កិច្ចការ 15 KHOV

ការ​ប្រជុំ​នៅ​ក្រុង​យេរូ‌សាឡិម

1 មាន​មនុស្ស​ខ្លះ​ចុះ​ពី​ស្រុក​យូដា មក​បង្រៀន​ដល់​ពួក​ជំនុំ​ថា បើ​មិន​បាន​កាត់​ស្បែក តាម​ទំលាប់​របស់​លោក​ម៉ូសេ នោះ​ពុំ​អាច​នឹង​បាន​សង្គ្រោះ​ឡើយ

2 ដូច្នេះ កាល​ប៉ុល និង​បា‌ណា‌បាស​បាន​ជជែក​នឹង​គេ ហើយ​មាន​សេចក្ដី​ដេញ​ដោល​គ្នា​ជា​ខ្លាំង​រួច​ហើយ នោះ​ពួក​ជំនុំ​បាន​ដំរូវ​ឲ្យ​ប៉ុល និង​បា‌ណា‌បាស ព្រម​ទាំង​អ្នក​ខ្លះ​ទៀត​ក្នុង​ពួក​គេ ឡើង​ទៅ​ឯ​ពួក​សាវក និង​ពួក​ចាស់‌ទុំ នៅ​ក្រុង​យេរូ‌សាឡិម ដើម្បី​នឹង​សួរ​បញ្ជាក់​ពី​ដំណើរ​នោះ

3 ដូច្នេះ ពួក​ជំនុំ​ក៏​ចេញ ជូន​ដំណើរ​អ្នក​ទាំង​នោះ​ទៅ រួច​គេ​ដើរ​កាត់​ស្រុក​ភេនីស និង​ស្រុក​សាម៉ារី ទាំង​ថ្លែង​ប្រាប់​ពី​រឿង​ដែល​សាសន៍​ដទៃ​បាន​ប្រែ​ចិត្ត​ជឿ គេ​ក៏​នាំ​ឲ្យ​ពួក​ជំនុំ​ទាំង​អស់​មាន​សេចក្ដី​អំណរ​ជា​ខ្លាំង

4 លុះ​ដល់​ក្រុង​យេរូ‌សាឡិម​ហើយ នោះ​ពួក​ជំនុំ ពួក​សាវក និង​ពួក​ចាស់‌ទុំ​ក៏​រាក់​ទាក់​ទទួល​គេ រួច​គេ​ថ្លែង​ប្រាប់​ពី​គ្រប់​ការ​ទាំង​អស់ ដែល​ព្រះ​បាន​ធ្វើ​ដោយ‌សារ​ខ្លួន

5 នោះ​មាន​អ្នក​ខ្លះ​ក្នុង​ពួក​ផារិ‌ស៊ី​ដែល​ជឿ គេ​ឈរ​ឡើង​និយាយ​ថា ត្រូវ​តែ​កាត់​ស្បែក​ឲ្យ​ពួក​សាសន៍​ដទៃ​នោះ ហើយ​បង្គាប់​ឲ្យ​កាន់​តាម​ក្រឹត្យ‌វិន័យ​របស់​លោក​ម៉ូសេ​ដែរ។

6 ពួក​សាវក និង​ពួក​ចាស់‌ទុំ ក៏​ប្រជុំ​គ្នា​ប្រឹក្សា​ពី​ដំណើរ​នោះ

7 លុះ​បាន​ជជែក​គ្នា​ជា​យូរ​ទៅ នោះ​ពេត្រុស​ក្រោក​ឡើង​និយាយ​ថា បង​ប្អូន​អើយ អ្នក​រាល់​គ្នា​ដឹង​ហើយ​ថា កាល​ពី​ដើម ព្រះ​បាន​រើស​ក្នុង​ពួក​យើង​រាល់​គ្នា ដើម្បី​ឲ្យ​ពួក​សាសន៍​ដទៃ​បាន​ឮ​ព្រះ‌បន្ទូល​នៃ​ដំណឹង​ល្អ ហើយ​ឲ្យ​បាន​ជឿ​ដោយ‌សារ​មាត់​ខ្ញុំ

8 នោះ​ព្រះ​ដ៏​ជ្រាប​នូវ​ចិត្ត​មនុស្ស​ទាំង‌ឡាយ ទ្រង់​បាន​ធ្វើ​បន្ទាល់​ពី​គេ ដោយ​ទ្រង់ ប្រទាន​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ដល់​គេ ដូច​ជា​ដល់​យើង​រាល់​គ្នា​ដែរ

9 ទ្រង់​មិន​បាន​រាប់​ពួក​យើង និង​ពួក​គេ ខុស​ពី​គ្នា​ទេ គឺ​បាន​សំអាត​ចិត្ត​គេ ដោយ‌សារ​សេចក្ដី​ជំនឿ​ជឿ​ដែរ

10 ចុះ​ហេតុ​អ្វី​បាន​ជា​ល្បង​ព្រះនៅ​ក​ពួក​សិស្ស​ដូច្នេះ ដែល​ទោះ​ទាំង​ពួក​ឰយុកោ​យើង ឬ​យើង​រាល់​គ្នា​ក៏​ពុំ​អាច​នឹង​ទ្រ‌ទ្រាំ​បាន​ផង

11 យើង​ជឿ​ថា បាន​សង្គ្រោះ​ដោយ​ព្រះ‌គុណ​នៃ​ព្រះ‌អម្ចាស់​យេស៊ូវ ដូច​ជា​គេ​ដែរ

12 ឯ​ពួក​ជំនុំ​ទាំង​អស់​គ្នា ក៏​នៅ​ស្ងៀម​ស្តាប់​បា‌ណា‌បាស និង​ប៉ុល ដែល​គេ​រ៉ាយ​រឿង​ប្រាប់​ពី​ទី​សំគាល់ និង​ការ​អស្ចារ្យ​ទាំង​ប៉ុន្មាន ដែល​ព្រះ​បាន​ធ្វើ​ក្នុង​ពួក​សាសន៍​ដទៃ ដោយ‌សារ​ខ្លួន

13 កាល​ឈប់​អធិប្បាយ​ហើយ នោះ​យ៉ាកុប​ឆ្លើយ​ឡើង​ថា អ្នក​រាល់​គ្នា​ជា​បង​ប្អូន​អើយ សូម​ស្តាប់​ខ្ញុំ​សិន

14 ស៊ីម៉ូន​បាន​ថ្លែង​ប្រាប់​ពី​បែប​យ៉ាង​ណា ដែល​ព្រះ​ទ្រង់​ប្រោស​ដល់​ពួក​សាសន៍​ដទៃ​ជា​មុន​ដំបូង ដើម្បី​រើស​យក​រាស្ត្រ​១​ពួក​ពី​គេ ទុក​សំរាប់​ព្រះ‌នាម​ទ្រង់

15 ហើយ​សេចក្ដី​ទំនាយ​របស់​ពួក​ហោរា ក៏​ត្រូវ​នឹង​ដំណើរ​នោះ​ដែរ ដូច​ជា​មាន​សេចក្ដី​ចែង​ទុក​មក​ថា

16 «ក្រោយ​នោះ អញ​នឹង​ត្រឡប់​មក លើក​ទី​លំនៅ​របស់​ហ្លួង​ដាវីឌ ដែល​រលំ​នោះ​ឡើង អញ​នឹង​សង់​ត្រង់​កន្លែង​បាក់​បែក ហើយ​ដំឡើង​ឲ្យ​ត្រង់​ឡើង​វិញ

17 ដើម្បី​ឲ្យ​សំណល់​មនុស្ស បាន​ស្វះ‌ស្វែង​រក​ព្រះ‌អម្ចាស់ ព្រម​ទាំង​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន ដែល​បាន​ហៅ​តាម​ឈ្មោះ​អញ​នោះ​ផង នេះ​ហើយ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់ ជា​ព្រះ​ដែល​ធ្វើ​ការ​ទាំង​នោះ»

18 គ្រប់​ការ​ដែល​ព្រះ​ទ្រង់​ធ្វើ នោះ​ទ្រង់​បាន​ជ្រាប តាំង​ពី​អស់​កល្ប​រៀង​មក

19 ដូច្នេះ បើ​តាម​គំនិត​ខ្ញុំ នោះ​មិន​ត្រូវ​ធ្វើ​ឲ្យ​ពួក​សាសន៍​ដទៃ ដែល​ងាក​បែរ​មក​ឯ​ព្រះ​វិញ មាន​ចិត្ត​ខ្វល់​ឡើយ

20 គឺ​ត្រូវ​សរសេរ​ផ្ញើ​ទៅ ឲ្យ​គេ​គ្រាន់​តែ​ចៀស​វាង​ចេញ​ពី​រូប​ព្រះ ដែល​នាំ​ឲ្យ​ស្មោក‌គ្រោក​១ ពី​សេចក្ដី​កំផិត​១ ពី​សត្វ​ដែល​សំឡាប់​ដោយ​ច្របាច់​ក​១ ហើយ​ពី​ឈាម​១​ប៉ុណ្ណោះ

21 ព្រោះ​តាំង​ពី​ចាស់​បុរាណ​មក មាន​គេ​ប្រកាស​ប្រាប់​ពី​លោក​ម៉ូសេ​នៅ​គ្រប់​ទី​ក្រុង​ទាំង​អស់ ហើយ​គេ​មើល​គម្ពីរ​លោក នៅ​អស់​ទាំង​សាលា​ប្រជុំ រាល់​តែ​ថ្ងៃ​ឈប់​សំរាក​ដែរ។

សំបុត្រ​ផ្ញើ​ទៅ​ជូន​សាសន៍​ដទៃ​ជា​អ្នក​ជឿ

22 នោះ​ពួក​សាវក និង​ពួក​ចាស់‌ទុំ ព្រម​ទាំង​ពួក​ជំនុំ​គ្រប់​គ្នា​ក៏​យល់​ព្រម​ថា គួរ​នឹង​រើស​យក​អ្នក​ខ្លះ​ក្នុង​ពួក​គេ គឺ​យូដាស ដែល​ហៅ​ថា បាណា‌បាស​១ និង​ស៊ីឡាស​១ ជា​ពួក​អ្នក​មុខ​ក្នុង​ពួក​ជំនុំ ដើម្បី​នឹង​ចាត់​ឲ្យ​ទៅ​ឯ​អាន់‌ទី‌យ៉ូក​ជា​មួយ​នឹង​ប៉ុល ហើយ​នឹង​បា‌ណា‌បាស

23 គេ​ក៏​ធ្វើ​សំបុត្រ​ផ្ញើ​ដោយ‌សារ​អ្នក​ទាំង​នោះ បែប​ដូច្នេះ​ថា សំបុត្រ​យើង​ខ្ញុំ ជា​ពួក​សាវក ពួក​ចាស់‌ទុំ និង​ពួក​បង​ប្អូន​ទាំង​អស់​គ្នា ផ្ញើ​មក​ជំរាប​សួរ​ដល់​ពួក​បង​ប្អូន​សាសន៍​ដទៃ ដែល​នៅ​ក្រុង​អាន់‌ទី‌យ៉ូក ស្រុក​ស៊ីរី និង​ស្រុក​គីលីគា ឲ្យ​បាន​ជ្រាប

24 ដ្បិត​យើង​ខ្ញុំ​បាន​ឮ​ថា មាន​អ្នក​ខ្លះ​ចេញ​ពី​ពួក​យើង​ខ្ញុំ​មក នាំ​ឲ្យ​អ្នក​រាល់​គ្នា​ខ្វល់​ចិត្ត ហើយ​ឲ្យ​វល់​គំនិត ដោយ​ពាក្យ​សំដី​ដែល​គេ​ថា ត្រូវ​តែ​កាត់​ស្បែក ហើយ​កាន់​តាម​ក្រឹត្យ‌វិន័យ​ផង តែ​យើង​ខ្ញុំ​មិន​បាន​បង្គាប់​គេ​ទេ

25 ដូច្នេះ យើង​ខ្ញុំ​បាន​ព្រម​ព្រៀង​គ្នា​យល់​ឃើញ​ថា គួរ​នឹង​រើស​អ្នក​ខ្លះ ចាត់​មក​ឯ​អ្នក​រាល់​គ្នា ជា​មួយ​នឹង​បា‌ណា‌បាស ហើយ​នឹង​ប៉ុល ជា​សំឡាញ់​ស្ងួនភ្ងា​នៃ​យើង​ខ្ញុំ

26 ដែល​បាន​ប្រថុយ​ជីវិត ដោយ​យល់​ដល់​ព្រះ‌នាម​នៃ​ព្រះ‌អម្ចាស់​យេស៊ូវ‌គ្រីស្ទ​នៃ​យើង​រាល់​គ្នា

27 ដូច្នេះ យើង​ខ្ញុំ​បាន​ចាត់​យូដាស និង​ស៊ីឡាស​មក ឲ្យ​ជំរាប​ដល់​អ្នក​រាល់​គ្នា​ផ្ទាល់​មាត់ ពី​សេចក្ដី​នោះ​ឯង

28 ពី​ព្រោះ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ និង​យើង​ខ្ញុំ​រាល់​គ្នា បាន​យល់​ឃើញ​ថា មិន​គួរ​គប្បី​នឹង​ដាក់​បន្ទុក​អ្វី​ទៀត​លើ​អ្នក​រាល់​គ្នា ក្រៅ​ពី​សេចក្ដី​ទាំង​នេះ​ដែល​ត្រូវ​តែ​កាន់​នោះ​ឡើយ

29 គឺ​ឲ្យ​ចៀស​វាង​ចំពោះ​របស់​ដែល​បាន​ថ្វាយ​ដល់​រូប​ព្រះ​១ ឈាម​១ សត្វ​ដែល​សំឡាប់​ដោយ​ច្របាច់​ក​១ និង​សេចក្ដី​កំផិត​១ បើ​អ្នក​រាល់​គ្នា​ចៀស​វាង​ពី​របស់​ទាំង​នេះ នោះ​បាន​ល្អ​ហើយ សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​សេចក្ដី​សុខ​ចុះ។

30 កាល​ពួក​ជំនុំ​បាន​ឲ្យ​អ្នក​ទាំង​នោះ​ទៅ​ហើយ នោះ​គេ​ទៅ​ដល់​អាន់‌ទី‌យ៉ូក ក៏​ប្រជុំ​ពួក​សិស្ស​ទាំង​ប៉ុន្មាន ហើយ​ប្រគល់​សំបុត្រ​នោះ​ដល់​ពួក​ជំនុំ

31 លុះ​បាន​អាន​មើល​សំបុត្រ​ស្រេច​ហើយ ពួក​នោះ​ក៏​មាន​សេចក្ដី​រីក‌រាយ​ដោយ​ពាក្យ​កំសាន្ត​នោះ

32 ឯ​យូដាស និង​ស៊ីឡាស ដែល​ជា​គ្រូ​អធិប្បាយ​ដែរ គេ​បាន​ប្រដៅ​ទូន្មាន​ជា​ច្រើន​ដល់​ពួក​ជំនុំ ព្រម​ទាំង​តាំង​ឲ្យ​គេ​មាន​ចិត្ត​ខ្ជាប់‌ខ្ជួន​ឡើង

33 កាល​នៅ​ទី​នោះ​ជា​យូរ​បន្តិច នោះ​ពួក​ជំនុំ​ឲ្យ​គេ​ត្រឡប់​ទៅ​ឯ​ពួក​សាវក​វិញ​ដោយ​សុខ​សាន្ត

34 តែ​ស៊ីឡាស​គាត់​គាប់​ចិត្ត​នៅ​ទី​នោះ​ត​ទៅ​ទៀត

35 ឯ​ប៉ុល និង​បា‌ណា‌បាស បាន​បង្អង់​នៅ​ឯ​ក្រុង​អាន់‌ទី‌យ៉ូក​នោះ​ដែរ ទាំង​បង្រៀន ហើយ​ប្រកាស​ប្រាប់​ដំណឹង​ល្អ គឺ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់ ជា​មួយ​នឹង​មនុស្ស​ឯ​ទៀត​ជា​ច្រើន។

បេសក‌កម្ម​លើក​ទី​ពីរ ប៉ុល និង​បា‌ណា‌បាស​បែក​គ្នា

36 កាល​ក្រោយ​បន្តិច​ថ្ងៃ​មក នោះ​ប៉ុល​និយាយ​នឹង​បា‌ណា‌បាស​ថា ចូរ​យើង​ត្រឡប់​ទៅ​សួរ​ពួក​បង​ប្អូន នៅ​អស់​ទាំង​ក្រុង ជា​ទី​ដែល​យើង​បាន​ផ្សាយ​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​ផង ដើម្បី​ឲ្យ​ដឹង​ពី​គេ​ថា​ជា​យ៉ាង​ដូច​ម្តេច

37 ឯ​បា‌ណា‌បាស គាត់​គិត​ចង់​យក​យ៉ូហាន ដែល​ហៅ​ថា​ម៉ាកុស ទៅ​ជា​មួយ​ផង

38 តែ​ប៉ុល​មិន​ចូល​ចិត្ត​នឹង​យក​គាត់​ទៅ​ទេ ពី​ព្រោះ​ជាន់​មុន គាត់​បាន​ចាក​ចោល​គេ ពី​កាល​នៅ​ស្រុក​ប៉ាម‌ភីលា​ម្តង​ហើយ មិន​បាន​ទៅ​ធ្វើ​ការ​ជា​មួយ​គ្នា​ត​ទៅ​ឡើយ

39 ដូច្នេះ គេ​មាន​ការណ៍​ទាស់‌ទែង​គ្នា​ជា​ខ្លាំង ដល់​ម៉្លេះ​បាន​ជា​បែក​ចេញ​ពី​គ្នា ឯ​បា‌ណា‌បាស គាត់​យក​ម៉ាកុស ចុះ​សំពៅ​ទៅ​ឯ​កោះ​គីប្រុស

40 តែ​ប៉ុល គាត់​រើស​យក​ស៊ីឡាស​វិញ ហើយ​ចេញ​ដំណើរ​ទៅ ដោយ​មាន​ពួក​ជំនុំ​ផ្ទុក‌ផ្តាក់​ក្នុង​ព្រះ‌គុណ​នៃ​ព្រះ‌អម្ចាស់

41 នោះ​គាត់​ដើរ​កាត់​ស្រុក​ស៊ីរី និង​ស្រុក​គីលីគា ក៏​តាំង​ឲ្យ​ពួក​ជំនុំ​ទាំង​ប៉ុន្មាន​បាន​ខ្ជាប់‌ខ្ជួន​ឡើង។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28