22 ហ្វូងមនុស្សក៏លើកគ្នាទាស់នឹងប៉ុល ហើយនឹងស៊ីឡាសដែរ រួចមេនគរបាលបានកន្ត្រាក់ហែកអាវគេចេញ ហើយបង្គាប់ឲ្យវាយនឹងរំពាត់
23 ក្រោយដែលវាយ មានស្នាមជាច្រើនហើយ នោះក៏យកទៅដាក់គុក បង្គាប់មេភូឃុំ ឲ្យរក្សាដោយប្រយ័ត្នប្រយែង
24 មេភូឃុំទទួលបង្គាប់យ៉ាងដូច្នោះហើយ ក៏នាំយកគេទៅដាក់ក្នុងគុកជ្រៅ ព្រមទាំងដាក់ខ្នោះភ្ជាប់នៅជើងផង
25 លុះពេលប្រហែលជាកណ្តាលអធ្រាត្រ ប៉ុល និងស៊ីឡាស កំពុងតែអធិស្ឋាន ហើយច្រៀងសរសើរដល់ព្រះ ឯពួកអ្នកទោសក៏ស្តាប់ដែរ
26 នោះស្រាប់តែកើតមានកក្រើកដីជាខ្លាំង ដល់ម៉្លេះបានជារញ្ជួយដល់ជើងជញ្ជាំងគុកផង ហើយទ្វារទាំងប៉ុន្មានរបើកចេញភ្លាម ខ្នោះក៏រហើបចេញទាំងអស់ទៅ
27 កាលមេភូឃុំភ្ញាក់ឡើង ឃើញទ្វារគុកនៅចំហដូច្នោះ ក៏ហូតដាវបំរុងនឹងសំឡាប់ខ្លួនចោល ដោយស្មានថា អ្នកទោសបានរត់រួចអស់ហើយ
28 ប៉ុន្តែ ប៉ុលស្រែកឡើងឃាត់ថា កុំធ្វើបាបខ្លួនឡើយ ដ្បិតយើងនៅឯណេះទាំងអស់គ្នាទេ