2 នោះទ្រង់មានព្រះបន្ទូលទៅហោរាណាថាន់ថា មើលចុះ យើងនៅក្នុងដំណាក់ធ្វើពីឈើតាត្រៅ តែហឹបនៃព្រះមានតែសំពត់បាំងប៉ុណ្ណោះទេ
3 ណាថាន់ទូលឆ្លើយថា សូមព្រះករុណាទ្រង់ធ្វើតាមគ្រប់ទាំងសេចក្តីប្រាថ្នា ដែលនៅក្នុងព្រះទ័យចុះ ដ្បិតព្រះយេហូវ៉ាគង់ជាមួយនឹងទ្រង់ហើយ
4 តែនៅវេលាយប់នោះឯង ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលមកណាថាន់ថា
5 ចូរទៅប្រាប់ដាវីឌ ជាអ្នកបំរើអញថា ព្រះយេហូវ៉ាទ្រង់សួរដូច្នេះ តើឯងនឹងស្អាងវិហារឲ្យអញនៅឬ
6 អញមិនដែលនៅក្នុងវិហារណាទេ ចាប់តាំងពីថ្ងៃដែលអញបាននាំពួកកូនចៅអ៊ីស្រាអែល ចេញពីស្រុកអេស៊ីព្ទមក ដរាបដល់សព្វថ្ងៃនេះ គឺអញបាននៅតែក្នុងត្រសាល ហើយក្នុងរោងឧបោសថវិញ
7 នៅគ្រប់ទីកន្លែង ដែលអញបានដើរជាមួយនឹងពួកកូនចៅអ៊ីស្រាអែលទាំងប៉ុន្មាន នោះតើអញដែលនិយាយ១ម៉ាត់ ទៅពូជអំបូរសាសន៍អ៊ីស្រាអែលណាមួយ ដែលអញបានបង្គាប់ឲ្យឃ្វាលសាសន៍អ៊ីស្រាអែលជារាស្ត្រអញថា ហេតុអ្វីបានជាឯងរាល់គ្នាមិនបានស្អាងវិហារ ពីឈើតាត្រៅឲ្យអញឬទេ
8 ដូច្នេះ ចូរឯងប្រាប់ដាវីឌអ្នកបំរើអញឥឡូវថា ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់មានព្រះបន្ទូលយ៉ាងនេះ អញបានយកឯង ពីក្រោលចៀម គឺពីការឃ្វាលហ្វូងសត្វមកដើម្បីឲ្យឯងបានធ្វើជាអ្នកនាំមុខសាសន៍អ៊ីស្រាអែល ជារាស្ត្រអញ