4 ព្រះយេស៊ូវទ្រង់មានព្រះបន្ទូលតបថា ចូរទៅប្រាប់យ៉ូហានពីសេចក្ដីទាំងប៉ុន្មានដែលអ្នកកំពុងតែឮ ហើយឃើញចុះ
5 គឺថាមនុស្សខ្វាក់បានភ្លឺ មនុស្សខ្វិនបានដើររួច មនុស្សឃ្លង់បានជាស្អាត មនុស្សថ្លង់បានឮ មនុស្សស្លាប់បានរស់ឡើងវិញ ហើយមនុស្សទាល់ក្របានឮដំណឹងល្អផង
6 មានពរហើយ អ្នកណាដែលមិនរវាតចិត្តដោយព្រោះខ្ញុំ។
7 កំពុងដែលអ្នកទាំង២នោះចេញទៅហើយ នោះព្រះយេស៊ូវទ្រង់ផ្តើមមានព្រះបន្ទូលនឹងហ្វូងមនុស្ស ពីយ៉ូហានថា តើអ្នករាល់គ្នាបានទៅមើលអ្វីនៅទីរហោស្ថាន បានទៅមើលដើមត្រែងរញ្ជួយដោយខ្យល់ឬអី
8 តើបានទៅមើលអ្វី បានទៅមើលមនុស្សពាក់អាវទន់ភ្លន់ឬអី មើលអស់អ្នកដែលពាក់អាវទន់ភ្លន់ នោះសុទ្ធតែនៅក្នុងដំណាក់ស្តេចទេ
9 ចុះអ្នករាល់គ្នាបានទៅមើលអ្វី មើលហោរាឬអី មែនហើយ ខ្ញុំប្រាប់អ្នករាល់គ្នាថា គាត់ក៏លើសជាងហោរាផង
10 ដ្បិតគឺពីអ្នកនេះហើយ ដែលមានសេចក្ដីចែងទុកមកថា «មើលអញចាត់ទូតអញ ឲ្យទៅមុនឯង ទូតនោះនឹងរៀបចំផ្លូវនៅមុខឯង»