កិច្ចការ 27:7-13 KHOV

7 កាល​បើក​បន្តិចៗ​ទៅ​ជា​យូរ​ថ្ងៃ ក៏​មក​ទន្ទឹម​នឹង​គ្នីដុស ដោយ​ពិបាក​ណាស់ ពី​ព្រោះ​ខ្យល់​មិន​ស្រួល​សោះ នោះ​យើង​បើក​សសៀរ​ចូល​ទៅ តាម​កោះ​ក្រេត ទល់​មុខ​នឹង​ជ្រោយ​សាល‌ម៉ូន

8 បើក​ទៅ​តាម​កោះ​នោះ ដោយ​ពិបាក​ណាស់ ក៏​ដល់​កន្លែង​១​ហៅ​ថា ទ្វារ​សមុទ្រ​លំអ ដែល​នៅ​ជិត​ក្រុង​ឡា‌សេ។

9 លុះ​បាន​កន្លង​មក​ជា​យូរ​ថ្ងៃ កាល​សំពៅ​ណា​បើក​ទៅ​នឹង​មាន​អន្តរាយ ពី​ព្រោះ​បុណ្យ​តមបាន​កន្លង​ហើយ នោះ​ប៉ុល​ទូន្មាន​គេ​ថា

10 អ្នក​រាល់​គ្នា​អើយ បើ​បើក​ទៅ​ឥឡូវ ខ្ញុំ​យល់​ឃើញ​ថា នឹង​មាន​អន្តរាយ ហើយ​ខូច​ខាត​ជា​ច្រើន មិន​ត្រឹម​តែ​ទំនិញ និង​សំពៅ​ប៉ុណ្ណោះ​ទេ គឺ​ដល់​ទាំង​ជីវិត​យើង​រាល់​គ្នា​ផង

11 ប៉ុន្តែ មេ​ទ័ព​បាន​ទុក​ចិត្ត​នឹង​អ្នក​កាន់​ចង្កូត ហើយ​នឹង​ម្ចាស់​សំពៅ ជា​ជាង​ពាក្យ​ដែល​ប៉ុល​ថា​នោះ​វិញ

12 ហើយ​ដោយ​ព្រោះ​ទ្វារ​សមុទ្រ​នោះ​មិន​ស្រួល​នឹង​សំណាក់​នៅ​ក្នុង​រដូវ​រងា​ផង បាន​ជា​ច្រើន​គ្នា​គេ​ទូន្មាន​ឲ្យ​បើក​ចេញ​ពី​ទី​នោះ​ទៅ ដើម្បី​នឹង​ស្រូត​ទៅ​ឯ​ភេនីច ហើយ​ឲ្យ​ស្នាក់​នៅ​ក្នុង​រដូវ​រងា​វិញ បើ​សិន​ជា​បាន នោះ​ជា​ទ្វារ​សមុទ្រ​នៅ​កោះ​ក្រេត ដែល​បែរ​ទៅ​ទិស​និរតី និង​ទិស​ពាយព្យ។

13 ដូច្នេះ កាល​មាន​ខ្យល់​បក់​រំភើយៗ​មក​ពី​ទិស​ខាង​ត្បូង នោះ​គេ​ស្មាន​ថា​បាន​ដូច​ចិត្ត​ហើយ ក៏​ស្រាវ​យុថ្កា​ឡើង បើក​ទៅ​តាម​ក្បែរ​កោះ​ក្រេត