ម៉ាថាយ 21 KHOV

ព្រះ‌យេស៊ូវ​យាង​ចូល​ក្រុង​យេរូ‌សាឡិម

1 គ្រា​បាន​មក​ជិត​ក្រុង​យេរូ‌សាឡិម​ហើយ ដល់​ភូមិ​បេត‌ផាសេ ខាង​ភ្នំ​ដើម​អូលីវ នោះ​ព្រះ‌យេស៊ូវ​ទ្រង់​ចាត់​សិស្ស​២​នាក់​ឲ្យ​ទៅ

2 ដោយ​ព្រះ‌បន្ទូល​ថា ចូរ​ទៅ​ឯ​ភូមិ​នៅ​ខាង​មុខ​នោះ អ្នក​នឹង​ឃើញ​មេលា​១​គេ​ចង​ទុក នឹង​កូន​វា​នៅ​ជា​មួយ​គ្នា ចូរ​ស្រាយ​ដឹក‌នាំ​វា​មក​ឯ​ខ្ញុំ

3 បើ​អ្នក​ណា​ថា​អ្វី​ឲ្យ នោះ​ត្រូវ​ឆ្លើយ​ថា ព្រះ‌អម្ចាស់​ទ្រង់​ត្រូវ​ការ​នឹង​វា រួច​គេ​នឹង​ឲ្យ​វា​មក​ហើយ

4 ការ​ទាំង​នេះ​កើត​មក ដើម្បី​ឲ្យ​បាន​សំរេច​តាម​ទំនាយ ដែល​ហោរា​បាន​ទាយ​ទុក​មក​ថា

5 «ចូរ​ប្រាប់​កូន​ស្រី​ស៊ីយ៉ូន​ថា មើល ស្តេច​នៃ​នាង ទ្រង់​យាង​មក​ឯ​នាង ទ្រង់​សុភាព ហើយ​គង់​លើ​សត្វ​លា គឺ​ជា​លា​ជំទង់ ដែល​ជា​កូន​របស់​មេ​លា»

6 សិស្ស​នោះ​ក៏​ទៅ​ធ្វើ​តាម​បង្គាប់​ព្រះ‌យេស៊ូវ

7 ហើយ​នាំ​មេលា និង​កូន​វា​មក រួច​ក្រាល​អាវ​ខ្លួន​លើ​ខ្នង​ថ្វាយ​ទ្រង់​គង់

8 ឯ​ហ្វូង​មនុស្ស​ស្ទើរ​តែ​ទាំង​អស់​បាន​ក្រាល​អាវ​ខ្លួន​នៅ​ផ្លូវ ខ្លះ​ក៏​កាប់​មែក​ឈើ​យក​មក​រាយ​តាម​ផ្លូវ​ផង

9 ហើយ​បណ្តា​មនុស្ស​ដែល​ដើរ​ហែ​មុខ​ក្រោយ គេ​ស្រែក​ឡើង​ថា ហូសា‌ណា ទ្រង់​ប្រកប​ដោយ​ព្រះ‌ពរ ហូសា‌ណា នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុត

10 រួច​កាល​ទ្រង់​យាង​ចូល​ទៅ​ក្នុង​ក្រុង​យេរូ‌សាឡិម​ហើយ នោះ​កើត​មាន​សេចក្ដី​ជ្រួល‌ជ្រើម​ពេញ​ក្នុង​ទី​ក្រុង ហើយ​គេ​សួរ​ថា លោក​នេះ​ជា​អ្នក​ណា

11 ហ្វូង​មនុស្ស​ឆ្លើយ​ឡើង​ថា នេះ​គឺ​ជា​ហោរា​យេស៊ូវ ដែល​មក​ពី​ភូមិ​ណាសា‌រ៉ែត ស្រុក​កាលី‌ឡេ។

ព្រះ‌យេស៊ូវ​ដេញ​ពួក​អ្នក​លក់​ដូរ​ចេញ​ពី​ព្រះ‌វិហារ

12 ព្រះ‌យេស៊ូវ ទ្រង់​យាង​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ ក៏​បណ្តេញ​អស់​ទាំង​អ្នក​ដែល​លក់​ដូរ​ក្នុង​ព្រះ‌វិហារ​ចេញ ទ្រង់​ផ្កាប់​តុ​នៃ​ពួក​អ្នក​ដូរ​ប្រាក់ និង​ជើងម៉ា​របស់​ពួក​អ្នក​លក់​ព្រាប

13 ហើយ​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា មាន​សេចក្ដី​ចែង​ទុក​មក​ដូច្នេះ «ដំណាក់​អញ​ត្រូវ​ហៅ​ថា ជា​ទី​សំរាប់​អធិស្ឋាន»វិញ

14 ឯ​ពួក​មនុស្ស​ខ្វាក់ និង​មនុស្ស​ខ្វិន គេ​ក៏​មក​ឯ​ទ្រង់​ក្នុង​ព្រះ‌វិហារ ហើយ​ទ្រង់​ប្រោស​គេ​ឲ្យ​បាន​ជា​ទាំង​អស់

15 តែ​ពួក​សង្គ្រាជ និង​ពួក​អាចារ្យ គេ​មាន​ចិត្ត​គ្នាន់‌ក្នាញ់​ណាស់ ដោយ​បាន​ឃើញ​ការ​អស្ចារ្យ​ដែល​ទ្រង់​ធ្វើ និង​ឮ​កូន​ក្មេង​ទាំង​ប៉ុន្មាន​ស្រែក​ក្នុង​ព្រះ‌វិហារ​ថា ហូសា‌ណា ដល់​ព្រះ‌វង្ស​ហ្លួង​ដាវីឌ​ដូច្នោះ

16 ហើយ​គេ​ទូល​ទ្រង់​ថា តើ​អ្នក​ឮ​ពាក្យ​ដែល​ក្មេង​ទាំង​នេះ​ថា​ឬ​ទេ ព្រះ‌យេស៊ូវ​ទ្រង់​ឆ្លើយ​ថា ឮ​ហើយ តើ​អ្នក​រាល់​គ្នា​មិន​ដែល​មើល​សេចក្ដី​ទេ​ឬ​អី ដែល​ថា «ទ្រង់​បាន​ធ្វើ​ឲ្យ​សេចក្ដី​សរសើរ​បាន​គ្រប់​លក្ខណ៍ ដោយ​នូវ​មាត់​កូន​ក្មេង និង​កូន​ដែល​នៅ​បៅ»

17 រួច​ទ្រង់​លះ​ចោល​គេ​យាង​ចេញ​ទៅ​ឯ​ភូមិ​បេថានី​ទៅ ក៏​ផ្ទំ​នៅ​ទី​នោះ​១​យប់។

ដើម​ល្វា​ត្រូវ​បណ្តាសា

18 ដល់​ព្រលឹម​ឡើង កំពុង​ដែល​ទ្រង់​យាង​ត្រឡប់​ទៅ​ឯ​ទី​ក្រុង​វិញ នោះ​ទ្រង់​ក៏​ឃ្លាន

19 ទ្រង់​ទត​ឃើញ​ដើម​ល្វា​១​តាម​ផ្លូវ ក៏​យាង​ទៅ​ដល់ ឃើញ​មាន​តែ​ស្លឹក​ទទេ នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា កុំ​ឲ្យ​ឯង​មាន​ផ្លែ​ទៀត​ឡើយ ស្រាប់​តែ​ដើម​ល្វា​នោះ​ក្រៀម​ទៅ

20 កាល​ពួក​សិស្ស​បាន​ឃើញ​ដូច្នោះ នោះ​គេ​មាន​សេចក្ដី​អស្ចារ្យ​ថា ដើម​ល្វា​នេះ​ក្រៀម​ទៅ​ជា​១​រំពេច​យ៉ាង​ណា​ហ្ន៎

21 ព្រះ‌យេស៊ូវ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា បើ​មាន​សេចក្ដី​ជំនឿ​ឥត​សង្ស័យ​សោះ នោះ​អ្នក​រាល់​គ្នា​នឹង​អាច​ធ្វើ​បាន មិន​ត្រឹម​តែ​ការ​ដែល​កើត​ឡើង​ដល់​ដើម​ល្វា​ប៉ុណ្ណោះ​ទេ គឺ​ទោះ​បើ​អ្នក​នឹង​និយាយ​ទៅ​ភ្នំ​នេះ​ថា ឲ្យ​ឯង​រើ​ចេញ​ពី​ទី​នេះ​ទៅ​ធ្លាក់​ក្នុង​សមុទ្រ​វិញ នោះ​គង់​តែ​នឹង​បាន​កើត​ដូច្នោះ​ដែរ

22 ហើយ​គ្រប់​ទាំង​សេចក្ដី​អ្វី ដែល​អ្នក​រាល់​គ្នា​នឹង​អធិស្ឋាន​សូម ដោយ​មាន​ចិត្ត​ជឿ នោះ​នឹង​បាន​សំរេច​ទាំង​អស់។

អំណាច​របស់​ព្រះ‌យេស៊ូវ

23 កាល​ទ្រង់​បាន​យាង​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ​ហើយ នោះ​ពួក​សង្គ្រាជ និង​ពួក​ចាស់‌ទុំ​នៃ​បណ្តា‌ជន គេ​មក​ឯ​ទ្រង់​ដែល​កំពុង​តែ​បង្រៀន ហើយ​ទូល​កាត់​សួរ​ថា អ្នក​ធ្វើ​ការ​ទាំង​នេះ តើ​អាង​អំណាច​អ្វី តើ​អ្នក​ណា​បាន​បើក​អំណាច​នេះ​ឲ្យ​អ្នក

24 ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​តប​ថា ខ្ញុំ​នឹង​សួរ​អ្នក​រាល់​គ្នា​ពី​សេចក្ដី​១​ដែរ បើ​អ្នក​ឆ្លើយ​ប្រាប់​ខ្ញុំ នោះ​ខ្ញុំ​ក៏​នឹង​ប្រាប់​ឲ្យ​អ្នក​ដឹង ពី​អំណាច​ដែល​ខ្ញុំ​អាង ដើម្បី​នឹង​ធ្វើ​ការ​ទាំង​នេះ​ដែរ

25 ឯ​បុណ្យ​ជ្រមុជ​របស់​យ៉ូហាន តើ​មក​ពី​ណា ពី​ស្ថាន‌សួគ៌ ឬ​ពី​មនុស្ស នោះ​គេ​ក៏​រិះ‌គិត​គ្នា​ថា បើ​យើង​ថា មក​ពី​ស្ថាន‌សួគ៌ នោះ​វា​នឹង​សួរ​យើង​ថា ដូច្នេះ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មិន​បាន​ជឿ​តាម​គាត់

26 តែ​បើ​យើង​ថា មក​ពី​មនុស្ស​វិញ នោះ​ខ្លាច​ហ្វូង​មនុស្ស ដ្បិត​គេ​រាប់​យ៉ូហាន​ទុក​ជា​ហោរា​ទាំង​អស់​គ្នា

27 រួច​គេ​ទូល​ឆ្លើយ​ថា យើង​មិន​ដឹង​ទេ ហើយ​ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​តប​ថា ដូច្នេះ ខ្ញុំ​ក៏​មិន​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង ពី​អំណាច​ដែល​ខ្ញុំ​អាង​នឹង​ធ្វើ​ការ​ទាំង​នេះ​ដែរ។

ប្រស្នា​អំពី​កូន​ប្រុស​ពីរ​នាក់

28 ប៉ុន្តែ អ្នក​រាល់​គ្នា​គិត​ដូច​ម្តេច មាន​មនុស្ស​ម្នាក់​មាន​កូន​ប្រុស​២ គាត់​ទៅ​ប្រាប់​កូន​ច្បង​ថា កូន​អើយ ថ្ងៃ​នេះ ចូរ​ឯង​ទៅ​ធ្វើ​ការ​ក្នុង​ចំការ​អញ​ទៅ

29 កូន​នោះ​ប្រកែក​ថា ខ្ញុំ​មិន​ទៅ​ទេ ដល់​ក្រោយ​មក​វា​ប្រែ​ចិត្ត​ជា​ទៅ​វិញ

30 គាត់​ក៏​ទៅ​ប្រាប់​ដល់​កូន​ពៅ​ដូច​គ្នា ឯ​កូន​នោះ​វា​ទទួល​ថា ខ្ញុំ​ទៅ លោក​ឪពុក ប៉ុន្តែ វា​មិន​បាន​ទៅ​ទេ

31 ដូច្នេះ បណ្តា​កូន​ទាំង​២​នោះ តើ​កូន​ណា​បាន​ធ្វើ​តាម​ចិត្ត​របស់​ឪពុក គេ​ឆ្លើយ​ថា កូន​ច្បង ព្រះ‌យេស៊ូវ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ពួក​អ្នក​យក​ពន្ធ និង​ពួក​ស្រី​សំផឹង គេ​ចូល​ទៅ​ក្នុង​នគរ​ព្រះ​មុន​អ្នក​រាល់​គ្នា

32 ដ្បិត​យ៉ូហាន​បាន​មក​ឯ​អ្នក​រាល់​គ្នា​ក្នុង​ផ្លូវ​សុចរិត តែ​អ្នក​រាល់​គ្នា​មិន​បាន​ជឿ​តាម​គាត់​ទេ ឯ​ពួក​យក​ពន្ធ និង​ពួក​ស្រី​សំផឹង គេ​បាន​ជឿ​តាម​គាត់​វិញ លុះ​កាល​អ្នក​រាល់​គ្នា​បាន​ឃើញ​ដូច្នោះ នោះ​ក៏​នៅ​តែ​មិន​ព្រម​ប្រែ​ចិត្ត​ជឿ​តាម​គាត់​ដែរ។

ប្រស្នា​អំពី​អ្នក​ថែ​រក្សា​ចំការ​ទំពាំង‌បាយ‌ជូរ

33 ចូរ​ស្តាប់​ពាក្យ​ប្រៀប​ប្រដូច​១​ទៀត មាន​ថៅកែ​ម្នាក់​ដែល​ដាំ​ចំការ​ទំពាំង‌បាយ‌ជូរ គាត់​បាន​ធ្វើ​របង​ព័ទ្ធ​ជុំ‌វិញ ព្រម​ទាំង​ជីក​ទី​ជាន់​ផ្លែ ហើយ​សង់​ប៉ម ក៏​ប្រវាស់​ទៅ​ឲ្យ​ពួក​អ្នក​ធ្វើ​ចំការ រួច​ចេញ​ពី​ស្រុក​នោះ​ទៅ

34 កាល​ជិត​ដល់​រដូវ​បេះ​ផ្លែ​ហើយ នោះ​ក៏​ប្រើ​បាវ​ខ្លួន​ឲ្យ​ទៅ​ឯ​ពួក​អ្នក​ទាំង​នោះ ដើម្បី​នឹង​ទទួល​ផល ជា​ចំណែក​របស់​ខ្លួន

35 តែ​ពួក​ធ្វើ​ចំការ គេ​ចាប់​បាវ​ទាំង​នោះ​វាយ​ម្នាក់ សំឡាប់​ម្នាក់ ហើយ​ម្នាក់​ទៀត​ចោល​នឹង​ថ្ម​វិញ

36 ថៅកែ​ក៏​ប្រើ​បាវ​ដទៃ​ជា​ច្រើន​ជាង​មុន​ឲ្យ​ទៅ​ទៀត តែ​គេ​ប្រព្រឹត្ត​នឹង​បាវ​ទាំង​នោះ​បែប​ដូច​គ្នា

37 ដល់​ក្រោយ​បង្អស់ គាត់​ចាត់​កូន​ខ្លួន​ឲ្យ​ទៅ​ដោយ​គិត​ថា គេ​នឹង​កោត‌ខ្លាច​ដល់​កូន​អញ

38 ប៉ុន្តែ កាល​ពួក​ចំការ​បាន​ឃើញ នោះ​គេ​និយាយ​គ្នា​ថា នេះ​ជា​កូន​គ្រង​មរដក​ហើយ ចូរ​យើង​សំឡាប់​វា​ចេញ​ទៅ រួច​យើង​នឹង​ដណ្តើម​យក​មរដក​របស់​វា

39 គេ​ក៏​ចាប់​កូន​នោះ បោះ​ចោល​ទៅ​ខាង​ក្រៅ​ចំការ ហើយ​សំឡាប់​ចោល​ទៅ

40 ដូច្នេះ កាល​ណា​ថៅកែ​ចំការ​មក​ដល់ តើ​គាត់​នឹង​ធ្វើ​អ្វី​ដល់​ពួក​អ្នក​ដែល​ធ្វើ​ចំការ​ទាំង​នោះ

41 គេ​ទូល​ឆ្លើយ​តប​ថា គាត់​នឹង​សំឡាប់​ពួក​កំណាច​ទាំង​នោះ​យ៉ាង​អាក្រក់​ណាស់ រួច និង​ប្រវាស់​ចំការ​ទៅ​ឲ្យ​ពួក​ឯ​ទៀត​វិញ ដែល​គេ​នឹង​ឲ្យ​ផល​ដល់​គាត់​តាម​រដូវ

42 ព្រះ‌យេស៊ូវ​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា តើ​អ្នក​រាល់​គ្នា​មិន​ដែល​មើល​ក្នុង​គម្ពីរ​ទេ​ឬ​អី ដែល​ថា «ថ្ម​ដែល​ពួក​ជាង​សង់​ផ្ទះ​បាន​ចោល​ចេញ នោះ​បាន​ត្រឡប់​ជា​ថ្ម​ជ្រុង​យ៉ាង​ឯក ការ​នោះ​គឺ​ព្រះ‌អម្ចាស់​ទ្រង់​បាន​ធ្វើ ហើយ​ជា​ការ​យ៉ាង​អស្ចារ្យ​នៅ​ភ្នែក​យើង​ខ្ញុំ»

43 ដូច្នេះ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នគរ​ព្រះ​នឹង​ត្រូវ​ហូត​ចេញ​ពី​អ្នក​រាល់​គ្នា ប្រគល់​ទៅ​ឲ្យ​សាសន៍១​ទៀត ដែល​គេ​នឹង​បង្កើត​ផល​របស់​នគរ​នោះ

44 អ្នក​ណា​ដែល​ធ្លាក់​លើ​ថ្ម​នោះ នឹង​ត្រូវ​បាក់​បែក តែ​អ្នក​ណា​ដែល​ត្រូវ​ថ្ម​នោះ​ធ្លាក់​មក​លើ​ខ្លួន នោះ​នឹង​ត្រូវ​កិន​ខ្ទេច‌ខ្ទី​ទៅ

45 កាល​ពួក​សង្គ្រាជ និង​ពួក​ផារី‌ស៊ី​បាន​ឮ​ពាក្យ​ប្រៀប​ប្រដូច​ទាំង​នោះ​ហើយ គេ​ក៏​ដឹង​ថា ទ្រង់​មាន​ព្រះ‌បន្ទូល​ឆ្ពោះ​ទៅ​ខ្លួន​គេ

46 រួច​គេ​រក​ហេតុ​នឹង​ចាប់​ទ្រង់ ប៉ុន្តែ គេ​ខ្លាច​ហ្វូង​មនុស្ស ពី​ព្រោះ​បណ្តា​មនុស្ស​ទាំង‌ឡាយ​រាប់​ទ្រង់​ទុក​ជា​ហោរា។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28