កិច្ចការ 26 KHOV

ប៉ុល​ឆ្លើយ​ការ‌ពារ​ខ្លួន​នៅ​មុខ​ព្រះ‌រាជា​អ័គ្រីប៉ា

1 ព្រះ‌រាជា​អ័គ្រីប៉ា​មាន​ព្រះ‌បន្ទូល​ទៅ​ប៉ុល​ថា ឯង​មាន​ច្បាប់​និយាយ​ដោយ​ខ្លួន​ឯង​បាន រួច​ប៉ុល​ក៏​លើក​ដៃ​ទៅ​មុខ​ដោះ​សា​ខ្លួន​ថា

2 បពិត្រ​ព្រះ‌ករុណា​អ័គ្រីប៉ា​អើយ នៅ​ថ្ងៃ​នេះ ទូល‌បង្គំ​មាន​ចិត្ត​អំណរ​ណាស់ ដោយ​មាន​ច្បាប់​នឹង​ដោះ​សា​ខ្លួន​នៅ​ចំពោះ​ទ្រង់ ពី​អស់​ទាំង​សេចក្ដី​ដែល​សាសន៍​យូដា​ចោទ​ប្រកាន់​ទូល‌បង្គំ

3 គឺ​ពី​ព្រោះ​ទ្រង់​ជ្រាប​គ្រប់​ទាំង​ទំលាប់ និង​សេចក្ដី​ជជែក​របស់​ពួក​សាសន៍​យូដា​ជា​ដើម ដូច្នេះ ទូល‌បង្គំ​សូម​អង្វរ ឲ្យ​ព្រះ‌ករុណា​ទ្រង់​ព្រះ‌សណ្តាប់​ទូល‌បង្គំ ដោយ​អំណត់​សិន

4 ដ្បិត​ពួក​សាសន៍​យូដា​ទាំង​អស់​បាន​ស្គាល់​ចរិត​ដែល​ទូល‌បង្គំ​ប្រព្រឹត្ត តាំង​ពី​ក្មេង​មក​ហើយ ថា​ពី​ដើម​ទូល‌បង្គំ​នៅ​កណ្តាល​សាសន៍​នៃ​ទូល‌បង្គំ​នៅ​ក្រុង​យេរូ‌សាឡិម

5 ហើយ​បើ​គេ​ព្រម​ធ្វើ​បន្ទាល់ នោះ​មុខ​ជា​គេ​បាន​ស្គាល់​ទូល‌បង្គំ​ពី​ដើម​មក​ជា​ពិត​ថា ទូល‌បង្គំ​បាន​ប្រព្រឹត្ត​តាម​បក្ស‌ពួក​តឹង​រ៉ឹង​ជាង​គេ ក្នុង​សាសន៍​នៃ​ទូល‌បង្គំ គឺ​ជា​ពួក​ផារិ‌ស៊ី

6 ហើយ​ឥឡូវ ទូល‌បង្គំ​ជាប់​ជំនុំ‌ជំរះ​នេះ នោះ​គឺ​ដោយ​ព្រោះ​តែ​មាន​ចិត្ត​សង្ឃឹម​ដល់​សេចក្ដី​សន្យា ដែល​ព្រះ​ទ្រង់​បាន​តាំង​នឹង​ពួក​ឰយុកោ​ទូល‌បង្គំ

7 ដែល​ពូជ​អំបូរ​ទាំង​១២​ខំ​ប្រឹង​ប្រតិ‌បត្តិ​តាម​ព្រះ​ទាំង​យប់​ទាំង​ថ្ងៃ ដោយ​សង្ឃឹម​នឹង​បាន​សេចក្ដី​សន្យា​នោះ​ដែរ បពិត្រ​ព្រះ‌រាជា​អ័គ្រីប៉ា​អើយ គឺ​ដោយ​ព្រោះ​សេចក្ដី​សង្ឃឹម​នោះ​ឯង បាន​ជា​ពួក​សាសន៍​យូដា គេ​ចោទ​ប្រកាន់​ដល់​ទូល‌បង្គំ

8 ហេតុ​អ្វី​បាន​ជា​អស់​លោក​ទាំង‌ឡាយ​រាប់​សេចក្ដី ដែល​ព្រះ​ទ្រង់​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ ថា​ជា​សេចក្ដី​មិន​គួរ​ជឿ

9 សូម្បី​ទូល‌បង្គំ​ក៏​បាន​គិត​ស្មាន​ថា គួរ​ឲ្យ​ទូល‌បង្គំ​ធ្វើ​ទាស់​ទទឹង​ជា​ច្រើន ដល់​ព្រះ‌នាម​ព្រះ‌យេស៊ូវ ពី​ស្រុក​ណា‌សារ៉ែត​ដែរ

10 គឺ​ទូល‌បង្គំ​បាន​ធ្វើ​ការ​ទាំង​នោះ​នៅ​ក្រុង​យេរូ‌សាឡិម បាន​ទាំង​ចាប់​ពួក​អ្នក​បរិសុទ្ធជា​ច្រើន​យក​ទៅ​ដាក់​គុក ដោយ​ទទួល​អំណាច​ពី​ពួក​សង្គ្រាជ​មក ហើយ​កាល​គេ​សំឡាប់​អ្នក​ទាំង​នោះ ទូល‌បង្គំ​ក៏​យល់​ព្រម​ដែរ

11 ទូល‌បង្គំ​បាន​ធ្វើ​ទោស​គេ​ជា​ញឹក‌ញយ នៅ​គ្រប់​ទាំង​សាលា​ប្រជុំ ទាំង​បង្ខំ​ឲ្យ​គេ​ពោល​ពាក្យ​ប្រមាថ​ដល់​ព្រះ​ផង ហើយ​ដោយ​ព្រោះ​ទូល‌បង្គំ​មាន​ចិត្ត​ក្តៅ​ក្រហាយ​ជ្រុល​ពេក ទាស់​នឹង​គេ​ដូច្នេះ បាន​ជា​ទូល‌បង្គំ​ធ្វើ​ទុក្ខ​បៀត​បៀន​ដល់​គេ រហូត​ដល់​ក្រុង​នៃ​សាសន៍​ដទៃ​ផង

12 នៅ​គ្រា​នោះ ទូល‌បង្គំ​បាន​ទទួល​អំណាច និង​សេចក្ដី​បង្គាប់​មក​ពី​ពួក​សង្គ្រាជ ហើយ​កំពុង​តែ​ដើរ​ដំណើរ​ទៅ​ឯ​ក្រុង​ដាម៉ាស

13 នោះ​បពិត្រ​ព្រះ‌ករុណា​អើយ នៅ​ពេល​ថ្ងៃ​ត្រង់​ហើយ ដែល​ទូល‌បង្គំ​កំពុង​ដើរ នោះ​ស្រាប់​តែ​មាន​ពន្លឺ​ពី​លើ​មេឃ ភ្លឺ​មក​ជុំ‌វិញ​ទូល‌បង្គំ និង​ពួក​អ្នក​ដើរ​ជា​មួយ ជា​ពន្លឺ​ភ្លឺ​ជាង​ថ្ងៃ

14 ទូល‌បង្គំ​ទាំង​អស់​គ្នា​ក៏​ដួល​ដល់​ដី រួច​ទូល‌បង្គំ​ឮ​សំឡេង​មាន​ព្រះ‌បន្ទូល​មក ជា​ភាសា​ហេព្រើរ​ថា សុល នែ​សុល ហេតុ​អ្វី​បាន​ជា​ធ្វើ​ទុក្ខ​ដល់​ខ្ញុំ ដែល​ធាក់​ជល់​នឹង​ជន្លួញ​ដូច្នេះ នោះ​ពិបាក​ដល់​អ្នក​ណាស់

15 ទូល‌បង្គំ​ក៏​ឆ្លើយ​ថា ឱ​ព្រះ‌អម្ចាស់​អើយ តើ​ព្រះ‌អង្គ​ណា​នុ៎ះ រួច​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ខ្ញុំ​នេះ​ជា​ព្រះ‌យេស៊ូវ ដែល​អ្នក​ធ្វើ​ទុក្ខ

16 ចូរ​ក្រោក​ឈរ​ឡើង ដ្បិត​ខ្ញុំ​បាន​លេច​មក​ឲ្យ​អ្នក​ឃើញ ដើម្បី​នឹង​តាំង​អ្នក ឲ្យ​ធ្វើ​ជា​អ្នក​បំរើ ហើយ​ជា​ទី​បន្ទាល់ ពី​អស់​ទាំង​ការ​ដែល​អ្នក​បាន​ឃើញ​ហើយ ព្រម​ទាំង​ការ​ដែល​ខ្ញុំ​នឹង​លេច​មក ឲ្យ​អ្នក​ឃើញ​ទៅ​មុខ​ទៀត

17 ខ្ញុំ​បាន​ញែក​អ្នក​ចេញ​ពី​បណ្តា‌ជន និង​ពី​ពួក​សាសន៍​ដទៃ ដើម្បី​នឹង​ចាត់​អ្នក​ឲ្យ​ទៅ​ឯ​គេ​វិញ

18 ប្រយោជន៍​នឹង​បំភ្លឺ​ភ្នែក​គេ ឲ្យ​បាន​បែរ​ចេញ​ពី​សេចក្ដី​ងងឹត មក​ឯ​ពន្លឺ ហើយ​ពី​អំណាច​អារក្ស‌សាតាំង មក​ឯ​ព្រះ​វិញ ដើម្បី​ឲ្យ​គេ​បាន​រួច​ពី​បាប ហើយ​បាន​ទទួល​មរដក ជា​មួយ​នឹង​ពួក​អ្នក​ដែល​បាន​ញែក​ជា​បរិសុទ្ធ ដោយ‌សារ​សេចក្ដី​ជំនឿ​ជឿ​ដល់​ខ្ញុំ

19 ដូច្នេះ បពិត្រ​ព្រះ‌រាជា​អ័គ្រីប៉ា​អើយ ទូល‌បង្គំ​មិន​បាន​ចចេស​នឹង​ការ​ជាក់​ស្តែង​ពី​ស្ថាន‌សួគ៌​នោះ​ទេ

20 គឺ​ទូល‌បង្គំ​បាន​ប្រាប់​ឲ្យ​មនុស្ស​ទាំង​អស់​ប្រែ​ចិត្ត ហើយ​ងាក​បែរ​មក ឯ​ព្រះ​វិញ ទាំង​ប្រព្រឹត្ត​បែប​សំណំ​នឹង​ការ​ប្រែ​ចិត្ត​ផង គឺ​ប្រាប់​ដល់​ពួក​អ្នក​ដែល​នៅ​ក្រុង​ដាម៉ាស​ជា​មុន​ដំបូង រួច​នៅ​ក្រុង​យេរូ‌សាឡិម និង​គ្រប់​ក្នុង​ខេត្ត​យូដា ហើយ​ដល់​អស់​ទាំង​សាសន៍​ដទៃ​ផង

21 ដោយ​ហេតុ​នោះ​បាន​ជា​ពួក​សាសន៍​យូដា ចាប់​ទូល‌បង្គំ​នៅ​ក្នុង​ព្រះ‌វិហារ ហើយ​ព្យាយាម​នឹង​សំឡាប់​ទូល‌បង្គំ​ចោល

22 តែ​ព្រះ​ទ្រង់​បាន​ជួយ​ទូល‌បង្គំ ដរាប​មក​ដល់​ថ្ងៃ​នេះ បាន​ជា​ទូល‌បង្គំ​ឈរ​ធ្វើ​បន្ទាល់​ដល់​អ្នក​តូច​ធំ ដោយ​គ្មាន​និយាយ​អ្វី ឲ្យ​លើស​ពី​សេចក្ដី​ដែល​ពួក​ហោរា និង​លោក​ម៉ូសេ​បាន​ទាយ​ថា​ត្រូវ​មក​នោះ​ឡើយ

23 គឺ​ថា ព្រះ‌គ្រីស្ទ​ត្រូវ​រង​ទុក្ខ ហើយ​ថា​ដោយ‌សារ​ទ្រង់​មាន​ព្រះ‌ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ​មុន​គេ​ទាំង​អស់ នោះ​ទ្រង់​បាន​ប្រកាស​ប្រាប់​ពី​ពន្លឺ ដល់​សាសន៍​នេះ ហើយ​ដល់​សាសន៍​ដទៃ​ផង។

24 កំពុង​ដែល​គាត់​និយាយ​សេចក្ដី​ទាំង​នោះ ដើម្បី​ដោះ​សារ​ខ្លួន នោះ​លោក​ភេស្ទុស​ឡើង​សំឡេង​កាត់​ថា ប៉ុល​អើយ ឯង​ឆ្កួត​ទេ ឯង​រៀន‌សូត្រ​ជា​ច្រើន​ដល់​ម៉្លេះ បាន​ជា​ឆ្កួត​ហើយ

25 តែ​គាត់​ប្រកែក​ថា ព្រះ‌តេជ‌ព្រះ‌គុណ​ភេស្ទុស​អើយ ខ្ញុំ​ប្របាទ​មិន​មែន​ឆ្កួត​ទេ ខ្ញុំ​ប្របាទ​និយាយ​ចំពោះ​ពាក្យ​ពិត ហើយ​ជា​នា​ទេ​តើ

26 ដ្បិត​ព្រះ‌ករុណា​ទ្រង់​បាន​ជ្រាប​ការ​ទាំង​នេះ​ហើយ ខ្ញុំ​ប្របាទ​ក៏​ទូល​ដល់​ទ្រង់​ដោយ​ក្លាហាន​ដែរ ព្រោះ​ខ្ញុំ​ប្របាទ​ជឿ​ប្រាកដ​ថា ក្នុង​ការ​ទាំង​នេះ​គ្មាន​អ្វី​លាក់​កំបាំង​នឹង​ទ្រង់​ទេ ដ្បិត​មិន​មែន​ធ្វើ​នៅ​កៀន​កោះ​ឯ​ណា​ឡើយ

27 បពិត្រ​ព្រះ‌រាជា​អ័គ្រីប៉ា​អើយ តើ​ទ្រង់​ជឿ​សេចក្ដី​ទំនាយ​របស់​ពួក​ហោរា​ឬ​ទេ ទូល‌បង្គំ​ដឹង​ថា​ទ្រង់​ជឿ​ហើយ

28 ស្តេច​អ័គ្រីប៉ា​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​ប៉ុល​ថា បន្តិច​ទៀត ឯង​នឹង​នាំ​ឲ្យ​យើង​ត្រឡប់​ទៅ​ជា​អ្នក​គ្រីស្ទាន​ដែរ

29 រួច​ប៉ុល​ទូល​ថា ទូល‌បង្គំ​សូម​ដល់​ព្រះ មិន​មែន​ឲ្យ​ត្រឹម​តែ​ព្រះ‌ករុណា​ប៉ុណ្ណោះ គឺ​ឲ្យ​អស់​អ្នក​ដែល​ស្តាប់​ទូល‌បង្គំ​នៅ​ថ្ងៃ​នេះ​ថែម​ទៀត​ផង ទោះ​បើ​នៅ​បន្តិច​ទៀត ឬ​យូរ​ទៅ​ទៀត​ក្តី ឲ្យ​តែ​គ្រប់​គ្នា​បាន​ដូច​ទូល‌បង្គំ លើក​តែ​ចំណង​នេះ​ចេញ។

30 នោះ​ស្តេច ព្រម​ទាំង​ចៅ‌ហ្វាយ​ស្រុក និង​ព្រះ‌នាង​បេរេនីស ហើយ​នឹង​អស់​អ្នក​ដែល​អង្គុយ​ជា​មួយ ក៏​ក្រោក​ឡើង

31 កាល​បាន​ថយ​ចេញ​ផុត​ហើយ នោះ​ក៏​ពិភាក្សា​គ្នា​ថា មនុស្ស​នេះ​មិន​បាន​ធ្វើ​អ្វី​គួរ​នឹង​ស្លាប់ ឬ​នឹង​ជាប់​ចំណង​សោះ

32 ហើយ​ស្តេច​អ័គ្រីប៉ា​មាន​ព្រះ‌បន្ទូល​ទៅ​លោក​ភេស្ទុស​ថា មនុស្ស​នេះ បើ​មិន​បាន​សូម​រើ​ក្តី​ដល់​សេ‌សារ​ទេ នោះ​នឹង​លែង​បាន។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28