14 កាលទ្រង់គង់នៅទីនោះជាយូរថ្ងៃ នោះលោកភេស្ទុសក៏ទូលពីរឿងប៉ុល ថ្វាយស្តេចថា លោកភេលីចបានទុកអ្នកទោសម្នាក់ ឲ្យជាប់គុកនៅទីនេះ
15 ហើយកាលដែលទូលបង្គំនៅក្រុងយេរូសាឡិម នោះពួកសង្គ្រាជ និងពួកចាស់ទុំនៃសាសន៍យូដា បានប្តឹងទូលបង្គំ ទាំងសូមឲ្យទូលបង្គំកាត់ទោសឲ្យ
16 តែទូលបង្គំឆ្លើយប្រាប់គេថា សាសន៍រ៉ូមមិនដែលបញ្ជូនមនុស្សណាឲ្យត្រូវស្លាប់ មុនដែលចុងចំឡើយមានពួកដើមចោទនៅមុខខ្លួន ហើយមានឱកាសនឹងដោះសាពីរឿងគេចោទនោះឡើយ
17 ដូច្នេះ កាលគេបានមកទីនេះ នោះដល់ថ្ងៃស្អែកឡើង ទូលបង្គំបានអង្គុយនៅទីជំនុំជំរះក្តីដោយឥតបង្អង់ ហើយក៏បង្គាប់ឲ្យនាំមនុស្សនោះមក
18 តែកាលពួកដើមចោទបានឈរឡើង គេមិនបានចោទប្រកាន់វាអំពីរឿងអ្វី ឲ្យដូចដែលទូលបង្គំបានស្មាននោះទេ
19 គេគ្រាន់តែប្រកាន់ពីរបៀបសាសនាគេ ហើយពីដំណើរម្នាក់ឈ្មោះយេស៊ូវ ដែលស្លាប់ទៅហើយ តែប៉ុលប្រកាន់ថានៅរស់ទេប៉ុណ្ណោះ
20 ហើយដែលទូលបង្គំទ័លគំនិតនឹងពិចារណាពីសេចក្ដីនោះ ក៏សួរវា បើវាសុខចិត្តនឹងទៅឯក្រុងយេរូសាឡិម ឲ្យបានជំនុំជំរះពីរឿងនោះឬទេ