6 អញមិនដែលនៅក្នុងវិហារណាទេ ចាប់តាំងពីថ្ងៃដែលអញបាននាំពួកកូនចៅអ៊ីស្រាអែល ចេញពីស្រុកអេស៊ីព្ទមក ដរាបដល់សព្វថ្ងៃនេះ គឺអញបាននៅតែក្នុងត្រសាល ហើយក្នុងរោងឧបោសថវិញ
7 នៅគ្រប់ទីកន្លែង ដែលអញបានដើរជាមួយនឹងពួកកូនចៅអ៊ីស្រាអែលទាំងប៉ុន្មាន នោះតើអញដែលនិយាយ១ម៉ាត់ ទៅពូជអំបូរសាសន៍អ៊ីស្រាអែលណាមួយ ដែលអញបានបង្គាប់ឲ្យឃ្វាលសាសន៍អ៊ីស្រាអែលជារាស្ត្រអញថា ហេតុអ្វីបានជាឯងរាល់គ្នាមិនបានស្អាងវិហារ ពីឈើតាត្រៅឲ្យអញឬទេ
8 ដូច្នេះ ចូរឯងប្រាប់ដាវីឌអ្នកបំរើអញឥឡូវថា ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់មានព្រះបន្ទូលយ៉ាងនេះ អញបានយកឯង ពីក្រោលចៀម គឺពីការឃ្វាលហ្វូងសត្វមកដើម្បីឲ្យឯងបានធ្វើជាអ្នកនាំមុខសាសន៍អ៊ីស្រាអែល ជារាស្ត្រអញ
9 អញបាននៅជាមួយនឹងឯង គ្រប់ទីកន្លែងណាដែលឯងបានទៅ ក៏បានធ្វើឲ្យពួកខ្មាំងសត្រូវឯងទាំងប៉ុន្មាន វិនាសពីមុខឯងចេញ អញបានលើកឈ្មោះឯងឲ្យជាធំ ស្មើនឹងឈ្មោះនៃអស់អ្នកធំដែលនៅផែនដី
10 អញបានដំរូវទីកន្លែង១ ឲ្យពួកអ៊ីស្រាអែលជារាស្ត្រអញ ហើយបានដាំគេឲ្យបាននៅជាប់ក្នុងស្រុករបស់គេ ឥតរលើងទៅឯណាទៀតឡើយ ឯពួកមនុស្សអាក្រក់ និងមិនធ្វើទុក្ខគេ ដូចកាលពីដើមទៀត
11 ឬដូចនៅគ្រាដែលអញបានតាំងពួកចៅហ្វាយ ឲ្យគ្រប់គ្រងលើអ៊ីស្រាអែល ជារាស្ត្រអញនោះឡើយ អញបានប្រោសឲ្យឯងបានសំរាក រួចពីពួកខ្មាំងសត្រូវឯងទាំងអស់ហើយ (យ៉ាងនោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលឲ្យព្រះរាជាជ្រាបថា ទ្រង់ និងតាំងព្រះវង្សាព្រះករុណាឡើង)
12 កាលណាឯងបានរស់នៅគ្រប់កំណត់អាយុហើយ រួចបានដេកលក់ទៅជាមួយនឹងពួកអយ្យកោឯង នោះអញនឹងតាំងពូជពង្សដែលកើតពីឯងមក ឲ្យសោយរាជ្យឡើងជំនួសឯង ហើយអញនឹងតាំងរាជ្យវាឲ្យខ្ជាប់ខ្ជួនឡើង