27 កាលជិតគ្រប់៧ថ្ងៃនោះហើយ នោះពួកសាសន៍យូដាពីស្រុកអាស៊ី គេឃើញប៉ុលក្នុងព្រះវិហារ ក៏ញុះញង់ដល់បណ្តាមនុស្សទាំងប៉ុន្មាន រួចលូកដៃទៅចាប់យកគាត់ ហើយស្រែកថា
28 នែ អ្នករាល់គ្នា ជាសាសន៍អ៊ីស្រាអែលអើយ មកវ៉ឺយជួយគ្នា នេះហើយជាមនុស្សដែលបង្រៀនដល់មនុស្សទាំងអស់ នៅគ្រប់ទីតំបន់ ឲ្យទាស់នឹងសាសន៍យើង និងក្រឹត្យវិន័យ ហើយទីនេះដែរ ឥឡូវនេះ បាននាំទាំងសាសន៍ក្រេកចូលមកក្នុងព្រះវិហារ ធ្វើបង្អាប់ទីបរិសុទ្ធនេះថែមទៀតផង
29 ដំណើរនេះ គេស្មានថា គាត់នាំសាសន៍ក្រេកនោះទៅក្នុងព្រះវិហារ ដោយព្រោះពីថ្ងៃមុន គេឃើញទ្រភីម ជាអ្នកស្រុកអេភេសូរ នៅជាមួយនឹងគាត់ក្នុងទីក្រុង
30 នោះក្រុងទាំងមូលក៏កើតជ្រួលជ្រើម បណ្តាជនទាំងឡាយ គេរត់មកមូលគ្នា កាលចាប់ប៉ុលបានហើយ នោះគេទាញកន្ត្រាក់គាត់ចេញទៅខាងក្រៅព្រះវិហារ រួចបិទទ្វារភ្លាម
31 តែកំពុងដែលគេរកចន្លោះសំឡាប់គាត់ នោះដំណឹងក៏ឮផ្សាយទៅដល់មេទ័ពធំថា មានកើតវឹកវរពេញក្នុងក្រុងយេរូសាឡិម
32 លោកក៏យកទាហាន និងមេទ័ពរង នាំរត់ចុះទៅឯគេភ្លាម កាលឃើញលោក និងទាហានមកដល់ គេក៏ឈប់លែងវាយប៉ុល
33 លោកចូលទៅចាប់គាត់ ហើយបង្គាប់ឲ្យដាក់ច្រវាក់២ខ្សែ រួចស៊ើបសួរពីគាត់ជាអ្នកណា ហើយបានធ្វើអ្វីខ្លះ