កិច្ចការ 13:27-33 KHOV

27 ដ្បិត​ដោយ​ព្រោះ​ពួក​មនុស្ស​នៅ​ក្រុង​យេរូ‌សាឡិម ព្រម​ទាំង​ពួក​មេ​របស់​គេ​មិន​បាន​ស្គាល់​ទ្រង់​ទេ ក៏​មិន​បាន​យល់​សេចក្ដី​ទំនាយ​របស់​ពួក​ហោរា ដែល​គេ​មើល​រាល់​តែ​ថ្ងៃ​ឈប់​សំរាក​ដែរ បាន​ជា​គេ​ធ្វើ​សំរេច​តាម​សេចក្ដី​ទំនាយ​នោះ​ឯង ដោយ​គេ​បាន​កាត់​ទោស​ដល់​ទ្រង់

28 ហើយ​ទោះ​បើ​គេ​រក​ហេតុ​អ្វី​នឹង​សំឡាប់​ទ្រង់​មិន​បាន​ក៏​ដោយ គង់​តែ​គេ​សូម​អង្វរ​ដល់​លោក​ពីឡាត់ ឲ្យ​បាន​សំឡាប់​ទ្រង់​ដែរ

29 ក្រោយ​ដែល​គេ​ធ្វើ​សំរេច​គ្រប់​សេចក្ដី ដែល​ចែង​ទុក​ពី​ទ្រង់​រួច​ហើយ នោះ​គេ​ក៏​យក​ទ្រង់​ចុះ​ពី​ឈើ​ឆ្កាង​មក​បញ្ចុះ​ក្នុង​ផ្នូរ

30 តែ​ព្រះ​បាន​ប្រោស​ឲ្យ​ទ្រង់​មាន​ព្រះ‌ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ

31 ហើយ​ទ្រង់​លេច​មក ឲ្យ​ពួក​អ្នក​ដែល​បាន​ឡើង​ពី​ស្រុក​កាលី‌ឡេ មក​ឯ​ក្រុង​យេរូ‌សាឡិម​ជា​មួយ​នឹង​ទ្រង់​បាន​ឃើញ​ជា​យូរ​ថ្ងៃ អ្នក​ទាំង​នោះ​ជា​ស្មរ​បន្ទាល់​ពី​ទ្រង់​ដល់​ពួក​ជន​ទាំង‌ឡាយ។

32 យើង​ខ្ញុំ​ក៏​ប្រាប់​ដំណឹង​ល្អ​នេះ ដល់​អ្នក​រាល់​គ្នា គឺ​ជា​សេចក្ដី​សន្យា ដែល​បាន​តាំង​នឹង​ពួក​ឰយុកោ​យើង​ថា

33 ព្រះ​បាន​ធ្វើ​សំរេច​តាម​សេចក្ដី​សន្យា​ទ្រង់ ដល់​យើង​ជា​ពូជ​នៃ​ពួក​ឰយុកោ​នោះ​ហើយ ដោយ​ទ្រង់​បាន​ប្រោស​ឲ្យ​ព្រះ‌យេស៊ូវ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ដូច​មាន​សេចក្ដី​ចែង​ទុក​មក ក្នុង​ទំនុក​ដំកើង​បទ​ទី​២​ថា «ឯង​ជា​កូន​អញ អញ​បាន​បង្កើត​ឯង​នៅ​ថ្ងៃ​នេះ»