1 កំពុងដែលអ័ប៉ុឡូសនៅក្រុងកូរិនថូស នោះប៉ុលបានដើរកាត់អស់ទាំងស្រុកខាងលើ រហូតដល់ក្រុងអេភេសូរ កាលគាត់រកឃើញសិស្សខ្លះ នោះក៏សួរថា
2 ចាប់តាំងពីអ្នករាល់គ្នាជឿមក តើបានទទួលព្រះវិញ្ញាណបរិសុទ្ធឬនៅ គេឆ្លើយថាយើងខ្ញុំមិនបានទាំងឮនិយាយពីព្រះវិញ្ញាណបរិសុទ្ធផង
3 គាត់សួរគេទៀតថា ដូច្នេះ តើអ្នករាល់គ្នាបានទទួលបុណ្យជ្រមុជទឹកដោយនូវអ្វី គេឆ្លើយថា គឺដោយនូវបុណ្យជ្រមុជរបស់លោកយ៉ូហានទេ
4 រួចប៉ុលនិយាយថា លោកយ៉ូហានបានធ្វើបុណ្យជ្រមុជទឹក ពីដំណើរការប្រែចិត្ត ទាំងប្រាប់ពួកជនឲ្យជឿដល់ព្រះអង្គ ដែលយាងមកក្រោយលោកវិញ គឺដល់ព្រះយេស៊ូវគ្រីស្ទ
5 កាលបានឮដូច្នោះហើយ នោះគេក៏ទទួលបុណ្យជ្រមុជទឹក ដោយនូវព្រះនាមព្រះអម្ចាស់យេស៊ូវវិញ
6 រួចប៉ុលដាក់ដៃលើគេ ហើយព្រះវិញ្ញាណបរិសុទ្ធបានមកសណ្ឋិតលើគេ នោះគេចាប់តាំងនិយាយភាសាដទៃ ហើយអធិប្បាយផង
7 ពួកអ្នកទាំងនោះមានគ្នាប្រហែលជា១២នាក់។
8 ប៉ុលក៏ចូលទៅអធិប្បាយ ក្នុងសាលាប្រជុំ ដោយក្លាហាន ហើយក្នុងរវាង៣ខែ គាត់ចេះតែជជែកពន្យល់ ព្រមទាំងបញ្ចុះបញ្ចូលគេ ឲ្យជឿតាមអស់ទាំងសេចក្ដីពីនគរព្រះ
9 លុះកាលអ្នកខ្លះកើតមានចិត្តរឹងទទឹង ហើយចចេស ព្រមទាំងនិយាយអាក្រក់ពីផ្លូវនោះ នៅមុខប្រជាជន នោះគាត់ក៏ថយចេញពីគេទៅ ញែកយកទាំងពួកសិស្សទៅផង រួចគាត់ជជែកពន្យល់ក្នុងសាលាបង្រៀនរបស់ទីរ៉ានុសជារាល់ថ្ងៃ
10 គាត់ធ្វើដូច្នោះ អស់២ឆ្នាំ ដល់ម៉្លេះបានជាអស់អ្នក ដែលនៅស្រុកអាស៊ី បានឮព្រះបន្ទូលនៃព្រះអម្ចាស់ ទាំងសាសន៍យូដា និងសាសន៍ក្រេកផង
11 ហើយព្រះទ្រង់ធ្វើការឫទ្ធិបារមីយ៉ាងប្លែកៗ ដោយសារដៃប៉ុល
12 ដល់ម៉្លេះបានជាគេគ្រាន់តែយកកន្សែង ឬក្រមា ពីខ្លួនគាត់ ទៅដាក់លើមនុស្សមានជំងឺ នោះគេក៏បានជា ហើយមានអារក្សអសោចចេញពីមនុស្សដែរ។
13 រីឯមានមនុស្សសាសន៍យូដាខ្លះ ជាគ្រូមន្តអាគម ដែលដើរចុះឡើង គេក៏ចាប់តាំងអំពាវនាវ ដល់ព្រះនាមព្រះអម្ចាស់យេស៊ូវ ពីលើមនុស្សដែលមានអារក្សអសោចចូលថា អញបង្គាប់ឯង ដោយនូវព្រះយេស៊ូវ ដែលប៉ុលប្រកាសប្រាប់នោះ
14 ក្នុងពួកមនុស្សដែលធ្វើដូច្នោះ មាន៧នាក់ ជាកូននៃសាសន៍យូដាម្នាក់ ដែលធ្វើជាសង្គ្រាជឈ្មោះស្កេវ៉ា
15 តែអារក្សអសោចឆ្លើយទៅគេថា យើងស្គាល់ព្រះយេស៊ូវហើយ ក៏ស្គាល់ប៉ុលបន្តិចបន្តួចដែរ តែឯងរាល់គ្នា តើជាអ្នកណាវិញ
16 រួចមនុស្សដែលមានអារក្សអសោចចូលក៏ស្ទុះទៅលើគេ ទាំងបង្គ្រប ហើយឈ្នះគេ ដល់ម៉្លេះបានជាគេរត់ចេញពីផ្ទះនោះទាំងអាក្រាត ហើយមានរបួសផង
17 ឯអស់មនុស្សនៅក្រុងអេភេសូរ ទាំងសាសន៍យូដា និងសាសន៍ក្រេកផង បានដឹងរឿងនោះ ក៏កើតមានចិត្តភ័យខ្លាចទាំងអស់គ្នា ហើយព្រះនាមព្រះអម្ចាស់យេស៊ូវក៏បានថ្កើងឡើង
18 មានមនុស្សជាច្រើនដែលបានជឿ គេមកលន់តួ ព្រមទាំងសំដែងប្រាប់ពីការដែលខ្លួនបានប្រព្រឹត្តផង
19 ឯមនុស្សដែលប្រព្រឹត្តវិជ្ជាប្លែកៗ នោះក៏មានច្រើននាក់ បានយកក្បួនដំរារបស់ខ្លួន មកដុតចោលនៅចំពោះមុខមនុស្សទាំងអស់គ្នា គេបានគិតថ្លៃក្បួនទាំងនោះមើល ឃើញមានដំឡៃអស់៥ម៉ឺនរៀល
20 គឺយ៉ាងដូច្នោះឯង ដែលព្រះបន្ទូលនៃព្រះអម្ចាស់បានចំរើនកើនឡើង ហើយបានឈ្នះដោយអំណាច។
21 ក្រោយការទាំងនោះមក ប៉ុលគិតសំរេចក្នុងចិត្តថា កាលណាបានដើរកាត់ស្រុកម៉ាសេដូន និងស្រុកអាខៃហើយ នោះគាត់នឹងទៅឯក្រុងយេរូសាឡិម ក៏និយាយថា ក្រោយដែលខ្ញុំបានទៅឯណោះហើយ នោះត្រូវឲ្យខ្ញុំទៅមើលក្រុងរ៉ូមដែរ
22 គាត់ចាត់អ្នកជំនួយគាត់២នាក់ គឺធីម៉ូថេ និងអេរ៉ាស្ទុស ឲ្យទៅស្រុកម៉ាសេដូន តែខ្លួនគាត់ស្នាក់នៅក្នុងស្រុកអាស៊ីបន្តិចទៀត។
23 នៅគ្រានោះ កើតមានវឹកវរជាធំ ពីដំណើរផ្លូវនោះ
24 ដ្បិតមានមនុស្សម្នាក់ឈ្មោះដេមេទ្រាស ជាជាងប្រាក់ ដែលធ្វើអាស្រមព្រះឌីអានពីប្រាក់ គាត់ជួយដល់ពួកជាងទាំងប៉ុន្មាន ឲ្យបានកំរៃជាច្រើន
25 កាលគាត់បានប្រមូលគេ ព្រមទាំងពួកអ្នកដែលមានរបរដូចគ្នាទាំងប៉ុន្មានមក នោះគាត់និយាយថា អ្នករាល់គ្នាអើយ អ្នកដឹងថា យើងបានផលចំណេញពីរបរនេះមក
26 អ្នកក៏ឃើញ ហើយឮថា ឈ្មោះប៉ុលនេះបានបញ្ចុះបញ្ចូល ព្រមទាំងបង្វែរមនុស្សសន្ធឹកទៅហើយ មិនត្រឹមតែនៅអេភេសូរប៉ុណ្ណោះ គឺស្ទើរតែនឹងគ្រប់សព្វនៅស្រុកអាស៊ីផង ដោយពាក្យថាអស់ទាំងព្រះដែលដៃមនុស្សធ្វើ នោះមិនមែនជាព្រះទេ
27 ដូច្នេះ មានអន្តរាយកើតដល់យើង មិនត្រឹមតែសមាគមនេះ ដោយគេលែងរាប់អានប៉ុណ្ណោះ គឺក្រែងគេលែងទាំងគោរពប្រតិបត្តិ ដល់ព្រះវិហាររបស់ព្រះឌីអានដ៏ធំថែមទៀតផង រួចសិរីល្អនៃព្រះរបស់យើង ដែលគ្រប់ស្រុកអាស៊ី និងលោកីយ៍ទាំងមូលក៏ថ្វាយបង្គំ នឹងត្រូវសាបសូន្យទៅ
28 កាលគេឮសេចក្ដីនោះហើយ គេក៏មានពេញដោយសេចក្ដីកំហឹង ហើយស្រែកប្រកាសថា ព្រះឌីអាននៃពួកក្រុងអេភេសូរយើង ទ្រង់ធំវិសេស
29 នោះក៏កើតមានវឹកវរពេញក្នុងក្រុង គេស្រុះចិត្តគ្នាចាប់កន្ត្រាក់កៃយុស និងអើរីស្តាក ជាអ្នកស្រុកម៉ាសេដូន ដែលដើរដំណើរជាមួយនឹងប៉ុល នាំម្នីម្នាចូលទៅក្នុងរោងជំនុំ
30 ឯប៉ុលគាត់គិតចូលទៅឯបណ្តាជនដែរ តែពួកសិស្សមិនព្រមឲ្យទៅទេ
31 ហើយមានពួកចៅហ្វាយនៅស្រុកអាស៊ីខ្លះដែលស្រឡាញ់គាត់ ក៏ចាត់គេមកអង្វរថា សូមកុំឲ្យចូលទៅក្នុងរោងជំនុំនោះឡើយ
32 ឯបណ្តាជន ខ្លះស្រែកយ៉ាងនេះ ខ្លះស្រែកយ៉ាងនោះ ដ្បិតមនុស្សក្នុងចំណោមនោះ កំពុងជ្រួលជ្រើមជាខ្លាំង ច្រើនមិនដឹងជាគេប្រជុំគ្នាដោយហេតុអ្វីផង
33 ពួកសាសន៍យូដាក៏ច្រានអ័លេក្សានត្រុសចេញពីហ្វូងមនុស្សទៅខាងមុខ គាត់ក៏ធ្វើគ្រឿងសំគាល់នឹងដៃ ចង់ដោះសានឹងបណ្តាមនុស្ស
34 កាលគេបានដឹងថា គាត់ជាសាសន៍យូដា គេក៏ស្រែកឡើងព្រមគ្នាចំនួនប្រហែលជា២ម៉ោងថា ព្រះឌីអាននៃពួកក្រុងអេភេសូរយើង ទ្រង់ធំវិសេស
35 កាលលោកភូឈួយបានធ្វើបង្អន់ដល់ហ្វូងមនុស្ស នោះក៏និយាយថា នែ ពួកក្រុងអេភេសូរអើយ តើមានអ្នកឯណាដែលមិនដឹងថា ពួកអ្នកនៅក្រុងនេះ ជាអ្នកថែរក្សាព្រះវិហារនៃព្រះឌីអានដ៏ធំ ដែលធ្លាក់មកពីព្រះសេយូសនោះ
36 ដូច្នេះ ដែលសេចក្ដីនោះជាពិតហើយ នោះគួរតែឲ្យអ្នករាល់គ្នាបានធ្វើដោយស្រួលទៅចុះ មិនត្រូវធ្វើដោយរលះរលាំងដូច្នេះឡើយ
37 អ្នករាល់គ្នាបាននាំមនុស្សទាំងនេះមក ដែលមិនមែនជាចោរលួចវិហារ ឬប្រមាថដល់ព្រះនៃអ្នករាល់គ្នាទេ
38 ដូច្នេះ បើសិនជាដេមេទ្រាស និងពួកជាងដែលមកជាមួយគ្នានេះ មានរឿងអ្វីនឹងអ្នកណា នោះមានទីសំរាប់ជំនុំជំរះក្តីស្រាប់ ហើយមានទាំងពួកចៅក្រមផង ត្រូវឲ្យគេប្តឹងប្តល់គ្នាទៅចុះ
39 តែបើអ្នករាល់គ្នាចង់សួរពីដំណើរណាទៀត នោះត្រូវតែបានសំរេចក្នុងជំនុំ ដែលប្រជុំតាមច្បាប់វិញ
40 ដ្បិតខ្លាចក្រែងយើងត្រូវទោសជាពួកបះបោរ ដោយព្រោះរឿងដែលកើតមកនៅថ្ងៃនេះ ដ្បិតគ្មានហេតុណាមួយ ដែលយើងអាចនឹងដោះសាពីការប្រជុំនេះបានទេ
41 កាលមានប្រសាសន៍សេចក្ដីទាំងនេះរួចហើយ នោះលោកឲ្យគេទៅវិញទៅ។