ម៉ាថាយ 23 KHOV

ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឲ្យ​ប្រយ័ត្ន​នឹង​ពុត‌ត្បុត​របស់​ពួក​អាចារ្យ និង​ពួក​ខាង​គណៈ‌ផារី‌ស៊ី

1 គ្រា​នោះ ព្រះ‌យេស៊ូវ​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ហ្វូង​មនុស្ស ហើយ​នឹង​ពួក​សិស្ស​ទ្រង់​ថា

2 ពួក​អាចារ្យ និង​ពួក​ផារី‌ស៊ី គេ​បាន​តាំង​ខ្លួន​គេ អង្គុយ​នៅ​ទី​បង្រៀន​របស់​លោក​ម៉ូសេ

3 ដូច្នេះ គ្រប់​ទាំង​សេចក្ដី​ណា​ដែល​គេ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​កាន់​តាម នោះ​ចូរ​កាន់ ហើយ​ប្រព្រឹត្ត​តាម​ចុះ ប៉ុន្តែ កុំ​ឲ្យ​ប្រព្រឹត្ត​តាម​អំពើ​របស់​គេ​ឡើយ ដ្បិត​គេ​គ្រាន់​តែ​ថា តែ​មិន​ធ្វើ​តាម​ទេ

4 ពី​ព្រោះ​គេ​ចង​បន្ទុក​យ៉ាង​ធ្ងន់ ដាក់​លើ​ស្មា​មនុស្ស ជា​បន្ទុក​ដែល​ពិបាក​ទទួល តែ​ខ្លួន​គេ​មិន​ព្រម​ទាំង​យក​ម្រាម​ដៃ​ឆ្កឹះ​បន្ទុក​នោះ​ផង

5 គ្រប់​ទាំង​ការ​ដែល​គេ​ធ្វើ​ទាំង​ប៉ុន្មាន នោះ​សុទ្ធ​តែ​ធ្វើ​ឲ្យ​តែ​មនុស្ស​មើល​ឃើញ​ទេ គឺ​គេ​ធ្វើ​ស្លាក​អាវ​គេ​ឲ្យ​វែងៗ

6 គេ​គាប់​ចិត្ត​នឹង​កន្លែង​លេខ​១​ក្នុង​ការ​ស៊ី‌លៀង និង​កន្លែង​ដែល​មុខ​គេ​ក្នុង​សាលា​ប្រជុំ

7 ព្រម​ទាំង​គាប់​ចិត្ត​ឲ្យ​មនុស្ស​គំនាប់​ខ្លួន​នៅ​ទី​ផ្សារ ហើយ​ឲ្យ​គេ​ហៅ​ខ្លួន​ថា លោក​គ្រូៗ​ផង

8 ប៉ុន្តែ ឯ​អ្នក​រាល់​គ្នា​វិញ មិន​ត្រូវ​ឲ្យ​អ្នក​ដទៃ​ហៅ​ខ្លួន​ជា​លោក​គ្រូ​ឡើយ ដ្បិត​អ្នក​រាល់​គ្នា​មាន​សាស្តា​តែ​១ ហើយ​ជា​បង​ប្អូន​នឹង​គ្នា​ទាំង​អស់

9 ក៏​កុំ​ឲ្យ​ហៅ​អ្នក​ណា​ជា​ឪពុក នៅ​ផែនដី​នេះ​ដែរ ដ្បិត​មាន​ឪពុក​តែ​១​ប៉ុណ្ណោះ គឺ​ជា​ព្រះ​ដែល​គង់​នៅ​ស្ថាន‌សួគ៌

10 ហើយ​កុំ​ឲ្យ​អ្នក​ណា​ហៅ​ខ្លួន​ជា​សាស្តា​ឡើយ ដ្បិត​មាន​សាស្តា​តែ​១​ប៉ុណ្ណោះ គឺ​ជា​ព្រះ‌គ្រីស្ទ

11 តែ​អ្នក​ណា​ដែល​ធំ​ជាង​គេ​ក្នុង​ពួក​អ្នក​រាល់​គ្នា នោះ​ត្រូវ​ធ្វើ​ជា​អ្នក​បំរើ​ដល់​អ្នក​រាល់​គ្នា​វិញ

12 អ្នក​ណា​ដែល​ដំកើង​ខ្លួន នោះ​នឹង​ត្រូវ​បន្ទាប​ចុះ​វិញ ហើយ​អ្នក​ណា​ដែល​បន្ទាប​ខ្លួន នោះ​នឹង​បាន​ដំកើង​ឡើង។

13 វេទនា​ដល់​អ្នក​រាល់​គ្នា ពួក​អាចារ្យ និង​ពួក​ផារី‌ស៊ី ជា​មនុស្ស​កំពុត​អើយ ដ្បិត​អ្នក​រាល់​គ្នា​បិទ​នគរ​ស្ថាន‌សួគ៌​នៅ​មុខ​មនុស្ស ខ្លួន​អ្នក​រាល់​គ្នា​មិន​ព្រម​ចូល ហើយ​ក៏​មិន​បើក​ដល់​អស់​អ្នក ដែល​កំពុង​តែ​ចូល ឲ្យ​គេ​ចូល​ដែរ

14 វេទនា​ដល់​អ្នក​រាល់​គ្នា ពួក​អាចារ្យ និង​ពួក​ផារី‌ស៊ី ជា​មនុស្ស​កំពុត​អើយ ដ្បិត​អ្នក​រាល់​គ្នា​ខំ​សូត្រ​ធម៌​ឲ្យ​ច្រើន ដើម្បី​ឲ្យ​បាន​ឆ​ស៊ី​ផ្ទះ​ពួក​មេម៉ាយ ហេតុ​ដូច្នោះ អ្នក​រាល់​គ្នា​នឹង​ត្រូវ​ទោស​ធ្ងន់​ជាង​ទៅ​ទៀត

15 វេទនា​ដល់​អ្នក​រាល់​គ្នា ពួក​អាចារ្យ និង​ពួក​ផារី‌ស៊ី ជា​មនុស្ស​កំពុត​អើយ ដ្បិត​អ្នក​រាល់​គ្នា​ដើរ​ជុំ​ជើង​ទឹក ជើង​គោក ដើម្បី​នឹង​នាំ​មនុស្ស​តែ​ម្នាក់​ឲ្យ​ចូល​កាន់​សាសនា តែ​កាល​ណា​គេ​ចូល​កាន់​ហើយ នោះ​អ្នក​រាល់​គ្នា​តែង​ធ្វើ​ឲ្យ​គេ​ទៅ​ជា​គួរ​ធ្លាក់​ទៅ​នរក ជា​ជាង​ខ្លួន​១​ជា​២​ផង

16 វេទនា​ដល់​អ្នក​រាល់​គ្នា ពួក​កង្វាក់​ដែល​នាំ​ផ្លូវ​គេ​អើយ អ្នក​រាល់​គ្នា​ថា បើ​អ្នក​ណា​ស្បថ​នឹង​ព្រះ‌វិហារ នោះ​មិន​ជា​អ្វី​ទេ តែ​បើ​ស្បថ​នឹង​មាស​របស់​ព្រះ‌វិហារ នោះ​ត្រូវ​ជាប់​សម្បថ​ខ្លួន​ហើយ

17 ឱ​ពួក​មនុស្ស​ល្ងី‌ល្ងើ ហើយ​កង្វាក់​អើយ តើ​របស់​ណា​ធំ​ជាង មាស ឬ ព្រះ‌វិហារ​ដែល​ធ្វើ​ឲ្យ​មាស​នោះ​បរិសុទ្ធ

18 ហើយ​ក៏​ថា បើ​អ្នក​ណា​ស្បថ​នឹង​អាសនា នោះ​មិន​ជា​អ្វី​ទេ តែ​បើ​ស្បថ​នឹង​ដង្វាយ​នៅ​លើ​អាសនា នោះ​ត្រូវ​ជាប់​សម្បថ​ខ្លួន​ហើយ

19 ឱ​ពួក​មនុស្ស​ល្ងី‌ល្ងើ ហើយ​កង្វាក់​អើយ តើ​របស់​ណា​ធំ​ជាង ដង្វាយ ឬ អាសនា​ដែល​ធ្វើ​ឲ្យ​ដង្វាយ​នោះ​បាន​បរិសុទ្ធ

20 ដូច្នេះ​អ្នក​ណា​ដែល​ស្បថ​នឹង​អាសនា នោះ​ឈ្មោះ​ថា​ស្បថ​នឹង​អាសនា ហើយ​នឹង​របស់​ទាំង​អស់​ដែល​នៅ​លើ​អាសនា​នោះ

21 ឯ​អ្នក​ណា​ដែល​ស្បថ​នឹង​ព្រះ‌វិហារ នោះ​ឈ្មោះ​ថា​ស្បថ​នឹង​ព្រះ‌វិហារ ហើយ​នឹង​ព្រះ​ដែល​គង់​នៅ​ក្នុង​ព្រះ‌វិហារ​នោះ​ដែរ

22 ហើយ​អ្នក​ណា​ដែល​ស្បថ​នឹង​ស្ថាន‌សួគ៌ នោះ​ឈ្មោះ​ថា​ស្បថ​នឹង​បល្ល័ង្ក​នៃ​ព្រះ ហើយ​នឹង​ព្រះ​ដែល​គង់​លើ​បល្ល័ង្ក​នោះ​ផង

23 វេទនា​ដល់​អ្នក​រាល់​គ្នា ពួក​អាចារ្យ និង​ពួក​ផារី‌ស៊ី ជា​មនុស្ស​កំពុត​អើយ ដ្បិត​អ្នក​រាល់​គ្នា​ថ្វាយ​១​ភាគ​ក្នុង​១០ ទាំង​ជីរ‌អង្កាម ជីរ​លីង‌លាក់ និង​ល្ង​ផង តែ​បាន​ចោល​សេចក្ដី​សំខាន់​ជាង ដែល​នៅ​ក្នុង​ក្រឹត្យ‌វិន័យ​វិញ ដូច​ជា​សេចក្ដី​យុត្តិ‌ធម៌ សេចក្ដី​មេត្តា‌ករុណា និង​សេចក្ដី​ជំនឿ គួរ​តែ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​ការណ៍​ទាំង​នេះ ហើយ​ការ​ឯ​ទៀត​នោះ ក៏​មិន​ត្រូវ​ចោល​ផង

24 ឱ​ពួក​មនុស្ស​កង្វាក់ ដែល​នាំ​ផ្លូវ​គេ​អើយ អ្នក​រាល់​គ្នា​ត្រង​សុច​ចេញ តែ​លេប​សត្វ​អូដ្ឋ​វិញ

25 វេទនា​ដល់​អ្នក​រាល់​គ្នា ពួក​អាចារ្យ និង​ពួក​ផារី‌ស៊ី ជា​មនុស្ស​កំពុត​អើយ ដ្បិត​អ្នក​រាល់​គ្នា​លាង​ចាន​លាង​ថាស​តែ​ខាង​ក្រៅ ឯ​ខាង​ក្នុង​វិញ នោះ​ពេញ​ដោយ​អំពើ​ប្លន់ និង​សេចក្ដី​ហួស​ខ្នាត​ទទេ

26 ឱ​ពួក​ផារី‌ស៊ី​កង្វាក់​អើយ ចូរ​លាង​ចាន​លាង​ថាស​ខាង​ក្នុង​ជា​មុន ដើម្បី​ឲ្យ​ខាង​ក្រៅ​បាន​ស្អាត​ដែរ

27 វេទនា​ដល់​អ្នក​រាល់​គ្នា ពួក​អាចារ្យ និង​ពួក​ផារី‌ស៊ី ជា​មនុស្ស​កំពុត​អើយ ដ្បិត​អ្នក​រាល់​គ្នា​ដូច​ជា​ម៉ុង​ខ្មោច​ដែល​លាប​ស ឯ​ខាង​ក្រៅ ល្អ​មើល​ពិត​មែន តែ​ខាង​ក្នុង​មាន​ពេញ​ដោយ​ឆ្អឹង​ខ្មោច និង​សេចក្ដី​ស្មោក‌គ្រោក​គ្រប់​មុខ​វិញ

28 អ្នក​រាល់​គ្នា​ក៏​បែប​ដូច្នោះ​ដែរ ខាង​ក្រៅ​មើល​ទៅ​ដូច​ជា​សុចរិត​ដល់​មនុស្ស​លោក​មែន តែ​ខាង​ក្នុង​មាន​សុទ្ធ​តែ​សេចក្ដី​កំពុត និង​សេចក្ដី​ទទឹង​ច្បាប់​ទទេ

29 វេទនា​ដល់​អ្នក​រាល់​គ្នា ពួក​អាចារ្យ និង​ពួក​ផារី‌ស៊ី ជា​មនុស្ស​កំពុត​អើយ ដ្បិត​អ្នក​រាល់​គ្នា​ធ្វើ​ម៉ុង​ពួក​ហោរា ហើយ​តាក់‌តែង​ផ្នូរ​របស់​ពួក​មនុស្ស​សុចរិត

30 ដោយ​ថា បើ​យើង​បាន​រស់​នៅ​ក្នុង​ជំនាន់​ពួក​អយ្យកោ​យើង នោះ​យើង​មិន​បាន​ចូល​ដៃ​នឹង​គាត់ ដើម្បី​កំចាយ​ឈាម​ពួក​ហោរា​ទេ

31 ដូច្នេះ អ្នក​រាល់​គ្នា​ធ្វើ​ជា​បន្ទាល់​ទាស់​នឹង​ខ្លួន​ថា អ្នក​រាល់​គ្នា​ជា​កូន​របស់​ពួក​អ្នក​ដែល​បាន​សំឡាប់​ហោរា​ទាំង​នោះ

32 ឯ​អ្នក​រាល់​គ្នា ចូរ​បំពេញ​រង្វាល់​របស់​ពួក​អយ្យកោ​នៃ​អ្នក​រាល់​គ្នា​ចុះ

33 ឱ​សត្វ​ពស់ ឱ​ពូជ​ពស់‌វែក​អើយ ធ្វើ​ដូច​ម្តេច​ឲ្យ​អ្នក​រាល់​គ្នា​រួច​ពី​ទោស នៅ​ក្នុង​នរក​បាន

34 ដោយ​ហេតុ​នោះ បាន​ជា​ខ្ញុំ​ចាត់​ពួក​ហោរា ពួក​អ្នក​ប្រាជ្ញ និង​ពួក​អាចារ្យ ឲ្យ​មក​ឯ​អ្នក​រាល់​គ្នាៗ នឹង​សំឡាប់ ហើយ​ឆ្កាង​ខ្លះ ក៏​វាយ​ខ្លះ​នឹង​រំពាត់ នៅ​ក្នុង​សាលា​ប្រជុំ​របស់​អ្នក​រាល់​គ្នា ហើយ​ធ្វើ​ទុក្ខ​បៀត‌បៀន​គេ ពី​ក្រុង​១​ទៅ​ដល់​ក្រុង​១

35 ដើម្បី​ឲ្យ​អស់​ទាំង​ឈាម​របស់​មនុស្ស​សុចរិត ដែល​បាន​ខ្ចាយ​នៅ​ផែនដី បាន​ធ្លាក់​មក​លើ​អ្នក​រាល់​គ្នា​វិញ តាំង​ពី​ឈាម​របស់​អេបិល ជា​អ្នក​សុចរិត ដរាប​ដល់​សាការី ជា​កូន​បារ៉ាគា ដែល​អ្នក​រាល់​គ្នា​បាន​សំឡាប់​នៅ​កណ្តាល​ព្រះ‌វិហារ ហើយ​នឹង​អាសនា

36 ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អំពើ​ទាំង​នោះ​នឹង​ធ្លាក់​មក​លើ​មនុស្ស​ដំណ​នេះ​វិញ។

អ្នក​ក្រុង​យេរូ‌សាឡិម​បដិសេធ​មិន​ទទួល​ព្រះ‌យេស៊ូវ

37 ឱ​យេរូ‌សាឡិម ក្រុង​យេរូ‌សាឡិម​អើយ ឯង​ដែល​សំឡាប់​ពួក​ហោរា ហើយ​យក​ថ្ម​ចោល​ពួក​អ្នក​ដែល​បាន​ចាត់​មក​ឯ​ឯង តើ​ប៉ុន្មាន​ដង​ហើយ ដែល​អញ​ចង់​ប្រមូល​កូន​ឯង​ទាំង​ប៉ុន្មាន ដូច​ជា​មេ​មាន់​ក្រុង​កូន​វា​ឲ្យ​ជ្រក​ក្រោម​ស្លាប តែ​ឯង​មិន​ព្រម​ទេ

38 មើល​ផ្ទះ​ឯង​នឹង​ត្រូវ​ចោល​ស្ងាត់​ទុក​ឲ្យ​ឯង

39 ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ពី​នេះ​ទៅ​មុខ អ្នក​រាល់​គ្នា​នឹង​លែង​ឃើញ​ខ្ញុំ​ទៀត ដរាប​ដល់​កាល​ណា​អ្នក​រាល់​គ្នា​និយាយ​ថា ព្រះ‌អង្គ​ដែល​យាង​មក​ដោយ​នូវ​ព្រះ‌នាម​ព្រះ‌អម្ចាស់ ទ្រង់​ប្រកប​ដោយ​ព្រះ‌ពរ។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28