២ សាំយូអែល 7:24-29 KHOV

24 ទ្រង់​ក៏​បាន​តាំង​ពួក​អ៊ីស្រា‌អែល ជា​រាស្ត្រ​របស់​ទ្រង់ ឲ្យ​បាន​ធ្វើ​ជា​រាស្ត្រ​របស់​ផង​ទ្រង់ ជា​រៀង‌រាប​ដរាប​ទៅ ហើយ​ឯ​ទ្រង់ ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​បាន​ត្រឡប់​ជា​ព្រះ​ដល់​គេ​ដែរ

25 ឥឡូវ​នេះ ឱ​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​អើយ សូម​បញ្ជាប់​ព្រះ‌បន្ទូល ដែល​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​មក ពី​ដំណើរ​ទូល‌បង្គំ ជា​បាវ​បំរើ​ទ្រង់ ហើយ​ពី​ពូជ‌ពង្ស​របស់​ទូល‌បង្គំ ឲ្យ​បាន​ជាប់​ជានិច្ច​ត​ទៅ​មុខ សូម​ទ្រង់​ធ្វើ​សំរេច ដូច​ជា​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​មក​នោះ​ចុះ

26 សូម​ឲ្យ​ព្រះ‌នាម​ទ្រង់​បាន​ថ្កុំ‌ថ្កើង​ឡើង​ជានិច្ច ដោយ​គេ​ថា ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ហើយ​សូម​ឲ្យ​ពូជ‌ពង្ស​របស់​ដាវីឌ ជា​បាវ​បំរើ​ទ្រង់ បាន​ស្ថិត‌ស្ថេរ​នៅ​ចំពោះ​ទ្រង់

27 ពី​ព្រោះ ឱ​ព្រះ‌យេហូវ៉ា នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​អើយ ទ្រង់​បាន​សំដែង​ឲ្យ​ទូល‌បង្គំ ជា​បាវ​បំរើ​ទ្រង់​បាន​ដឹង​ហើយ ដោយ​ព្រះ‌បន្ទូល​ថា អញ​នឹង​តាំង​វង្សា​ឯង​ឡើង ហេតុ​ដូច្នេះ​បាន​ជា​ទូល‌បង្គំ ជា​បាវ​បំរើ​ទ្រង់ មាន​ចិត្ត​ក្លាហាន និង​ហ៊ាន​អធិស្ឋាន​ពាក្យ​ទាំង​នេះ ទូល​ដល់​ទ្រង់

28 ឥឡូវ​នេះ ឱ​ព្រះ‌អម្ចាស់​យេហូវ៉ា​អើយ ទ្រង់​ជា​ព្រះ​ពិត ហើយ​ព្រះ‌បន្ទូល​ទ្រង់​សុទ្ធ​តែ​ពិត​ត្រង់ ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​ពី​ព្រះ‌គុណ​នេះ​មក​ទូល‌បង្គំ ជា​បាវ​បំរើ​ទ្រង់

29 ដូច្នេះ សូម​ទ្រង់​សព្វ​ព្រះ‌ហឫ‌ទ័យ និង​ប្រទាន​ពរ ដល់​ពូជ‌ពង្ស​របស់​ទូល‌បង្គំ ជា​បាវ​បំរើ​ទ្រង់ ដើម្បី​ឲ្យ​បាន​ស្ថិត‌ស្ថេរ​នៅ​ចំពោះ​ទ្រង់​ជា​ដរាប ដ្បិត ឱ​ព្រះ‌អម្ចាស់​យេហូវ៉ា​អើយ ទ្រង់​បាន​សន្យា​ហើយ ដូច្នេះ ដោយ‌សារ​ព្រះ‌ពរ​ទ្រង់ នោះ​ពូជ‌ពង្ស​របស់​ទូល‌បង្គំ ជា​បាវ​បំរើ​ទ្រង់ នឹង​បាន​ពរ​នៅ​អស់‌កល្ប‌ជានិច្ច។