កិច្ចការ 17 KHOV

ប៉ុល និង​ស៊ីឡាស​ទៅ​ដល់​ក្រុង​ថែស្សា‌ឡូ‌នីច

1 រីឯ​កាល​បាន​ដើរ​កាត់​ក្រុង​អាំភី‌ប៉ូលី និង​ក្រុង​អ័ប៉ុឡូនា នោះ​គេ​ទៅ​ដល់​ក្រុង​ថែស្សា‌ឡូ‌នីច ជា​កន្លែង​ដែល​មាន​សាលា​ប្រជុំ​របស់​សាសន៍​យូដា

2 ប៉ុល​ក៏​ចូល​ទៅ​ឯ​គេ​តាម​ទំលាប់​គាត់ ហើយ​ជជែក​ពន្យល់​ដល់​គេ​តាម​គម្ពីរ ក្នុង​៣​ថ្ងៃ​ឈប់​សំរាក

3 ក៏​បើក​សំដែង​យ៉ាង​ច្បាស់​ថា ព្រះ‌គ្រីស្ទ​ត្រូវ​តែ​រង​ទុក្ខ រួច​មាន​ព្រះ‌ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ គាត់​ក៏​និយាយ​ថា ព្រះ‌យេស៊ូវ​នេះ​ឯង ដែល​ខ្ញុំ​ប្រកាស​ប្រាប់​ដល់​អ្នក​រាល់​គ្នា ទ្រង់​ជា​ព្រះ‌គ្រីស្ទ​នោះ​ហើយ

4 ពួក​អ្នក​នោះ​ខ្លះ​ក៏​យល់​ព្រម ហើយ​បាន​ចូល​ខាង​ប៉ុល និង​ស៊ីឡាស ព្រម​ទាំង​ពួក​សាសន៍​ក្រេក​សន្ធឹក ដែល​តែង​តែ​ថ្វាយ‌បង្គំ​ព្រះ និង​ពួក​ស្រី​អ្នក​មុខ​ជា​ក្រែល​ដែរ

5 តែ​ពួក​សាសន៍​យូដា​ដែល​មិន​ព្រម​ជឿ គេ​មាន​ចិត្ត​ឈ្នានីស ក៏​នាំ​យក​មនុស្ស​ពាល​អនាថា​ខ្លះ​មក រួច​ប្រមូល​បាន​មនុស្ស​យ៉ាង​សន្ធឹក ទៅ​បង្កើត​វឹកវរ​ក្នុង​ទី​ក្រុង ហើយ​នាំ​គ្នា​ទៅ​ចោម​ព័ទ្ធ​ផ្ទះ​យ៉ាសុន រក​ចាប់​ប៉ុល និង​ស៊ីឡាស នាំ​ចេញ​មក​ឯ​បណ្តា‌ជន

6 លុះ​រក​មិន​ឃើញ ក៏​ចាប់​យ៉ាសុន និង​ពួក​ជំនុំ​ខ្លះ កន្ត្រាក់​ដឹក‌នាំ​ទៅ​ដាក់​នៅ​មុខ​ចៅ‌ហ្វាយ​ទី​ក្រុង ដោយ​ស្រែក​ថា ពួក​ដែល​នាំ​ឲ្យ​ក្រឡាប់​ផែនដី​នោះ បាន​មក​ទី​នេះ​ហើយ

7 ឯ​យ៉ាសុន​នេះ ជា​អ្នក​បាន​ទទួល​គេ ពួក​នោះ​ប្រព្រឹត្ត​សុទ្ធ​តែ​ខុស​នឹង​បញ្ញត្ត​របស់​សេ‌សារ ដោយ​និយាយ​ថា មាន​ស្តេច​១​ទៀត ឈ្មោះ​យេស៊ូវ

8 មនុស្ស​ទាំង​នោះ​ក៏​នាំ​ឲ្យ​អស់​បណ្តា‌ជន និង​ចៅ‌ហ្វាយ​នៃ​ទី​ក្រុង​កើត​បារម្ភ​ព្រួយ ដោយ​ឮ​សេចក្ដី​នោះ

9 រួច​កាល​បាន​យក​ប្រាក់​ធានា​ពី​យ៉ាសុន និង​អ្នក​ឯ​ទៀត​ហើយ នោះ​ក៏​លែង​គេ​ចេញ​ទៅ។

ប៉ុល និង​ស៊ីឡាស​នៅ​ក្រុង​បេរា

10 ពួក​ជំនុំ​ក៏​ឲ្យ​ប៉ុល និង​ស៊ីឡាស ចេញ​ទៅ​ឯ​ក្រុង​បេរា ទាំង​យប់​ភ្លាម កាល​ទៅ​ដល់ នោះ​គេ​ចូល​ទៅ​ក្នុង​សាលា​ប្រជុំ​របស់​ពួក​សាសន៍​យូដា

11 រីឯ​ពួក​អ្នក​ស្រុក​នោះ មាន​ចិត្ត​ល្អ​ជាង​ពួក​អ្នក​នៅ​ថែស្សា‌ឡូ‌នីច គេ​ប្រុង​ប្រៀប​សព្វ​គ្រប់​នឹង​ទទួល​ព្រះ‌បន្ទូល ក៏​ពិចារណា​មើល​គម្ពីរ​រាល់​តែ​ថ្ងៃ ឲ្យ​បាន​ដឹង​ជា​សេចក្ដី​ទាំង​នោះ​ត្រូវ​ឬ​មិន​ត្រូវ

12 ដូច្នេះ មាន​ពួក​គេ និង​ពួក​ស្រី​សាសន៍​ក្រេក ជា​អ្នក​មុខ​អ្នក​ការ​ជា​ច្រើន​បាន​ជឿ ក៏​មាន​ប្រុសៗ​ក្រែល​ដែរ

13 តែ​កាល​ពួក​សាសន៍​យូដា​នៅ​ថែស្សា‌ឡូ‌នីច​បាន​ដឹង​ថា ប៉ុល​បាន​ផ្សាយ​ព្រះ‌បន្ទូល​ក្នុង​ក្រុង​បេរា​ដែរ នោះ​គេ​ក៏​មក​ញុះ‌ញង់​បណ្តា‌ជន​នៅ​ទី​នោះ​ទៀត

14 ដូច្នេះ ពួក​ជំនុំ​ឲ្យ​ប៉ុល​ចេញ​ទៅ​ភ្លាម ធ្វើ​ដូច​ជា​នឹង​ទៅ​ឯ​សមុទ្រ តែ​ស៊ីឡាស និង​ធីម៉ូថេ នៅ​ទី​នោះ​ត​ទៅ

15 ឯ​ពួក​អ្នក​ដែល​ជូន​ប៉ុល​ទៅ គេ​នាំ​ទៅ​ឯ​ក្រុង​អាថែន​វិញ រួច​កាល​គេ​ទទួល​ពាក្យ ដែល​គាត់​ផ្តាំ​ទៅ​ស៊ីឡាស និង​ធីម៉ូថេ ឲ្យ​គេ​មក​ជួប​នឹង​គាត់​ជា​ប្រញាប់ នោះ​គេ​នាំ​គ្នា​ត្រឡប់​វិល​ទៅ​វិញ។

សុន្ទរ‌កថា​ប៉ុល​នៅ​ក្រុង​អាថែន

16 កំពុង​ដែល​ប៉ុល​ចាំ​គេ​នៅ​ក្រុង​អាថែន នោះ​គាត់​មាន​សេចក្ដី​រំជួល​ក្នុង​ចិត្ត​ជា​ខ្លាំង ដោយ​ឃើញ​មាន​រូប​ព្រះ​នៅ​ពេញ​ក្នុង​ទី​ក្រុង​នោះ

17 ដូច្នេះ គាត់​ក៏​ជជែក​ពន្យល់​ដល់​សាសន៍​យូដា និង​ពួក​អ្នក​ដែល​ថ្វាយ‌បង្គំ​ក្នុង​សាលា​ប្រជុំ​គេ ហើយ​នៅ​ទី​ផ្សារ ជា​មួយ​នឹង​អស់​អ្នក​ដែល​មក​ជួប​នឹង​គាត់​រាល់​តែ​ថ្ងៃ​ដែរ

18 តែ​មាន​ពួក​អេពីគួរ និង​ពួក​ស្ទអ៊ីក

19 គេ​ក៏​នាំ​យក​គាត់​ទៅ​ឯ​ភ្នំ​អើរី‌យ៉ូស​សួរ​ថា តើ​យើង​អាច​នឹង​ដឹង​ជា​សេចក្ដី​បង្រៀន​ថ្មី ដែល​អ្នក​អធិប្បាយ​នេះ​ជា​យ៉ាង​ណា​បាន​ឬ​ទេ

20 ដ្បិត​យើង​បាន​ឮ​អ្នក​អធិប្បាយ​យ៉ាង​ប្លែក​ណាស់ ដូច្នេះ យើង​ចង់​ដឹង​ន័យ​សេចក្ដី​ទាំង​នេះ​ដែរ

21 រីឯ​ពួក​អ្នក​នៅ​ក្រុង​អាថែន និង​ពួក​អ្នក​ប្រទេស​ក្រៅ​ដែល​មក​ស្នាក់​នៅ​ទាំង​ប៉ុន្មាន គេ​មិន​ដែល​បង់​ពេល​ទំនេរ​នឹង​ធ្វើ​អ្វី​ទៀត​ទេ គេ​គិត​តែ​ពី​ប្រាប់ ឬ​ស្តាប់​សេចក្ដី​ថ្មី​ប៉ុណ្ណោះ។

22 ឯ​ប៉ុល គាត់​ឈរ​នៅ​កណ្តាល​ទី​អើរី‌យ៉ូស សំដែង​ថា ឱ​ពួក​អ្នក​នៅ​ក្រុង​អាថែន​អើយ ក្នុង​ការ​ទាំង​អស់​ខ្ញុំ​យល់​ឃើញ​ថា អ្នក​រាល់​គ្នា​ឧស្សាហ៍​ខ្នះ‌ខ្នែង​កាន់​សាសនា​ណាស់

23 ដ្បិត​កំពុង​ដែល​ខ្ញុំ​ដើរ​ចុះ​ឡើង មើល​ប្រដាប់​ប្រដា ដែល​អ្នក​រាល់​គ្នា​គោរព​បូជា នោះ​ខ្ញុំ​ឃើញ​មាន​អាសនា​១ ដែល​មាន​ចារិក​ថា «ព្រះ​ដ៏​ពុំ​ស្គាល់» ដូច្នេះ ខ្ញុំ​នឹង​ប្រាប់​ដល់​អ្នក​រាល់​គ្នា​ពី​ព្រះ ដែល​អ្នក​រាល់​គ្នា​គោរព​បូជា ដោយ​ឥត​ស្គាល់​នោះ​ឯង

24 ដ្បិត​ព្រះ​ដែល​បង្កើត​លោកីយ៍ និង​របស់​សព្វ​សារពើ ព្រះ‌អង្គ​នោះ ទ្រង់​ជា​ព្រះ‌អម្ចាស់​នៃ​ស្ថាន‌សួគ៌ និង​ផែនដី ទ្រង់​មិន​គង់​នៅ​ក្នុង​វិហារ​ដែល​ដៃ​មនុស្ស​បាន​ធ្វើ​ទេ

25 ក៏​មិន​បាច់​មាន​ដៃ​មនុស្ស​បំរើ​ទ្រង់ ដូច​ជា​ទ្រង់​ត្រូវ​ការ​អ្វី​នោះ​ផង​ដែរ ដ្បិត​គឺ​ទ្រង់​ដែល​ផ្គត់‌ផ្គង់​ដោយ​ព្រះ‌អង្គ​ទ្រង់ ឲ្យ​គ្រប់​ទាំង​អស់​មាន​ជីវិត មាន​ដង្ហើម​គ្រប់​ជំពូក

26 ទ្រង់​បាន​បង្កើត​មនុស្ស​គ្រប់​សាសន៍​ពី​ឈាម​តែ​១ ឲ្យ​បាន​នៅ​ពេញ​លើ​ផែនដី ព្រម​ទាំង​សំរេច​កំណត់​ពេល​វេលា ដែល​បាន​តាំង​ជា​មុន និង​ព្រំ​ទី​លំនៅ​របស់​គេ​គ្រប់​គ្នា

27 ដើម្បី​ឲ្យ​គេ​ស្វែង​រក​ព្រះ ក្រែង​គេ​នឹង​រក​ទ្រង់​ឃើញ ដោយ​ខំ​រាវ​រក​មែន​នោះ​ទេ​ដឹង ទោះ​បើ​ទ្រង់​មិន​គង់​ឆ្ងាយ​ពី​យើង​នីមួយៗ​ក៏​ដោយ

28 ដ្បិត​គឺ​ដោយ‌សារ​ទ្រង់​ហើយ ដែល​យើង​រាល់​គ្នា​បាន​រស់ កំរើក ហើយ​មាន​នៅ​ផង ដូច​ជា​ពួក​អ្នក​លើក​កំណាព្យ​ខ្លះ​របស់​អ្នក​រាល់​គ្នា បាន​និយាយ​ដែរ​ថា «មនុស្ស​យើង​ជា​ពូជ​ព្រះ​ដែរ»

29 ដូច្នេះ បើ​យើង​រាល់​គ្នា ជា​ពូជ​ព្រះ​ហើយ នោះ​មិន​ត្រូវ​ឲ្យ​យើង​ស្មាន​ថា ព្រះ​ទ្រង់​ដូច​ជា​មាស ឬ​ប្រាក់ ឬ​ថ្ម ឬ​ជា​របស់​ឆ្លាក់ តាម​ការ​រចនា តាម​គំនិត​របស់​មនុស្ស​នោះ​ទេ

30 ពី​ដើម ព្រះ​ទ្រង់​បាន​ទត​រំលង​គ្រា​ខ្លៅ​ល្ងង់​មែន តែ​ឥឡូវ​នេះ ទ្រង់​ត្រាស់​បង្គាប់​ដល់​មនុស្ស​ទាំង​អស់ នៅ​គ្រប់​អន្លើ​ឲ្យ​ប្រែ​ចិត្ត​វិញ

31 ពី​ព្រោះ​ទ្រង់​បាន​ដាក់​កំណត់​ថ្ងៃ ដែល​ទ្រង់​នឹង​ជំនុំ‌ជំរះ​លោកីយ៍​ដោយ​យុត្តិ‌ធម៌ ដោយ‌សារ​មនុស្ស​ម្នាក់ ដែល​ទ្រង់​បាន​ដំរូវ​រួច​ហើយ ព្រម​ទាំង​ដាក់​ភស្តុ‌តាង​សំញែង​យ៉ាង​ជាក់​លាក់ ដល់​មនុស្ស​ទាំង‌ឡាយ ដោយ​ទ្រង់​ប្រោស​មនុស្ស​នោះ ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ

32 កាល​គេ​បាន​ឮ​និយាយ​ពី​មនុស្ស​ស្លាប់​រស់​ឡើង​វិញ នោះ​មាន​ខ្លះ​ចំអក​ឲ្យ ហើយ​ខ្លះ​និយាយ​ថា យើង​នឹង​ស្តាប់​អ្នក​ពី​ដំណើរ​នេះ​ម្តង​ទៀត

33 ដូច្នេះ ប៉ុល​ក៏​ចេញ​ពី​ចំណោម​គេ​ទៅ

34 តែ​មាន​មនុស្ស​ខ្លះ​ត្រូវ​ចិត្ត​ជាប់​នឹង​គាត់ ព្រម​ទាំង​ជឿ​ផង ក្នុង​ពួក​នោះ​មាន​ឈ្មោះ​ឌេវនីស ជា​ចៅ‌ក្រម​នៅ​ភ្នំ​អើរី‌យ៉ូស និង​ស្ត្រី​ម្នាក់​ឈ្មោះ​ដាម៉ា‌រីស ហើយ​នឹង​អ្នក​ខ្លះ​ទៀត​ដែរ។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28