ម៉ាថាយ 2 KHOV

ពួក​ហោរ​មក​ថ្វាយ‌បង្គំ​ព្រះ‌ឱរស​យេស៊ូវ

1 កាល​ព្រះ‌យេស៊ូវ​ទ្រង់​ប្រសូត​មក នៅ​ភូមិ​បេថ្លេ‌ហិម ស្រុក​យូដា ក្នុង​រាជ្យ​ស្តេច​ហេរ៉ូឌ នោះ​មាន​ពួក​ហោរ ពី​ទិស​ខាង​កើត មក​ដល់​ក្រុង​យេរូ‌សាឡិម សួរ​ថា

2 តើ​ព្រះ‌អង្គ​ដែល​ប្រសូត​មក ធ្វើ​ជា​ស្តេច​សាសន៍​យូដា ទ្រង់​គង់​នៅ​ឯ​ណា ពី​ព្រោះ​យើង​បាន​ឃើញ​ផ្កាយ​របស់​ទ្រង់ ពី​ទិស​ខាង​កើត​មក ហើយ​យើង​មក​ថ្វាយ‌បង្គំ​ទ្រង់។

3 កាល​ស្តេច​ហេរ៉ូឌ​បាន​ឮ នោះ​ទ្រង់​មាន​សេចក្ដី​វិតក្ក​ព្រួយ ព្រម​ទាំង​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម​ទាំង​អស់​គ្នា​ផង

4 កាល​បាន​ប្រជុំ​ពួក​សង្គ្រាជ និង​ពួក​អាចារ្យ​នៃ​បណ្តា‌ជន​មក​សាក‌សួរ​ពី​ព្រះ‌គ្រីស្ទ ដែល​ទ្រង់​ត្រូវ​ប្រសូត​នៅ​ឯ​ណា

5 នោះ​គេ​ក៏​ទូល​ទ្រង់​ថា នៅ​ឯ​ភូមិ​បេថ្លេ‌ហិម​ក្នុង​ស្រុក​យូដា ព្រោះ​ហោរា​បាន​ចែង​សេចក្ដី​ទុក​មក​ដូច្នេះ​ថា

6 «ឯ​ឯង​បេថ្លេ‌ហិម ស្រុក​យូដា​អើយ ឯង​មិន​មែន​តូច​ជាង​គេ ក្នុង​ពួក​ចៅ‌ហ្វាយ​នៅ​ស្រុក​យូដា​ទេ ដ្បិត​នឹង​មាន​ចៅ‌ហ្វាយ​១​ចេញ​ពី​ឯង​មក ចៅ‌ហ្វាយ​នោះ​នឹង​ឃ្វាល​អ៊ីស្រា‌អែល ជា​រាស្ត្រ​អញ»។

7 នោះ​ស្តេច​ហេរ៉ូឌ ក៏​ហៅ​ពួក​ហោរ​នោះ​មក ដោយ​សំងាត់ សាក​សួរ​យ៉ាង​ម៉ត់‌ចត់ ពី​ផ្កាយ​នោះ​បាន​លេច​មក​ពី​កាល​ណា

8 រួច​ទ្រង់​ចាត់​គេ​ឲ្យ​ទៅ​ឯ​បេថ្លេ‌ហិម ដោយ​បង្គាប់​ថា ចូរ​អ្នក​រាល់​គ្នា​ទៅ​ស៊ើប​ដំណឹង ពី​កូន​តូច​នោះ​ឲ្យ​ច្បាស់‌លាស់ កាល​ណា​បាន​ឃើញ​ហើយ នោះ​ត្រូវ​មក​ប្រាប់​ដល់​យើង​វិញ ដើម្បី​ឲ្យ​យើង​បាន​ទៅ​ថ្វាយ‌បង្គំ​ដែរ

9 កាល​គេ​បាន​ទទួល​បង្គាប់​នៃ​ស្តេច​ស្រេច​ហើយ នោះ​ក៏​នាំ​គ្នា​ចេញ​ទៅ ឯ​ផ្កាយ​ដែល​គេ​បាន​ឃើញ​ពី​ទិស​ខាង​កើត នោះ​ក៏​នាំ​មុខ​គេ ដរាប​ដល់​ចំ​ពី​លើ​កន្លែង​ដែល​បុត្រ​តូច​នៅ ទើប​ឈប់

10 គេ​មាន​សេចក្ដី​អំណរ​ជា​ខ្លាំង​ក្រៃ ដោយ​ឃើញ​ផ្កាយ​នោះ

11 ហើយ​ក៏​ចូល​ទៅ​ក្នុង​ផ្ទះ ឃើញ​បុត្រ​តូច នៅ​ជា​មួយ​នឹង​ម៉ារា ជា​មាតា រួច​ក៏​ក្រាប​ថ្វាយ‌បង្គំ ព្រម​ទាំង​បើក​យក​ទ្រព្យ​ដ៏​វិសេស​របស់​ខ្លួន ថ្វាយ​ដង្វាយ​ជា​មាស ជា​កំញាន ជា​ជ័រ​ល្វីង‌ទេស ដល់​បុត្រ​នោះ

12 រួច​វិល​ទៅ​ស្រុក​គេ​វិញ តាម​ផ្លូវ​មួយ​ទៀត​ទៅ ដោយ​ព្រោះ​ព្រះ​ទ្រង់​ពន្យល់​សប្តិ​ប្រាប់ មិន​ឲ្យ​ត្រឡប់​ទៅ​ឯ​ហេរ៉ូឌ​វិញ​ឡើយ។

ព្រះ‌យេស៊ូវ​ភៀស‌ខ្លួន​ទៅ​នៅ​ស្រុក​អេស៊ីប

13 កាល​គេ​ចេញ​ទៅ​បាត់​ហើយ នោះ​ទេវតា​នៃ​ព្រះ‌អម្ចាស់​ក៏​លេច​មក ពន្យល់​សប្តិ​ប្រាប់​យ៉ូសែប​ថា ចូរ​ក្រោក​ឡើង​នាំ​បុត្រ​តូច និង​មាតា​ទ្រង់ រត់​ទៅ​ឯ​ស្រុក​អេស៊ីប​ទៅ ឲ្យ​នៅ​ស្រុក​នោះ​ទាល់​តែ​យើង​ប្រាប់ ដ្បិត​ហេរ៉ូឌ​នឹង​រក​សំឡាប់​បុត្រ​តូច

14 គាត់​ក៏​ក្រោក​ឡើង​ទាំង​យប់ នាំ​បុត្រ​តូច និង​មាតា​ទ្រង់ ចេញ​ទៅ​នៅ​ស្រុក​អេស៊ីប​វិញ

15 ក៏​នៅ​ស្រុក​នោះ ដរាប​ដល់​ហេរ៉ូឌ​សុគត ដើម្បី​ឲ្យ​បាន​សំរេច​សេចក្ដី ដែល​ព្រះ‌អម្ចាស់​ទ្រង់​ប្រាប់ ដោយ‌សារ​ហោរា​ថា «អញ​បាន​ហៅ​កូន​អញ ចេញ​ពី​ស្រុក​អេស៊ីប​មក»។

ស្តេច​ហេរ៉ូឌ​ចេញ​បញ្ជា​ឲ្យ​គេ​សំឡាប់​ក្មេងៗ

16 លុះ​ហេរ៉ូឌ​ឃើញ​ថា ពួក​ហោរ​បាន​បញ្ឆោត​ទ្រង់ នោះ​ទ្រង់​មាន​សេចក្ដី​ក្រេវ‌ក្រោធ​ជា​ខ្លាំង ក៏​ចាត់​គេ​ឲ្យ​ទៅ​សំឡាប់​អស់​ទាំង​កូន​ប្រុសៗ​នៅ​បេថ្លេ‌ហិម និង​ក្នុង​ក្រវល់​ស្រុក​នោះ​ទាំង​អស់ តាំង​ពី​អាយុ​២​ឆ្នាំ​ចុះ​មក តាម​កំណត់​ថ្ងៃ​ដែល​ទ្រង់​បាន​សួរ​ពួក​ហោរ​យ៉ាង​ម៉ត់‌ចត់

17 នោះ​បាន​សំរេច​សេចក្ដី​ទំនាយ ដែល​ហោរា​យេរេមា បាន​ទាយ​ទុក​មក​ថា

18 «មាន​ឮ​សំឡេង​នៅ​រ៉ាម៉ា ជា​សូរ​ទំនួញ​យំ​សោក ហើយ​កាន់​ទុក្ខ គឺ​នាង​រ៉ាជែល​យំ​នឹង​កូន​នាង ហើយ​មិន​ព្រម​ក្សាន្ត​ចិត្ត​សោះ ដ្បិត​កូន​នាង​វិនាស​បាត់​ហើយ»។

ព្រះ‌យេស៊ូវ​ត្រឡប់​មក​ពី​ស្រុក​អេស៊ីប​វិញ

19 លុះ​ហេរ៉ូឌ​បាន​សុគត​រួច​ហើយ នោះ​ទេវតា​នៃ​ព្រះ‌អម្ចាស់​លេច​មក ពន្យល់​សប្តិ​ប្រាប់​យ៉ូសែប នៅ​ស្រុក​អេស៊ីប​ថា

20 ចូរ​ក្រោក​ឡើង នាំ​បុត្រ​តូច និង​មាតា​ទ្រង់ ទៅ​នៅ​ឯ​ស្រុក​អ៊ីស្រា‌អែល​វិញ​ទៅ ដ្បិត​អស់​ពួក​អ្នក​ដែល​រក​សំឡាប់​បុត្រ​តូច បាន​ស្លាប់​អស់​ហើយ

21 គាត់​ក៏​ក្រោក​ឡើង នាំ​បុត្រ​តូច និង​មាតា​ទ្រង់ ទៅ​ឯ​ស្រុក​អ៊ីស្រា‌អែល​វិញ

22 ប៉ុន្តែ គាត់​ឮ​ថា អើខេ‌ឡោស​បាន​សោយ​រាជ្យ​នៅ​ស្រុក​យូដា ជំនួស​ហេរ៉ូឌ ជា​បិតា​ទ្រង់ នោះ​គាត់​ខ្លាច​មិន​ហ៊ាន​ទៅ​ឯ​ទី​នោះ​ទេ ក៏​ចេញ​ទៅ​នៅ​ស្រុក​កាលី‌ឡេ​វិញ តាម​ដែល​ព្រះ​ទ្រង់​បាន​ពន្យល់​សប្តិ​ប្រាប់​គាត់

23 រួច​គាត់​តាំង​ទី​លំនៅ នៅ​ភូមិ​ណាសា‌រ៉ែត ដើម្បី​ឲ្យ​បាន​សំរេច​សេចក្ដី ដែល​ពួក​ហោរា​បាន​ទាយ​ថា «គេ​នឹង​ហៅ​ទ្រង់​ជា​អ្នក​ស្រុក​ណាសា‌រ៉ែត»។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28