កិច្ចការ 3 KHOV

ពេត្រុស និង​យ៉ូហាន​ប្រោស​ជន​ពិការ​ម្នាក់​ឲ្យ​ជា

1 នៅ​ពេល​អធិស្ឋាន ជា​ពេល​ម៉ោង​៣​រសៀល នោះ​ពេត្រុស និង​យ៉ូហាន ឡើង​ទៅ​ក្នុង​ព្រះ‌វិហារ​ជា​មួយ​គ្នា

2 រីឯ​នៅ​ត្រង់​មាត់​ទ្វារ​ព្រះ‌វិហារ ដែល​ហៅ​ថា​ទ្វារ​លំអ នោះ​មាន​មនុស្ស​ម្នាក់ ដែល​ខ្វិន​ពី​កំណើត គេ​តែង​សែង​គាត់​យក​មក ដាក់​នៅ​ទី​នោះ​រាល់​តែ​ថ្ងៃ ដើម្បី​ឲ្យ​បាន​សូម​ទាន​ចំពោះ​អស់​អ្នក​ដែល​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ

3 កាល​គាត់​ឃើញ​ពេត្រុស និង​យ៉ូហាន កំពុង​តែ​ដើរ​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ នោះ​គាត់​សូម​ទាន

4 តែ​ពេត្រុស ព្រម​ទាំង​យ៉ូហាន ក៏​សំឡឹង​មើល​ទៅ​គាត់ ប្រាប់​ថា ចូរ​មើល​មក​យើង​ឯ​ណេះ

5 គាត់​ក៏​ស្តាប់​តាម ដោយ​សង្ឃឹម​ថា​នឹង​បាន​អ្វី​ខ្លះ

6 តែ​ពេត្រុស​និយាយ​ថា ឯ​ប្រាក់ ហើយ​នឹង​មាស ខ្ញុំ​គ្មាន​ទេ តែ​របស់​ដែល​ខ្ញុំ​មាន នោះ​ខ្ញុំ​នឹង​ឲ្យ​ដល់​អ្នក គឺ​ដោយ‌សារ​ព្រះ‌នាម​ព្រះ‌យេស៊ូវ​គ្រីស្ទ ពី​ស្រុក​ណា‌សារ៉ែត ចូរ​អ្នក​ក្រោក​ឡើង​ដើរ​ទៅ​ចុះ

7 រួច​ក៏​ចាប់​ដៃ​ស្តាំ​លើក​គាត់​ឡើង ស្រាប់​តែ​ប្រអប់​ជើង និង​ភ្នែក​គោរ​របស់​គាត់ មាន​កំឡាំង​ឡើង​ភ្លាម

8 គាត់​ក៏​ស្ទុះ​ឈរ​ឡើង​ដើរ​ទៅ​មក ហើយ​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ​ជា​មួយ​នឹង​អ្នក​ទាំង​២​នោះ ទាំង​ដើរ ទាំង​លោត ទាំង​សរសើរ​ព្រះ​ផង

9 បណ្តា‌ជន​ទាំង​អស់​គ្នា​ក៏​ឃើញ​គាត់​ដើរ ទាំង​សរសើរ​ព្រះ​ដូច្នោះ

10 ហើយ​គេ​ស្គាល់​គាត់ ថា​ជា​អ្នក​ដែល​តែង​តែ​អង្គុយ​សូម​ទាន​គេ នៅ​ត្រង់​មាត់​ទ្វារ​លំអរ​របស់​ព្រះ‌វិហារ នោះ​គេ​ក៏​មាន​ពេញ​ជា​សេចក្ដី​អស្ចារ្យ ហើយ​មមិង‌មមាំង​ពី​ការ​ដែល​កើត​មក​នោះ។

សុន្ទរ‌កថា​របស់​ពេត្រុស​នៅ​ក្នុង​ព្រះ‌វិហារ

11 ដូច្នេះ កំពុង​ដែល​គាត់​ចាប់​តោង​ឃាត់​ពេត្រុស និង​យ៉ូហាន នោះ​បណ្តា‌ជន​ទាំង​អស់​ក៏​រត់​មូល​មក​ឯ​គេ នៅ​ត្រង់​បាំង‌សាច​ដែល​ហៅ​ថា បាំង‌សាច​សាឡូ‌ម៉ូន ហើយ​គេ​មាន​សេចក្ដី​អស្ចារ្យ​ក្នុង​ចិត្ត​ណាស់។

12 កាល​ពេត្រុស​បាន​ឃើញ​ដូច្នោះ នោះ​គាត់​និយាយ​ទៅ​ប្រជា‌ជន​ថា ឱ​សាសន៍​អ៊ីស្រា‌អែល​រាល់​គ្នា​អើយ ហេតុ​អ្វី​បាន​ជា​មាន​សេចក្ដី​ប្លែក​ក្នុង​ចិត្ត​ពី​ការ​នេះ ហើយ​សំឡឹង​មើល​មក​យើង​ខ្ញុំ ហាក់​ដូច​ជា​យើង​ខ្ញុំ​បាន​ធ្វើ​ឲ្យ​មនុស្ស​នេះ​ដើរ​រួច ដោយ​អាង​អំណាច ឬ​គុណា‌នុភាព​របស់​ខ្លួន​យើង​ខ្ញុំ​ដូច្នេះ

13 ព្រះ​នៃ​លោក​អ័ប្រា‌ហាំ លោក​អ៊ីសាក និង​លោក​យ៉ាកុប ជា​ព្រះ​នៃ​ពួក​ឰយុកោ​យើង​រាល់​គ្នា ទ្រង់​បាន​ដំកើង​អ្នក​បំរើ​ទ្រង់​នោះ គឺ​ព្រះ‌យេស៊ូវ ដែល​អ្នក​រាល់​គ្នា​បាន​បញ្ជូន​ទៅ ហើយ​ក្នុង​កាល​ដែល​លោក​ពីឡាត់​សំរេច​សេចក្ដី​ថា​នឹង​លែង​ទ្រង់ នោះ​អ្នក​រាល់​គ្នា​បាន​ប្រកែក​បដិសេធ​នៅ​មុខ​លោក មិន​ព្រម​ទទួល​ទ្រង់​ទេ

14 គឺ​ជា​មិន​ព្រម​ទទួល​ព្រះ​ដ៏​បរិសុទ្ធ ហើយ​សុចរិត​នោះ​ឯង បែរ​ជា​សូម​ឲ្យ​លោក​លែង​មនុស្ស​ដែល​សំឡាប់​គេ ដល់​អ្នក​រាល់​គ្នា​វិញ

15 អ្នក​រាល់​គ្នា​បាន​សំឡាប់​ព្រះ‌អម្ចាស់​ជីវិត​នោះ​ទៅ តែ​ព្រះ​បាន​ប្រោស​ឲ្យ​ទ្រង់​មាន​ព្រះ‌ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ យើង​ខ្ញុំ​នេះ​ជា​ទី​បន្ទាល់​ពី​ការ​នោះ​ឯង

16 ហើយ​គឺ​ដោយ‌សារ​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះ‌នាម​ទ្រង់ នោះ​ព្រះ‌នាម​ទ្រង់​បាន​ប្រោស​មនុស្ស​នេះ ដែល​អ្នក​រាល់​គ្នា​ឃើញ ហើយ​ស្គាល់ ឲ្យ​មាន​កំឡាំង​ឡើង គឺ​ជា​សេចក្ដី​ជំនឿ​ដែល​កើត​មក ដោយ‌សារ​ព្រះ‌អង្គ​នោះ​ឯង បាន​ធ្វើ​ឲ្យ​គាត់​ជា​ស្រឡះ នៅ​មុខ​អ្នក​រាល់​គ្នា​ដូច្នេះ

17 ឥឡូវ​នេះ បង​ប្អូន​អើយ ខ្ញុំ​ដឹង​ថា អ្នក​រាល់​គ្នា ព្រម​ទាំង​ពួក​នាម៉ឺន​នៃ​អ្នក​រាល់​គ្នា បាន​ប្រព្រឹត្ត​ការ​នោះ ដោយ​មិន​បាន​យល់​ទេ

18 ប៉ុន្តែ សេចក្ដី​ដែល​ព្រះ​បាន​ប្រកាស​ប្រាប់​ជា​មុន ដោយ‌សារ​មាត់​នៃ​អស់​ទាំង​ហោរា​របស់​ទ្រង់ ពី​ដំណើរ​ព្រះ‌គ្រីស្ទ​ថា ទ្រង់​ត្រូវ​រង​ទុក្ខ​លំបាក នោះ​ព្រះ​ទ្រង់​ក៏​បាន​សំរេច​តាម​យ៉ាង​ដូច្នោះ​ឯង

19 ដូច្នេះ ចូរ​ប្រែ​ចិត្ត ហើយ​វិល​មក​ចុះ ដើម្បី​ឲ្យ​បាប​របស់​អ្នក​រាល់​គ្នា​បាន​លុប​ចេញ ប្រយោជន៍​ឲ្យ​មាន​ពេល​លំហើយ មក​ពី​ចំពោះ​ព្រះ‌អម្ចាស់

20 ហើយ​ឲ្យ​ទ្រង់​បាន​ចាត់​ព្រះ‌អង្គ​នោះ ដែល​បាន​ដំរូវ​ទុក​ជា​មុន មក​ឯ​អ្នក​រាល់​គ្នា គឺ​ជា​ព្រះ‌យេស៊ូវ​គ្រីស្ទ

21 ដែល​ស្ថាន‌សួគ៌​ត្រូវ​ទទួល ដរាប​ដល់​គ្រា​តាំង​របស់​ទាំង​អស់​ឡើង​វិញ ដែល​ព្រះ​បាន​មាន​ព្រះ‌បន្ទូល​ប្រាប់​ពី​គ្រា​នោះ ដោយ‌សារ​មាត់​នៃ​ពួក​ហោរា​បរិសុទ្ធ​របស់​ទ្រង់ តាំង​ពី​បុរាណ​មក

22 ដ្បិត​លោក​ម៉ូសេ​បាន​មាន​ប្រសាសន៍​ដល់​ពួក​ឰយុកោ​ថា «ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា ទ្រង់​នឹង​បង្កើត​ហោរា​ម្នាក់ ពី​បង​ប្អូន​អ្នក​រាល់​គ្នា​មក ឲ្យ​ដូច​ខ្ញុំ ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​ស្តាប់​តាម​ហោរា​នោះ ក្នុង​គ្រប់​ការ​ទាំង​អស់ ដែល​លោក​នឹង​ប្រាប់​មក​ចុះ

23 ឯ​អស់​អ្នក​ណា​ដែល​មិន​ព្រម​ស្តាប់​តាម​វិញ នោះ​នឹង​ត្រូវ​វិនាស​បាត់​ពី​សាសន៍​ខ្លួន​ចេញ»

24 ហើយ​អស់​ទាំង​ហោរា ចាប់​តាំង​ពី​លោក​សាំយូ‌អែល គឺ​អស់​អ្នក​ដែល​បាន​ទាយ​ត​មក ក៏​បាន​ប្រាប់​ជា​មុន​ពី​គ្រា​នេះ​ដែរ

25 អ្នក​រាល់​គ្នា​ជា​ដំណ​វង្ស​នៃ​ពួក​ហោរា និង​សេចក្ដី​សញ្ញា ដែល​ព្រះ​បាន​តាំង​នឹង​ពួក​ឰយុកោ​យើង​រាល់​គ្នា ដោយ​មាន​ព្រះ‌បន្ទូល​នឹង​លោក​អ័ប្រា‌ហាំ​ថា «អស់​ទាំង​គ្រួសារ​នៅ​ផែនដី​នឹង​បាន​ពរ​ដោយ‌សារ​ពូជ​ឯង»

26 រីឯ​ដែល​ព្រះ​បាន​តាំង​ព្រះ‌យេស៊ូវ ជា​អ្នក​បំរើ​ទ្រង់​ឡើង នោះ​គឺ​សំរាប់​អ្នក​រាល់​គ្នា​ជា​ដើម ហើយ​ក៏​ចាត់​ទ្រង់​មក ដើម្បី​នឹង​ប្រទាន​ពរ​ដល់​អ្នក​រាល់​គ្នា ដោយ​បង្វែរ​អ្នក​រាល់​គ្នា​ពី​សេចក្ដី​អាក្រក់​របស់​ខ្លួន​ចេញ។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28