25 ដូច្នេះ យើងខ្ញុំបានព្រមព្រៀងគ្នាយល់ឃើញថា គួរនឹងរើសអ្នកខ្លះ ចាត់មកឯអ្នករាល់គ្នា ជាមួយនឹងបាណាបាស ហើយនឹងប៉ុល ជាសំឡាញ់ស្ងួនភ្ងានៃយើងខ្ញុំ
26 ដែលបានប្រថុយជីវិត ដោយយល់ដល់ព្រះនាមនៃព្រះអម្ចាស់យេស៊ូវគ្រីស្ទនៃយើងរាល់គ្នា
27 ដូច្នេះ យើងខ្ញុំបានចាត់យូដាស និងស៊ីឡាសមក ឲ្យជំរាបដល់អ្នករាល់គ្នាផ្ទាល់មាត់ ពីសេចក្ដីនោះឯង
28 ពីព្រោះព្រះវិញ្ញាណបរិសុទ្ធ និងយើងខ្ញុំរាល់គ្នា បានយល់ឃើញថា មិនគួរគប្បីនឹងដាក់បន្ទុកអ្វីទៀតលើអ្នករាល់គ្នា ក្រៅពីសេចក្ដីទាំងនេះដែលត្រូវតែកាន់នោះឡើយ
29 គឺឲ្យចៀសវាងចំពោះរបស់ដែលបានថ្វាយដល់រូបព្រះ១ ឈាម១ សត្វដែលសំឡាប់ដោយច្របាច់ក១ និងសេចក្ដីកំផិត១ បើអ្នករាល់គ្នាចៀសវាងពីរបស់ទាំងនេះ នោះបានល្អហើយ សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្ដីសុខចុះ។
30 កាលពួកជំនុំបានឲ្យអ្នកទាំងនោះទៅហើយ នោះគេទៅដល់អាន់ទីយ៉ូក ក៏ប្រជុំពួកសិស្សទាំងប៉ុន្មាន ហើយប្រគល់សំបុត្រនោះដល់ពួកជំនុំ
31 លុះបានអានមើលសំបុត្រស្រេចហើយ ពួកនោះក៏មានសេចក្ដីរីករាយដោយពាក្យកំសាន្តនោះ