12 កាលពេត្រុសបានឃើញដូច្នោះ នោះគាត់និយាយទៅប្រជាជនថា ឱសាសន៍អ៊ីស្រាអែលរាល់គ្នាអើយ ហេតុអ្វីបានជាមានសេចក្ដីប្លែកក្នុងចិត្តពីការនេះ ហើយសំឡឹងមើលមកយើងខ្ញុំ ហាក់ដូចជាយើងខ្ញុំបានធ្វើឲ្យមនុស្សនេះដើររួច ដោយអាងអំណាច ឬគុណានុភាពរបស់ខ្លួនយើងខ្ញុំដូច្នេះ
13 ព្រះនៃលោកអ័ប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប ជាព្រះនៃពួកឰយុកោយើងរាល់គ្នា ទ្រង់បានដំកើងអ្នកបំរើទ្រង់នោះ គឺព្រះយេស៊ូវ ដែលអ្នករាល់គ្នាបានបញ្ជូនទៅ ហើយក្នុងកាលដែលលោកពីឡាត់សំរេចសេចក្ដីថានឹងលែងទ្រង់ នោះអ្នករាល់គ្នាបានប្រកែកបដិសេធនៅមុខលោក មិនព្រមទទួលទ្រង់ទេ
14 គឺជាមិនព្រមទទួលព្រះដ៏បរិសុទ្ធ ហើយសុចរិតនោះឯង បែរជាសូមឲ្យលោកលែងមនុស្សដែលសំឡាប់គេ ដល់អ្នករាល់គ្នាវិញ
15 អ្នករាល់គ្នាបានសំឡាប់ព្រះអម្ចាស់ជីវិតនោះទៅ តែព្រះបានប្រោសឲ្យទ្រង់មានព្រះជន្មរស់ពីស្លាប់ឡើងវិញ យើងខ្ញុំនេះជាទីបន្ទាល់ពីការនោះឯង
16 ហើយគឺដោយសារសេចក្ដីជំនឿជឿដល់ព្រះនាមទ្រង់ នោះព្រះនាមទ្រង់បានប្រោសមនុស្សនេះ ដែលអ្នករាល់គ្នាឃើញ ហើយស្គាល់ ឲ្យមានកំឡាំងឡើង គឺជាសេចក្ដីជំនឿដែលកើតមក ដោយសារព្រះអង្គនោះឯង បានធ្វើឲ្យគាត់ជាស្រឡះ នៅមុខអ្នករាល់គ្នាដូច្នេះ
17 ឥឡូវនេះ បងប្អូនអើយ ខ្ញុំដឹងថា អ្នករាល់គ្នា ព្រមទាំងពួកនាម៉ឺននៃអ្នករាល់គ្នា បានប្រព្រឹត្តការនោះ ដោយមិនបានយល់ទេ
18 ប៉ុន្តែ សេចក្ដីដែលព្រះបានប្រកាសប្រាប់ជាមុន ដោយសារមាត់នៃអស់ទាំងហោរារបស់ទ្រង់ ពីដំណើរព្រះគ្រីស្ទថា ទ្រង់ត្រូវរងទុក្ខលំបាក នោះព្រះទ្រង់ក៏បានសំរេចតាមយ៉ាងដូច្នោះឯង