9 លុះកាលអ្នកខ្លះកើតមានចិត្តរឹងទទឹង ហើយចចេស ព្រមទាំងនិយាយអាក្រក់ពីផ្លូវនោះ នៅមុខប្រជាជន នោះគាត់ក៏ថយចេញពីគេទៅ ញែកយកទាំងពួកសិស្សទៅផង រួចគាត់ជជែកពន្យល់ក្នុងសាលាបង្រៀនរបស់ទីរ៉ានុសជារាល់ថ្ងៃ
10 គាត់ធ្វើដូច្នោះ អស់២ឆ្នាំ ដល់ម៉្លេះបានជាអស់អ្នក ដែលនៅស្រុកអាស៊ី បានឮព្រះបន្ទូលនៃព្រះអម្ចាស់ ទាំងសាសន៍យូដា និងសាសន៍ក្រេកផង
11 ហើយព្រះទ្រង់ធ្វើការឫទ្ធិបារមីយ៉ាងប្លែកៗ ដោយសារដៃប៉ុល
12 ដល់ម៉្លេះបានជាគេគ្រាន់តែយកកន្សែង ឬក្រមា ពីខ្លួនគាត់ ទៅដាក់លើមនុស្សមានជំងឺ នោះគេក៏បានជា ហើយមានអារក្សអសោចចេញពីមនុស្សដែរ។
13 រីឯមានមនុស្សសាសន៍យូដាខ្លះ ជាគ្រូមន្តអាគម ដែលដើរចុះឡើង គេក៏ចាប់តាំងអំពាវនាវ ដល់ព្រះនាមព្រះអម្ចាស់យេស៊ូវ ពីលើមនុស្សដែលមានអារក្សអសោចចូលថា អញបង្គាប់ឯង ដោយនូវព្រះយេស៊ូវ ដែលប៉ុលប្រកាសប្រាប់នោះ
14 ក្នុងពួកមនុស្សដែលធ្វើដូច្នោះ មាន៧នាក់ ជាកូននៃសាសន៍យូដាម្នាក់ ដែលធ្វើជាសង្គ្រាជឈ្មោះស្កេវ៉ា
15 តែអារក្សអសោចឆ្លើយទៅគេថា យើងស្គាល់ព្រះយេស៊ូវហើយ ក៏ស្គាល់ប៉ុលបន្តិចបន្តួចដែរ តែឯងរាល់គ្នា តើជាអ្នកណាវិញ