កិច្ចការ 5:37-42 KHOV

37 ក្រោយ​នោះ​មក នៅ​វេលា​ធ្វើ​បញ្ជី​កត់​ត្រា​រាស្ត្រ នោះ​មាន​ឈ្មោះ​យូដាស ជា​អ្នក​ស្រុក​កាលី‌ឡេ​ទៀត បាន​លើក​ខ្លួន​ឡើង បញ្ចុះ​បញ្ចូល​មនុស្ស​ជា​ច្រើន​ឲ្យ​ទៅ​តាម​ខ្លួន វា​ក៏​វិនាស​បាត់​ទៅ​ដែរ ហើយ​ពួក​អ្នក​ដែល​ចុះ​ចូល​តាម ក៏​ត្រូវ​ខ្ចាត់​ខ្ចាយ​ទាំង​អស់​គ្នា​ទៅ

38 ដូច្នេះ ខ្ញុំ​ទូន្មាន​អ្នក​រាល់​គ្នា​ថា ចូរ​ដក​ខ្លួន​ពី​មនុស្ស​ទាំង​នេះ​ចេញ កុំ​ឲ្យ​ធ្វើ​អ្វី​ដល់​គេ​ឡើយ ដ្បិត​បើ​សិន​ជា​គំនិត​គេ ឬ​ការ​គេ​ធ្វើ​នេះ​កើត​ឡើង​ពី​មនុស្ស នោះ​នឹង​ត្រូវ​វិនាស​ទៅ​ជា​មិន​ខាន

39 តែ​បើ​កើត​មក​ពី​ព្រះ​វិញ នោះ​អ្នក​រាល់​គ្នា​ពុំ​អាច​នឹង​ធ្វើ​ឲ្យ​វិនាស​បាន​ទេ ក្រែង​អ្នក​រាល់​គ្នា​ជាប់​ទោស​ជា​ពួក​អ្នក​ត‌យុទ្ធ​នឹង​ព្រះ​ដែរ

40 ពួក​ក្រុម‌ជំនុំ​ក៏​យល់​ព្រម​តាម​គំនិត​លោក រួច​កាល​បាន​ហៅ​ពួក​សាវក​មក​វិញ នោះ​ក៏​វាយ​នឹង​រំពាត់ ព្រម​ទាំង​ហាម​ឃាត់ មិន​ឲ្យ​និយាយ​ពី​ព្រះ‌នាម​ព្រះ‌យេស៊ូវ​ទៀត រួច​លែង​ឲ្យ​ទៅ

41 ពួក​សាវក​ក៏​ចេញ​ពី​ពួក​ក្រុម‌ជំនុំ​ទៅ ដោយ​អរ​សប្បាយ ពី​ព្រោះ​ព្រះ​បាន​រាប់​ជា​អ្នក​គួរ​នឹង​ទ្រាំ​សេចក្ដី​ដំនៀល ដោយ​ព្រោះ​ព្រះ‌នាម​ទ្រង់

42 ហើយ​អ្នក​ទាំង​នោះ​ចេះ​តែ​បង្រៀន ព្រម​ទាំង​ប្រាប់​ដំណឹង​ល្អ​ពី​ព្រះ‌យេស៊ូវ​គ្រីស្ទ នៅ​ក្នុង​ព្រះ‌វិហារ ហើយ​នៅ​អស់​ទាំង​ផ្ទះ​រាល់​តែ​ថ្ងៃ​ជានិច្ច។