15 ប៉ុន្តែ ព្រះអម្ចាស់មានព្រះបន្ទូលថា ចូរទៅចុះ ពីព្រោះអ្នកនោះជាប្រដាប់រើសតាំងដល់ខ្ញុំ សំរាប់នឹងប្រកាសឈ្មោះខ្ញុំ ដល់ពួកសាសន៍ដទៃ និងពួកស្តេច ហើយនឹងពួកកូនចៅសាសន៍អ៊ីស្រាអែលផង
16 ដ្បិតខ្ញុំនឹងបង្ហាញ ឲ្យគាត់ដឹងជាត្រូវរងទុក្ខលំបាកទាំងអម្បាលម៉ាន ដោយព្រោះឈ្មោះខ្ញុំ
17 ដូច្នេះ អាន៉្នានាសក៏ទៅ ហើយចូលក្នុងផ្ទះនោះ ដាក់ដៃលើគាត់ និយាយថា អ្នកសុលអើយ ព្រះអម្ចាស់ គឺព្រះយេស៊ូវ ដែលលេចមកឲ្យអ្នកឃើញតាមផ្លូវ ទ្រង់បានចាត់ខ្ញុំមក ដើម្បីឲ្យអ្នកបានភ្លឺភ្នែក ហើយឲ្យអ្នកបានពេញជាព្រះវិញ្ញាណបរិសុទ្ធ
18 ស្រាប់តែមានដូចជាស្រកាជ្រុះចុះពីភ្នែកគាត់មក ហើយគាត់ក៏បានភ្លឺជា១រំពេច រួចក្រោកឡើងទទួលបុណ្យជ្រមុជទឹក
19 ហើយក្រោយដែលគាត់បានបរិភោគ នោះក៏មានកំឡាំងឡើងវិញ។
20 សុលក៏នៅក្រុងដាម៉ាស ជាមួយនឹងពួកសិស្សជាយូរថ្ងៃ នោះស្រាប់តែគាត់ប្រកាសប្រាប់ពីព្រះយេស៊ូវ នៅក្នុងសាលាប្រជុំទាំងប៉ុន្មានថា ទ្រង់ជាព្រះរាជបុត្រានៃព្រះ
21 ឯអស់អ្នកដែលឮ ក៏មានសេចក្ដីងឿងឆ្ងល់ ហើយគេនិយាយថា តើមិនមែនអ្នកនេះទេឬអី ដែលបំផ្លាញពួកអ្នកអំពាវនាវដល់ព្រះនាមនោះ នៅក្រុងយេរូសាឡិម ហើយគាត់បានមកទីនេះ ដើម្បីនឹងចាប់ចងគេ បញ្ជូនទៅឲ្យពួកសង្គ្រាជដែរ