កិច្ចការ 8 KHOV

សុល​បៀត​បៀន​ពួក​សិស្ស

1 នៅ​ថ្ងៃ​នោះ​ឯង ក៏​កើត​មាន​សេចក្ដី​បៀត​បៀន​ជា​ខ្លាំង ទាស់​នឹង​ពួក​ជំនុំ​នៅ​ក្រុង​យេរូ‌សាឡិម ហើយ​ពួក​ជំនុំ​ត្រូវ​ខ្ចាត់​ខ្ចាយ ទៅ​នៅ​តែ‌ពាស ក្នុង​ស្រុក​យូដា និង​ស្រុក​សាម៉ារី លើក​តែ​ពួក​សាវក​ចេញ

2 រីឯ​ខ្មោច​ស្ទេផាន នោះ​មាន​ពួក​មនុស្ស​ខ្លះ​ដែល​កោត‌ខ្លាច​ដល់​ព្រះ បាន​នាំ​យក​ទៅ​កប់ ព្រម​ទាំង​យំ​សោក​នឹង​គាត់​ជា​ខ្លាំង​ផង។

3 ឯ​សុល​បាន​ធ្វើ​ទុក្ខ​ដល់​ពួក​ជំនុំ​ខ្លាំង​ណាស់ ដោយ​ចូល​គ្រប់​តែ​ផ្ទះ ចាប់​ទាញ​អូស​ទាំង​ប្រុស​ទាំង​ស្រី បញ្ជូន​ទៅ​ដាក់​គុក។

4 ចំណែក​អស់​អ្នក​ដែល​ត្រូវ​ខ្ចាត់​ខ្ចាយ​នោះ គេ​ដើរ​ចុះ​ឡើង​ទាំង​ផ្សាយ​ដំណឹង​ល្អ គឺ​ជា​ព្រះ‌បន្ទូល

5 ឯ​ភីលីព គាត់​ចុះ​ទៅ​ឯ​ទី​ក្រុង​១​នៅ​ស្រុក​សាម៉ារី ប្រាប់​គេ​ពី​ព្រះ‌គ្រីស្ទ

6 ហើយ​បណ្តា​មនុស្ស​ក៏​ស្រុះ​ចិត្ត​គ្នា និង​ប្រុង​ស្តាប់​អស់​ទាំង​សេចក្ដី ដែល​ភីលីព​និយាយ ដោយ​គេ​ឮ ហើយ​ឃើញ​ទី​សំគាល់​ដែល​គាត់​ធ្វើ

7 ព្រោះ​មាន​អារក្ស​អសោច ដែល​បាន​ចូល​មនុស្ស​ជា វា​ស្រែក​ឡើង​ជា​ខ្លាំង រួច​ចេញ​មក ក៏​មាន​មនុស្ស​ស្លាប់​ដៃ​ស្លាប់​ជើង និង​មនុស្ស​ខ្វិន​ជា​ច្រើន បាន​ជា​ដែរ

8 ហើយ​នៅ​ទី​ក្រុង​នោះ គេ​មាន​សេចក្ដី​អំណរ​ជា​ខ្លាំង។

9 រីឯ​នៅ​ក្រុង​នោះ មាន​មនុស្ស​ម្នាក់​ឈ្មោះ​ស៊ីម៉ូន ជា​អ្នក​ដែល​ពី​ដើម​នាំ​ឲ្យ​សាសន៍​សាម៉ារី​ភាន់‌ភាំង ដោយ​វិធី​មន្ត‌អាគម​របស់​ខ្លួន ទាំង​ប្រកាស​ខ្លួន​ថា​ជា​អ្នក​ធំ​ណា​មួយ

10 មនុស្ស​ទាំង‌ឡាយ ចាប់​តាំង​ពី​អ្នក​តូច រហូត​ដល់​អ្នក​ធំ ក៏​ប្រុង​ផ្ចង់​ស្តាប់​គាត់​ទាំង​អស់​គ្នា ដោយ​ថា អ្នក​នេះ​ពិត​ជា​តួ​ព្រះ‌ចេស្តា​នៃ​ព្រះ​ដ៏​ធំ​ហើយ

11 គេ​ប្រុង​ស្តាប់​គាត់ ពី​ព្រោះ​គាត់​នាំ​ឲ្យ​ភាន់​ជា​យូរ​មក​ហើយ ដោយ​មន្ត‌អាគម​របស់​គាត់

12 តែ​កាល​មនុស្ស​ទាំង​អស់​បាន​ជឿ​តាម​ភីលីព ដែល​គាត់​ប្រាប់​ដំណឹង​ល្អ​ពី​នគរ​នៃ​ព្រះ ហើយ​ពី​ព្រះ‌នាម​ព្រះ‌យេស៊ូវ​គ្រីស្ទ​វិញ នោះ​គេ​ក៏​ទទួល​បុណ្យ​ជ្រមុជ‌ទឹក​ទាំង​ប្រុស​ទាំង​ស្រី

13 ហើយ​ស៊ីម៉ូន​នោះ​ក៏​ជឿ​ដែរ លុះ​គាត់​ទទួល​បុណ្យ​ជ្រមុជ​រួច​ហើយ នោះ​ក៏​នៅ​ជាប់​នឹង​ភីលីព​ជា​ដរាប​ទៅ ហើយ​គាត់​កើត​មាន​សេចក្ដី​អស្ចារ្យ ដោយ​បាន​ឃើញ​ទី​សំគាល់ និង​ការ​ឫទ្ធិ‌បារមី​ជា​ធំ​ដែល​កើត​មក។

14 កាល​ពួក​សាវក នៅ​ក្រុង​យេរូ‌សាឡិម បាន​ឮ​ថា ស្រុក​សាម៉ារី​ទទួល​ព្រះ‌បន្ទូល​ហើយ នោះ​គេ​ចាត់​ពេត្រុស និង​យ៉ូហាន ឲ្យ​ទៅ​ឯ​ពួក​អ្នក​នោះ

15 លុះ​អ្នក​ទាំង​២​បាន​ចុះ​ទៅ​ដល់​ហើយ នោះ​ក៏​អធិស្ឋាន​ឲ្យ​គេ ប្រយោជន៍​ឲ្យ​គេ​បាន​ទទួល​ព្រះ‌វិញ្ញាណ​បរិសុទ្ធ

16 ដ្បិត​ព្រះ‌វិញ្ញាណ​មិន​ទាន់​ចុះ​មក សណ្ឋិត​លើ​ពួក​គេ​ណា​មួយ​នៅ​ឡើយ គេ​គ្រាន់​តែ​បាន​ទទួល​បុណ្យ​ជ្រមុជ‌ទឹក ដោយ​នូវ​ព្រះ‌នាម​ព្រះ‌អម្ចាស់​យេស៊ូវ​ប៉ុណ្ណោះ

17 ដូច្នេះ អ្នក​ទាំង​២​ក៏​ដាក់​ដៃ​លើ​គេ ហើយ​គេ​បាន​ទទួល​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ដែរ

18 កាល​ស៊ីម៉ូន​បាន​ឃើញ​ថា ព្រះ‌វិញ្ញាណ​បរិសុទ្ធ​បាន​មក​សណ្ឋិត​ដោយ​ពួក​សាវក​ដាក់​ដៃ​លើ​គេ​ដូច្នោះ នោះ​គាត់​យក​ប្រាក់​មក​ជូន ដោយ​ពាក្យ​ថា

19 សូម​ឲ្យ​ខ្ញុំ​មាន​អំណាច​នេះ​ផង ដើម្បី​ឲ្យ​ខ្ញុំ​ដាក់​ដៃ​លើ​អ្នក​ណា ឲ្យ​អ្នក​នោះ​បាន​ទទួល​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ដែរ

20 តែ​ពេត្រុស​ឆ្លើយ​តប​ថា ចូរ​ឲ្យ​ប្រាក់​អ្នក​វិនាស​ទៅ​ជា​មួយ​នឹង​អ្នក​ចុះ ព្រោះ​អ្នក​ស្មាន​ថា នឹង​យក​ប្រាក់​មក​ទិញ​អំណោយ​ទាន​របស់​ព្រះ​បាន​ដូច្នេះ

21 អ្នក​គ្មាន​ភាគ​គ្មាន​ចំណែក​ក្នុង​ការ​នេះ​ឡើយ ព្រោះ​ចិត្ត​អ្នក​មិន​ស្មោះ‌ត្រង់​ចំពោះ​ព្រះ​ទេ

22 ដូច្នេះ ចូរ​ប្រែ​ចិត្ត​ចេញ​ពី​សេចក្ដី​អាក្រក់​នេះ​ចុះ ហើយ​សូម​អង្វរ​ដល់​ព្រះ‌អម្ចាស់​វិញ ក្រែង​ទ្រង់​នឹង​អត់​ទោស​ដល់​គំនិត​ក្នុង​ចិត្ត​អ្នក​បាន

23 ដ្បិត​ខ្ញុំ​យល់​ឃើញ​ថា អ្នក​នៅ​ក្នុង​សេចក្ដី​ជូរ​ល្វីង ហើយ​ក៏​ជាប់​ដោយ​ចំណង​នៃ​សេចក្ដី​ទុច្ចរិត​ផង

24 ស៊ីម៉ូន​ឆ្លើយ​ឡើង​ថា សូម​លោក​ជួយ​អង្វរ​ដល់​ព្រះ‌អម្ចាស់​ឲ្យ​ខ្ញុំ​ផង ដើម្បី​កុំ​ឲ្យ​មាន​ការ​អ្វី​មួយ ដូច​លោក​មាន​ប្រសាសន៍​នោះ បាន​កើត​មក​ដល់​ខ្ញុំ​ឡើយ

25 កាល​អ្នក​ទាំង​២​បាន​ប្រឹង​ធ្វើ​បន្ទាល់​អស់​ពី​ចិត្ត ហើយ​ប្រាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​រួច​ហើយ នោះ​ក៏​ត្រឡប់​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម​វិញ ទាំង​ប្រកាស​ប្រាប់​ដំណឹង​ល្អ នៅ​ក្នុង​ភូមិ​របស់​សាសន៍​សាម៉ារី​ជា​ច្រើន​តាម​ផ្លូវ​រៀង​ទៅ។

ភីលីព​នាំ​ដំណឹង​ល្អ​ទៅ​ជំរាប​មន្ត្រី​សាសន៍​អេធីយ៉ូពី

26 នោះ​ទេវតា​នៃ​ព្រះ‌អម្ចាស់ មាន​ព្រះ‌បន្ទូល​ទៅ​ភីលីព​ថា ចូរ​ក្រោក​ឡើង​ទៅ​ឯ​ខាង​ត្បូង តាម​ផ្លូវ​ដែល​ចុះ​ពី​ក្រុង​យេរូ‌សាឡិម ទៅ​ឯ​ក្រុង​កាសា ដែល​ជា​ទី​រហោ‌ស្ថាន​ទៅ

27 គាត់​ក៏​ក្រោក​ឡើង​ដើរ​ទៅ នោះ​ឃើញ​មាន​សាសន៍​អេធីយ៉ូពី​ម្នាក់ ជា​មនុស្ស​កំរៀវ​ដែល​មាន​អំណាច​ក្រោម​ព្រះ‌នាង​កាន‌ដេស មហា‌ក្សត្រី​ដែល​សោយ​រាជ្យ​ក្នុង​ស្រុក​អេធីយ៉ូពី លោក​ជា​អ្នក​ត្រួត​ត្រា​លើ​អស់​ទាំង​ព្រះ‌រាជ‌ទ្រព្យ​របស់​ស្តេច ហើយ​បាន​មក​ឯ​ក្រុង​យេរូ‌សាឡិម ដើម្បី​នឹង​ថ្វាយ‌បង្គំ

28 លោក​កំពុង​តែ​ជិះ​រថ​ត្រឡប់​ទៅ​វិញ ក៏​មើល​គម្ពីរ​ហោរា​អេសាយ

29 ខណៈ​នោះ ព្រះ‌វិញ្ញាណ​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​ភីលីព​ថា ឲ្យ​ចូល​ទៅ​ប្រកៀក​នឹង​រថ​នោះ​ទៅ

30 ភីលីព​ក៏​រត់​ទៅ​តាម ឮ​លោក​កំពុង​តែ​អាន​មើល​គម្ពីរ​ហោរា​អេសាយ រួច​សួរ​ថា លោក​មើល​យល់​ឬ​ទេ

31 ឯ​លោក​ក៏​ឆ្លើយ​ឡើង​ថា បើ​គ្មាន​អ្នក​ណា​ដឹក‌នាំ​ខ្ញុំ នោះ​ធ្វើ​ដូច​ម្តេច​ឲ្យ​យល់​បាន រួច​លោក​ក៏​សូម​ឲ្យ​ភីលីព​ឡើង​ជិះ​រថ​ជា​មួយ​គ្នា

32 ឯ​បទ​គម្ពីរ​ដែល​លោក​កំពុង​តែ​មើល​នោះ គឺ​ត្រង់​បទ​នេះ​ថា «ទ្រង់​ត្រូវ​គេ​ដឹក‌នាំ​ទៅ ដូច​ជា​ដឹក​ចៀម​ទៅ​សំឡាប់ ទ្រង់​មិន​បាន​ហើប​ព្រះ‌ឱស្ឋ​សោះ ដូច​ជា​កូន​ចៀម​ដែល​គ នៅ​មុខ​អ្នក​កាត់​រោម​វា

33 នៅ​គ្រា​ដែល​ទ្រង់​ត្រូវ​បន្ទាប‌បន្ថោក នោះ​គេ​បាន​ដក​សេចក្ដី​យុត្តិ‌ធម៌​ចេញ​ពី​ទ្រង់​ទៅ តើ​អ្នក​ណា​នឹង​ថ្លែង​ពី​ព្រះ‌វង្សា​ទ្រង់​បាន ដ្បិត​គេ​បាន​ដក​ព្រះ‌ជន្ម​ទ្រង់​ពី​ផែនដី​ចេញ​ហើយ»

34 អ្នក​កំរៀវ​នោះ​សួរ​ភីលីព​ថា ខ្ញុំ​សូម​សួរ​អ្នក តើ​ហោរា​និយាយ​ដូច្នេះ គឺ​និយាយ​ពី​អ្នក​ណា ពី​ខ្លួន​លោក ឬ​ពី​អ្នក​ដទៃ

35 នោះ​ភីលីព​បើក​មាត់​សំដែង​ប្រាប់​ដំណឹង​ល្អ​ពី​ព្រះ‌យេស៊ូវ ចាប់​តាំង​ពី​បទ​គម្ពីរ​នោះ​រៀង​ទៅ

36 កាល​កំពុង​តែ​ទៅ​តាម​ផ្លូវ នោះ​ឃើញ​មាន​ទី​ទឹក ហើយ​អ្នក​កំរៀវ​និយាយ​ថា មើល នុ៎ះ​ន៏​ទឹក តើ​មាន​អ្វី​ឃាត់​មិន​ឲ្យ​ខ្ញុំ​ទទួល​បុណ្យ​ជ្រមុជ‌ទឹក​បាន

37 ភីលីព​ឆ្លើយ​ថា បើ​លោក​ជឿ​អស់​ពី​ចិត្ត នោះ​ទទួល​បាន លោក​ឆ្លើយ​ឡើង​ថា ខ្ញុំ​ជឿ​ហើយ ថា​ព្រះ‌យេស៊ូវ​គ្រីស្ទ​ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ

38 នោះ​លោក​បង្គាប់​ឲ្យ​បញ្ឈប់​រថ រួច​ភីលីព និង​អ្នក​កំរៀវ ក៏​ចុះ​ទៅ​ក្នុង​ទឹក​ទាំង​២​នាក់ ហើយ​ភីលីព គាត់​ធ្វើ​បុណ្យ​ជ្រមុជ‌ទឹក​ឲ្យ

39 លុះ​ឡើង​ពី​ទឹក​មក នោះ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌អម្ចាស់ ទ្រង់​ឆក់​យក​ភីលីព​បាត់​ទៅ ហើយ​អ្នក​កំរៀវ​មិន​បាន​ឃើញ​គាត់​ទៀត​ទេ ក៏​ទៅ​តាម​ផ្លូវ​ទៅ​ដោយ​អរ​សប្បាយ

40 ឯ​ភីលីព គេ​បាន​ឃើញ​គាត់​នៅ​ក្រុង​អាសូត​វិញ គាត់​ក៏​ដើរ​ទៅ​ទាំង​ផ្សាយ​ដំណឹង​ល្អ​នៅ​គ្រប់​អស់​ទាំង​ទី​ក្រុង​រៀង​ទៅ រហូត​ទៅ​ដល់​ក្រុង​សេសារា។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28