1 កាលគេបានរួចជីវិតហើយ នោះទើបស្គាល់កោះនោះ ថាជាកោះមេលីត
2 មនុស្សស្រុកនោះក៏ប្រព្រឹត្តនឹងយើង ដោយចិត្តសប្បុរសលើសជាងធម្មតា គេបង្កាត់ភ្លើងទទួលយើងទាំងអស់គ្នា ពីព្រោះធ្លាក់ភ្លៀង ហើយរងាផង
3 ឯប៉ុល ក៏ប្រមូលរំកាច់មែកឈើ១កង យកមកដាក់លើភ្លើង នោះមានពស់វែក១ត្រូវកំដៅភ្លើង បានចេញមកចឹកជាប់នៅដៃគាត់
4 លុះពួកអ្នកស្រុកនោះឃើញពស់សំយុងចុះពីដៃគាត់មកដូច្នោះ នោះក៏និយាយគ្នាថា ប្រាកដជាមនុស្សនេះបានសំឡាប់គេហើយ បានជាទោះបើរួចពីសមុទ្រក៏ដោយ គង់តែសេចក្ដីយុត្តិធម៌មិនព្រមឲ្យនៅរស់ដែរ
5 តែគាត់រលាស់ពស់នោះទៅក្នុងភ្លើងវិញ ឥតមានឈឺចាប់អ្វីឡើយ
6 គេរងចាំមើលគាត់ជាហើម ឬដួលស្លាប់ភ្លាមទៅ តែកាលគេបានចាំជាយូរ ហើយឥតឃើញមានឈឺអ្វីសោះ នោះគេប្រែគំនិតទៅជាថា គាត់ជាព្រះវិញ។
7 នៅព័ទ្ធជុំវិញទីនោះ មានដីរបស់អ្នកមេកោះ ឈ្មោះពូញ្លស ដែលទទួលយើងឲ្យស្នាក់នៅផ្ទះគាត់៣ថ្ងៃដោយសប្បុរស
8 គាប់ជួនជាឪពុកពូញ្លសដេកគ្រុន ហើយមួលផង ប៉ុលក៏ចូលទៅអធិស្ឋាន ដាក់ដៃលើគាត់ ឲ្យបានជា
9 ដូច្នេះ អស់អ្នកឯទៀត ដែលឈឺនៅកោះនោះ ក៏មក ហើយបានជាដែរ
10 គេក៏រាប់អានយើងជាខ្លាំង ហើយដល់វេលាដែលយើងចេញទៅ នោះគេបានឲ្យគ្រប់ទាំងរបស់ដែលយើងត្រូវការដែរ។
11 លុះ៣ខែក្រោយមក យើងចុះសំពៅ១ទៅ ជាសំពៅដែលមកពីក្រុងអ័លេក្សានទ្រា ឈ្មោះឌីអូស្គួរ ដែលនៅនឹងកោះនោះក្នុងរដូវរងា
12 កាលបានចូលចតនៅស៊ីរ៉ាគូស ក៏នៅក្រុងនោះ៣ថ្ងៃ
13 ពីទីនោះយើងបើកវាងទៅដល់រេគាម ហើយ១ថ្ងៃក្រោយមក កើតមានខ្យល់ពីខាងត្បូង ដល់ថ្ងៃទី២យើងទៅដល់ពូទីយ៉ូលី
14 នៅទីនោះ យើងរកឃើញពួកជំនុំខ្លះ គេក៏សូមឲ្យយើងនៅជាមួយអស់៧ថ្ងៃ គឺដូច្នោះឯង ដែលយើងបានទៅឯក្រុងរ៉ូម
15 រីឯពួកជំនុំនៅក្រុងរ៉ូម កាលបានឮនិយាយពីយើង នោះគេក៏ចេញមកជួបនឹងយើងត្រឹមផ្សារអាប់ភាស និងផ្ទះសំណាក់បី លុះប៉ុលឃើញគេ នោះក៏អរព្រះគុណដល់ព្រះ ហើយមានចិត្តសង្ឃឹមឡើង។
16 គ្រាដល់ក្រុងរ៉ូមហើយ នោះមេទ័ពក៏ប្រគល់ពួកអ្នកទោសទៅលោកមេបន្ទាយ ប៉ុន្តែ គេបើកឲ្យប៉ុលនៅដោយខ្លួន មានតែទាហាន១ដែលរក្សាប៉ុណ្ណោះ។
17 ក្រោយ៣ថ្ងៃមក ប៉ុលអញ្ជើញពួកមេសាសន៍យូដា ឲ្យមកប្រជុំគ្នា កាលគេមូលគ្នាហើយ នោះគាត់ពោលពាក្យទៅគេថា ឱអ្នករាល់គ្នា ជាបងប្អូនខ្ញុំអើយ ខ្ញុំគ្មានធ្វើខុសអ្វីនឹងសាសន៍យើង ឬនឹងទំលាប់ពួកឰយុកោទេ តែគេចាប់ខ្ញុំនៅក្រុងយេរូសាឡិម បញ្ជូនមកក្នុងកណ្តាប់ដៃនៃសាសន៍រ៉ូម
18 ដែលពិចារណាសួរខ្ញុំ រួចចង់លែងខ្ញុំ ពីព្រោះខ្ញុំគ្មានទោសអ្វីគួរនឹងស្លាប់ទេ
19 ប៉ុន្តែ ពួកសាសន៍យូដាប្រកែកមិនព្រម បានជាបង្ខំឲ្យខ្ញុំសូមរើក្តីដល់សេសារវិញ មិនមែនជាខ្ញុំមានការណ៍អ្វី នឹងចោទប្រកាន់ពីសាសន៍ខ្ញុំទេ
20 ហេតុនោះបានជាខ្ញុំអញ្ជើញអ្នករាល់គ្នាមក ដើម្បីឲ្យបានឃើញមុខ ហើយនឹងពិគ្រោះគ្នា ដ្បិតគឺដោយព្រោះសេចក្ដីសង្ឃឹមរបស់សាសន៍អ៊ីស្រាអែលហើយ បានជាខ្ញុំជាប់ច្រវាក់ដូច្នេះ
21 គេឆ្លើយឡើងថា យើងមិនបានទទួលសំបុត្រណាពីស្រុកយូដា ពីរឿងអ្នកសោះ ក៏គ្មានបងប្អូនណាមកប្រាប់យើង ឬនិយាយសេចក្ដីអ្វីអាក្រក់ពីអ្នកដែរ
22 តែយើងចូលចិត្តចង់ដឹងគំនិតរបស់អ្នក ដែលអ្នកគិតដូចម្តេច ព្រោះយើងដឹងថា នៅគ្រប់ទីកន្លែង គេតែងតែនិយាយអាក្រក់ពីពួកអ្នកកាន់សាសនានេះណាស់។
23 គេក៏ណាត់ថ្ងៃកំណត់ រួចមានគ្នាជាច្រើនមកឯគាត់ ក្នុងទីលំនៅរបស់គាត់ ហើយគាត់អធិប្បាយ ទាំងធ្វើបន្ទាល់សព្វគ្រប់ តាំងពីព្រឹកដល់ល្ងាច ពីនគរព្រះឲ្យគេស្តាប់ ក៏បញ្ចុះបញ្ចូលឲ្យគេជឿអស់ទាំងសេចក្ដី ដែលដំរូវពីព្រះយេស៊ូវ ក្នុងក្រឹត្យវិន័យលោកម៉ូសេ ហើយក្នុងគម្ពីរពួកហោរា
24 អ្នកខ្លះក៏ទទួលជឿសេចក្ដីដែលគាត់អធិប្បាយ តែអ្នកខ្លះមិនព្រមជឿទេ
25 នោះគេចេញទៅទាំងទាស់ទែងគ្នា ក្រោយដែលប៉ុលបាននិយាយ១ម៉ាត់នេះទៅគេថា ព្រះវិញ្ញាណបរិសុទ្ធមានព្រះបន្ទូលនឹងពួកព្ធយុកោយើង ដោយសារហោរាអេសាយត្រូវណាស់ថា
26 «ចូរទៅឯសាសន៍នេះប្រាប់គេថា ដែលឯងរាល់គ្នាឮ នោះនឹងឮមែន តែស្តាប់មិនបាន ហើយដែលឯងរាល់គ្នាឃើញ នោះឃើញមែន តែមិនយល់សោះ
27 ព្រោះចិត្តសាសន៍នេះបានត្រឡប់ជាស្ពឹក គេបានឮដោយត្រចៀកធ្ងន់ ហើយចិត្តបានធ្មេចភ្នែក ក្រែងមើលឃើញនឹងភ្នែក ស្តាប់ឮនឹងត្រចៀក ហើយបានយល់ រួចគេវិលមក ដើម្បីឲ្យអញបានប្រោសឲ្យគេជា»
28 ដូច្នេះ ចូរអ្នករាល់គ្នាដឹងថា ព្រះទ្រង់ផ្សាយសេចក្ដីសង្គ្រោះនេះ ទៅដល់សាសន៍ដទៃវិញ ហើយគេនឹងស្តាប់ជាពិត
29 លុះកាលគាត់បាននិយាយសេចក្ដីទាំងនេះរួចហើយ នោះពួកសាសន៍យូដាក៏ចេញទៅទាំងជជែកគ្នាជាខ្លាំង។
30 រីឯប៉ុល គាត់នៅក្នុងផ្ទះដែលគាត់ជួល ពេញ២ឆ្នាំ គាត់បានទទួលអស់អ្នកណាដែលមកឯគាត់ ទាំងប្រកាសប្រាប់ពីនគរព្រះ ហើយបង្រៀនគ្រប់ទាំងសេចក្ដី ពីព្រះអម្ចាស់យេស៊ូវគ្រីស្ទតាមចិត្ត ឥតមានអ្នកណាឃាត់ឃាំងឡើយ។:៚