​ព្រះ‌យេហូវ៉ា​ដើរ​ទៅ​បាន​៦​ជំហាន នោះ​ទ្រង់​ថ្វាយ​គោ​ឈ្មោល​១ និង​កូន​គោ​១​យ៉ាង​ធាត់

14 ដាវីឌ​ក៏​លោត‌កញ្ឆេង​អស់​ពី​កំឡាំង​ទ្រង់ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ទ្រង់​ពាក់​អេផូឌ​ធ្វើ​ពី​សំពត់​ខ្លូត‌ទេស

15 ដូច្នេះ ដាវីឌ និង​ជំនួរ​វង្ស​នៃ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់ បាន​នាំ​ហឹប​នៃ​ព្រះ‌យេហូវ៉ា​ឡើង​មក​ដោយ​សំឡេង​ហ៊ោ​ឡើង និង​សូរ​ផ្លុំ​ត្រែ​ផង។