ម៉ាថាយ 20 KHOV

ប្រស្នា​អំពី​ជើង​ឈ្នួល​ចំការ​ទំពាំង‌បាយ‌ជូរ

1 ដ្បិត​នគរ​ស្ថាន‌សួគ៌​ប្រៀប​ដូច​ជា​ថៅកែ​ម្នាក់ ដែល​ចេញ​ទៅ​ពី​ព្រលឹម ដើម្បី​នឹង​ជួល​ជើង​ឈ្នួល ឲ្យ​មក​ធ្វើ​ការ​ក្នុង​ចំការ​ទំពាំង‌បាយ‌ជូរ​របស់​ខ្លួន

2 កាល​បាន​ព្រម​គ្នា​នឹង​បើក​ឲ្យ​២​កាក់​ម្នាក់​ក្នុង​១​ថ្ងៃ​ហើយ នោះ​ក៏​បញ្ជូន​ឲ្យ​ទៅ​ធ្វើ​ក្នុង​ចំការ

3 ដល់​ពេល​ម៉ោង​៩​ព្រឹក គាត់​ចេញ​ទៅ​ឃើញ​មនុស្ស​ខ្លះ​ទៀត​ឈរ​ទំនេរ​នៅ​ទី​ផ្សារ

4 ក៏​ប្រាប់​គេ​ថា ចូរ​អ្នក​ទាំង‌ឡាយ នាំ​គ្នា​ទៅ​ធ្វើ​ការ​ក្នុង​ចំការ​របស់​ខ្ញុំ​ទៅ ខ្ញុំ​នឹង​បើក​ឲ្យ តាម​ត្រឹម​ត្រូវ គេ​ក៏​ទៅ

5 ដល់​ថ្ងៃ​ត្រង់ ហើយ​ពេល​ម៉ោង​៣​រសៀល គាត់​ក៏​ចេញ​ទៅ​ធ្វើ​ដូច្នោះ​ទៀត

6 លុះ​ដល់​ពេល​ម៉ោង​៥ គាត់​ចេញ​ទៅ​ឃើញ​មាន​មនុស្ស​ខ្លះ​ទៀត​នៅ​ទំនេរ ក៏​សួរ​គេ​ថា ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ឈរ​ទំនេរ​នៅ​ទី​នេះ តាំង​ពី​ព្រលឹម​មក​ដូច្នេះ

7 គេ​ឆ្លើយ​ថា ពី​ព្រោះ​គ្មាន​អ្នក​ណា​ជួល​យើង​ខ្ញុំ រួច​គាត់​ប្រាប់​ថា ចូរ​អ្នក​រាល់​គ្នា​ទៅ​ធ្វើ​ការ​ក្នុង​ចំការ​របស់​ខ្ញុំ​ទៅ នោះ​អ្នក​នឹង​ទទួល​ឈ្នួល​តាម​ត្រឹម​ត្រូវ

8 ដល់​ល្ងាច ថៅកែ​ចំការ​នោះ​ប្រាប់​ទៅ​នាយ​ដំរួត​ការ​ថា ចូរ​ហៅ​ពួក​ជើង​ឈ្នួល​មក​បើក​ឈ្នួល​ឲ្យ​គេ ចាប់​តាំង​ពី​មនុស្ស​ក្រោយ​បង្អស់ រៀង​ទៅ​ដល់​អ្នក​មុន​ដំបូង

9 កាល​ពួក​អ្នក​ដែល​គាត់​ជួល​ពី​ម៉ោង​៥​បាន​មក​ដល់ នោះ​គេ​បើក​បាន​២​កាក់​ម្នាក់ៗ

10 រួច​កាល​ពួក​មុន​បង្អស់​បាន​មក​ដល់ គេ​ស្មាន​ថា នឹង​បាន​លើស​ជាង​នោះ​ទៅ​ទៀត តែ​អ្នក​ទាំង​នោះ​ក៏​បាន​ទទួល​២​កាក់​ម្នាក់​ដូច​គ្នា​ដែរ

11 គ្រា​បាន​បើក​ប្រាក់​ស្រេច​ហើយ នោះ​គេ​ត្អូញ‌ត្អែរ​នឹង​ថៅកែ​ថា

12 ពួក​អ្នក​ដែល​មក​ក្រោយ​នេះ គេ​ធ្វើ​ការ​តែ​១​ម៉ោង​សោះ ហើយ​លោក​បាន​ឲ្យ​គេ​ស្មើ​នឹង​យើង​ខ្ញុំ ដែល​ទ្រាំ​ធ្វើ​ការ​ធ្ងន់​ទាំង​ហាល​ថ្ងៃ តាំង​ពី​ព្រលឹម​មក​ដែរ

13 តែ​គាត់​ឆ្លើយ​ទៅ​ម្នាក់​នោះ​ថា សំឡាញ់​អើយ ខ្ញុំ​មិន​ធ្វើ​ខុស​នឹង​អ្នក​ទេ តើ​អ្នក​មិន​បាន​សុខ​ចិត្ត​ព្រម​ទទួល​តែ​២​កាក់​ទេ​ឬ​អី

14 ដូច្នេះ ចូរ​យក​ប្រាក់​របស់​អ្នក​ទៅៗ ខ្ញុំ​បាន​សំរេច​នឹង​ឲ្យ​ដល់​ពួក​អ្នក​ដែល​មក​ក្រោយ​នេះ ដូច​ជា​បាន​ឲ្យ​ដល់​អ្នក​ដែរ

15 តើ​ខ្ញុំ​គ្មាន​ច្បាប់​នឹង​ចាត់‌ចែង​របស់​ខ្ញុំ តាម​អំពើ​ចិត្ត​ទេ​ឬ​អី តើ​ភ្នែក​អ្នក​ឃើញ​អាក្រក់ ពី​ព្រោះ​ខ្ញុំ​ល្អ​ឬ​អី

16 គឺ​យ៉ាង​នោះ​ដែល​អស់​អ្នក​ក្រោយ​នឹង​បាន​ទៅ​ជា​មុន ហើយ​ពួក​អ្នក​មុន​នឹង​ទៅ​ជា​ក្រោយ​វិញ ដ្បិត​បាន​ហៅ​មនុស្ស​ជា​ច្រើន តែ​រើស​បាន​តិច​ទេ។

ព្រះ‌យេស៊ូវ​ប្រកាស​អំពី​ព្រះ‌អង្គ​ចូល​ទិវង្គត

17 កាល​ព្រះ‌យេស៊ូវ​ទ្រង់​កំពុង​តែ​ឡើង​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម នោះ​ទ្រង់​យក​ពួក​សិស្ស​ទាំង​១២​នាក់ ទៅ​ដោយ‌ឡែក​តាម​ផ្លូវ ហើយ​មាន​ព្រះ‌បន្ទូល​ថា

18 មើល​យើង​រាល់​គ្នា​ឡើង​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម នោះ​កូន​មនុស្ស​នឹង​ត្រូវ​បញ្ជូន​ទៅ​ដល់​ពួក​សង្គ្រាជ និង​ពួក​អាចារ្យ ដែល​គេ​នឹង​កាត់​ទោស​លោក​ដល់​ជីវិត

19 រួច​នឹង​បញ្ជូន​ទៅ​ដល់​ពួក​សាសន៍​ដទៃ ឲ្យ​គេ​ចំអក​មើល‌ងាយ ព្រម​ទាំង​វាយ​នឹង​រំពាត់ ហើយ​ឆ្កាង​លោក ក្រោយ​៣​ថ្ងៃ​មក លោក​នឹង​មាន​ជីវិត​រស់​ឡើង​វិញ។

សំណូម​ពរ​របស់​ម្តាយ​លោក​យ៉ាកុប និង​លោក​យ៉ូហាន

20 គ្រា​នោះ ប្រពន្ធ​របស់​សេបេដេ គាត់​នាំ​កូន​ទាំង​២​មក​ឯ​ទ្រង់ ក្រាប​ថ្វាយ‌បង្គំ​ទូល​សូម​សេចក្ដី​មួយ

21 ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​ថា តើ​អ្នក​ចង់​បាន​អ្វី គាត់​ទូល​ថា សូម​អនុញ្ញាត្ត​ឲ្យ​កូន​ខ្ញុំ​ម្ចាស់​ទាំង​២​នេះ​បាន​អង្គុយ ១​ខាង​ស្តាំ ១​ខាង​ឆ្វេង​ទ្រង់ ក្នុង​នគរ​របស់​ទ្រង់

22 តែ​ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​តប​ថា អ្នក​រាល់​គ្នា​មិន​យល់​សេចក្ដី​ដែល​អ្នក​សូម​ទេ តើ​អ្នក​អាច​នឹង​ផឹក​អំពី​ពែង ដែល​ខ្ញុំ​រៀប​នឹង​ផឹក ហើយ​ទទួល​បុណ្យ​ជ្រមុជ​ដែល​ខ្ញុំ​ទទួល​បាន​ឬ​ទេ គេ​ទូល​ឆ្លើយ​ថា ទទួល​បាន

23 នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អ្នក​រាល់​គ្នា​នឹង​ផឹក​ពី​ពែង​ខ្ញុំ ហើយ​នឹង​ទទួល​បុណ្យ​ជ្រមុជ​ដែល​ខ្ញុំ​ទទួល​មែន តែ​ដែល​អង្គុយ​ខាង​ស្តាំ ឬ​ខាង​ឆ្វេង​ខ្ញុំ នោះ​មិន​ស្រេច​នឹង​ខ្ញុំ​ទេ គឺ​សំរាប់​តែ​អ្នក​ណា ដែល​ព្រះ‌វរ‌បិតា​ខ្ញុំ​បាន​រៀប‌ចំ​ទុក​ឲ្យ​វិញ

24 កាល​១០​នាក់​ឯ​ទៀត​បាន​ឮ​សេចក្ដី​នោះ​ហើយ គេ​ក៏​តូច​ចិត្ត​នឹង​បង​ប្អូន​ទាំង​២​នាក់​នោះ

25 តែ​ព្រះ‌យេស៊ូវ​ទ្រង់​ហៅ​អ្នក​ទាំង​នោះ​មក មាន​ព្រះ‌បន្ទូល​ថា អ្នក​រាល់​គ្នា​ដឹង​ថា ពួក​ចៅ‌ហ្វាយ​នៃ​សាសន៍​ដទៃ​តែង​គ្រប់​គ្រង​លើ​សាសន៍​របស់​ខ្លួន ហើយ​ពួក​អ្នក​ធំ​ក៏​មាន​អំណាច​លើ​គេ​ដែរ

26 ប៉ុន្តែ មិន​ត្រូវ​ឲ្យ​មាន​ដូច្នោះ​ក្នុង​ពួក​អ្នក​រាល់​គ្នា​ឡើយ គឺ​អ្នក​ណា​ក្នុង​ពួក​អ្នក​រាល់​គ្នា ដែល​ចង់​ធ្វើ​ជា​ធំ នោះ​នឹង​ត្រូវ​ធ្វើ​ជា​អ្នក​បំរើ​ដល់​អ្នក​រាល់​គ្នា​វិញ

27 ហើយ​អ្នក​ណា​ក្នុង​ពួក​អ្នក​ដែល​ចង់​បាន​ជា​លេខ​១ អ្នក​នោះ​ត្រូវ​ធ្វើ​ជា​បាវ​ដល់​អ្នក​រាល់​គ្នា​វិញ​ដែរ

28 ដូច​ជា​កូន​មនុស្ស​បាន​មក មិន​មែន​ឲ្យ​គេ​បំរើ​លោក​ទេ គឺ​នឹង​បំរើ​គេ​វិញ ហើយ​នឹង​ឲ្យ​ជីវិត​ខ្លួន ទុក​ជា​ថ្លៃ​លោះ​មនុស្ស​ជា​ច្រើន​ផង។

ព្រះ‌យេស៊ូវ​ប្រោស​មនុស្ស​ខ្វាក់​ពីរ​នាក់​ឲ្យ​ភ្លឺ

29 កាល​កំពុង​តែ​ចេញ​ពី​ក្រុង​យេរីខូរ​មក នោះ​មាន​មនុស្ស​មីរ‌ដេរ‌ដាស​ដើរ​តាម​ទ្រង់​ទៅ

30 ក៏​ឃើញ​មាន​មនុស្ស​ខ្វាក់​២​នាក់ អង្គុយ​នៅ​ក្បែរ​ផ្លូវ គេ​ឮ​ថា​ព្រះ‌យេស៊ូវ​ទ្រង់​យាង​តាម​ទី​នោះ ក៏​ស្រែក​ឡើង​ថា ឱ​ព្រះ‌អម្ចាស់ ជា​ព្រះ‌វង្ស​ហ្លួង​ដាវីឌ​អើយ សូម​ទ្រង់​ប្រោស​មេត្តា​ដល់​យើង​ខ្ញុំ​ផង

31 ឯ​បណ្តា​មនុស្ស គេ​ហាម​អ្នក​ទាំង​២​នោះ កុំ​ឲ្យ​មាត់ តែ​គេ​ស្រែក​រឹត​តែ​ខ្លាំង​ឡើង​ថា ឱ​ព្រះ‌អម្ចាស់ ជា​ព្រះ‌វង្ស​ហ្លួង​ដាវីឌ​អើយ សូម​ទ្រង់​ប្រោស​មេត្តា​ដល់​យើង​ខ្ញុំ​ផង

32 នោះ​ព្រះ‌យេស៊ូវ​ទ្រង់​ឈប់ ក៏​ហៅ​អ្នក​ទាំង​២​នោះ​មក មាន​ព្រះ‌បន្ទូល​សួរ​ថា តើ​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​ឲ្យ​អ្នក

33 គេ​ទូល​ទ្រង់​ថា ឱ​ព្រះ‌អម្ចាស់​អើយ សូម​ប្រោស​ឲ្យ​ភ្នែក​យើង​ខ្ញុំ​បាន​ភ្លឺ​ឡើង​ផង

34 ទ្រង់​មាន​សេចក្ដី​ក្តួល​ក្នុង​ព្រះ‌ហឫ‌ទ័យ ក៏​ពាល់​ភ្នែក​គេ ស្រាប់​តែ​ភ្នែក​បាន​ភ្លឺ​ឡើង រួច​គេ​ដើរ​តាម​ទ្រង់​ទៅ។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28