ម៉ាថាយ 12 KHOV

ព្រះ‌យេស៊ូវ​មាន​អំណាច​លើ​ក្រឹត្យ‌វិន័យ​ថ្ងៃ​សប្ប័ទ

1 នៅ​គ្រា​នោះ ព្រះ‌យេស៊ូវ​យាង​កាត់​ស្រែ នៅ​ថ្ងៃ​ឈប់​សំរាក ឯ​ពួក​សិស្ស​ទ្រង់​គេ​ឃ្លាន ហើយ​គេ​ចាប់​បូត​គួរ​ស្រូវ​បរិភោគ​ទៅ

2 ពួក​ផារី‌ស៊ី​ក៏​ឃើញ ហើយ​គេ​ទូល​ទ្រង់​ថា មើល​ន៏ សិស្ស​លោក​ធ្វើ​អំពើ ដែល​គ្មាន​ច្បាប់​ធ្វើ នៅ​ថ្ងៃ​ឈប់​សំរាក​ហើយ

3 តែ​ទ្រង់​មាន​ព្រះ‌បន្ទូល​តប​ថា តើ​អ្នក​រាល់​គ្នា​មិន​ដែល​មើល​រឿង ពី​ការ​ដែល​ហ្លួង​ដាវីឌ​ទ្រង់​ធ្វើ ក្នុង​កាល​ដែល​ទ្រង់ និង​ពួក​អ្នក​នៅ​ជា​មួយ​បាន​ឃ្លាន​ទេ​ឬ​អី

4 គឺ​ដែល​ទ្រង់​បាន​យាង​ចូល​ទៅ​ក្នុង​ដំណាក់​ព្រះ ហើយ​បាន​សោយ​នំបុ័ង​តាំង​ទុក ដែល​គ្មាន​ច្បាប់​ឲ្យ​ទ្រង់​សោយ ឬ​ពួក​ដែល​នៅ​ជា​មួយ​នឹង​ទ្រង់​ផង ជា​របស់​ទុក​សំរាប់​តែ​ពួក​សង្ឃ​ប៉ុណ្ណោះ

5 ឬ​អ្នក​រាល់​គ្នា​មិន​បាន​មើល​ក្នុង​ក្រឹត្យ‌វិន័យ​ទេ​ឬ​អី​ថា នៅ​ថ្ងៃ​ឈប់​សំរាក នោះ​ពួក​សង្ឃ នៅ​ក្នុង​ព្រះ‌វិហារ ក៏​ប្រព្រឹត្ត​រំលង​ច្បាប់​នៃ​ថ្ងៃ​ឈប់​សំរាក ឥត​មាន​ទោស​វិញ

6 ប៉ុន្តែ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នៅ​ទី​នេះ មាន​១​អង្គ ដែល​វិសេស​ជាង​ព្រះ‌វិហារ​ទៅ​ទៀត

7 បើ​អ្នក​រាល់​គ្នា​បាន​យល់​ន័យ​សេចក្ដី​ដែល​ថា «អញ​ចង់​បាន​សេចក្ដី​មេត្តា‌ករុណា មិន​មែន​យញ្ញ‌បូជា​ទេ» នោះ​អ្នក​រាល់​គ្នា​មិន​បាន​បន្ទោស ដល់​ពួក​អ្នក​ដែល​គ្មាន​ទោស​ឡើយ

8 ដ្បិត​កូន​មនុស្ស​ជា​ម្ចាស់​លើ​ថ្ងៃ​ឈប់​សំរាក​ដែរ។

ព្រះ‌យេស៊ូវ​ប្រោស​មនុស្ស​ស្វិត​ដៃ​ម្នាក់​ឲ្យ​ជា

9 ទ្រង់​ក៏​យាង​ចេញ​ពី​ទី​នោះ ចូល​ទៅ​ក្នុង​សាលា​ប្រជុំ​របស់​គេ

10 នោះ​ឃើញ​មនុស្ស​ម្នាក់​មាន​ដៃ​ស្វិត ហើយ​គេ​ទូល​សួរ​ទ្រង់​ថា តើ​មាន​ច្បាប់​នឹង​ប្រោស​ឲ្យ​ជា នៅ​ថ្ងៃ​ឈប់​សំរាក​បាន​ឬ​ទេ នេះ​គឺ​ដើម្បី​ឲ្យ​តែ​បាន​រឿង​ចោទ​ប្រកាន់​ទ្រង់​ប៉ុណ្ណោះ

11 តែ​ទ្រង់​ឆ្លើយ​ថា បើ​អ្នក​ណា ក្នុង​ពួក​អ្នក​រាល់​គ្នា មាន​ចៀម​តែ​១ ហើយ​ចៀម​នោះ​ធ្លាក់​ទៅ​ក្នុង​រណ្តៅ នៅ​ថ្ងៃ​ឈប់​សំរាក នោះ​តើ​មិន​ទៅ​ចាប់​ស្រង់​វា​មក​ទេ​ឬ​អី

12 ឯ​មនុស្ស តើ​មាន​ដំឡៃ​លើស​ជាង​ចៀម​អម្បាល‌ម៉ាន​ទៅ​ទៀត ដូច្នេះ មាន​ច្បាប់​ឲ្យ​ធ្វើ​ការ​ល្អ​នៅ​ថ្ងៃ​ឈប់​សំរាក​ដែរ

13 រួច​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​មនុស្ស​នោះ​ថា ចូរ​លាត​ដៃ​អ្នក​ទៅ គាត់​ក៏​លាត ហើយ​ដៃ​នោះ​បាន​ជា ដូច​ដៃ​ម្ខាង។

14 កាល​ពួក​ផារី‌ស៊ី​បាន​ចេញ​ទៅ​ក្រៅ គេ​ក៏​ពិគ្រោះ​គ្នា​រក​ហេតុ​នឹង​ធ្វើ​ឲ្យ​ទ្រង់​វិនាស

15 តែ​កាល​ព្រះ‌យេស៊ូវ​បាន​ជ្រាប នោះ​ទ្រង់​យាង​ថយ​ចេញ​ពី​ទី​នោះ មាន​ទាំង​មនុស្ស​កក‌កុញ​ដើរ​តាម​ទ្រង់​ទៅ ហើយ​ទ្រង់​ក៏​ប្រោស​គេ​ឲ្យ​ជា​គ្រប់​គ្នា​ដែរ

16 ទ្រង់​ហាម​ផ្តាច់ មិន​ឲ្យ​គេ​ប្រាប់​ឲ្យ​បណ្តា​មនុស្ស​ស្គាល់​ទ្រង់​ឡើយ

17 ដើម្បី​ឲ្យ​បាន​សំរេច​តាម​ទំនាយ ដែល​ហោរា​អេសាយ បាន​ទាយ​ទុក​មក​ថា

18 «មើល​អ្នក​បំរើ​ដែល​អញ​បាន​រើស​តាំង ជា​អ្នក​ស្ងួនភ្ងា ដែល​ជា​ទី​ពេញ​ចិត្ត​អញ អញ​នឹង​ដាក់​វិញ្ញាណ​អញ ឲ្យ​សណ្ឋិត​នៅ​លើ​ទ្រង់ ហើយ​ទ្រង់​នឹង​ថ្លែង​ប្រាប់​ពី​សេចក្ដី​យុត្តិ‌ធម៌ ដល់​សាសន៍​ដទៃ

19 ទ្រង់​នឹង​មិន​តតាំង​នឹង​គេ ឬ​ស្រែក​សំរែក​ឡើយ នឹង​គ្មាន​អ្នក​ណា​ឮ​សំឡេង​ទ្រង់​នៅ​ក្នុង​ផ្លូវ​ទេ

20 ទ្រង់​នឹង​មិន​ផ្តាច់​ដើម​ត្រែង​ដែល​បាក់ ក៏​មិន​លត់​ប្រឆេះ​ដែល​នៅ​ហុយ​ឡើយ ទាល់​តែ​បាន​នាំ​សេចក្ដី​យុត្តិ‌ធម៌​ឲ្យ​មាន​ជ័យ‌ជំនះ

21 ហើយ​អស់​ទាំង​សាសន៍​ដទៃ នឹង​មាន​សេចក្ដី​សង្ឃឹម ដោយ​នូវ​ឈ្មោះ​ទ្រង់»។

ព្រះ‌យេស៊ូវ​ឆ្លើយ​តប​នឹង​អ្នក​ចោទ​ប្រកាន់​ព្រះ‌អង្គ

22 នោះ​គេ​នាំ​មនុស្ស​ម្នាក់​មាន​អារក្ស​ចូល ដែល​ខ្វាក់ ហើយ​គ មក​ឯ​ទ្រង់ ទ្រង់​ក៏​ប្រោស​ឲ្យ​បាន​ជា គឺ​ឲ្យ​មនុស្ស​ខ្វាក់ ហើយ​គ​នោះ បាន​ទាំង​និយាយ ហើយ​មើល​ឃើញ​ផង

23 ឯ​ហ្វូង​មនុស្ស គេ​មាន​សេចក្ដី​អស្ចារ្យ​ទាំង​អស់​គ្នា ក៏​និយាយ​គ្នា​ថា អ្នក​នេះ តើ​មិន​មែន​ជា​ព្រះ‌វង្ស​ហ្លួង​ដាវីឌ​នោះ​ទេ​ឬ​អី

24 តែ​កាល​ពួក​ផារី‌ស៊ី​បាន​ឮ​ពាក្យ​នោះ គេ​ក៏​ឆ្លើយ​ឡើង​ថា មនុស្ស​នេះ​ដេញ​អារក្ស​បាន ដោយ‌សារ​តែ​បេល‌សេប៊ូល ជា​មេ​អារក្ស​ទេ

25 ប៉ុន្តែ ព្រះ‌យេស៊ូវ​ទ្រង់​ជ្រាប​គំនិត​គេ ក៏​មាន​ព្រះ‌បន្ទូល​ថា អស់​ទាំង​នគរ​ណា​ដែល​បែក​ទាស់​តែ​គ្នា​ឯង នោះ​នឹង​ត្រូវ​វិនាស​ទៅ ហើយ​អស់​ទាំង​ក្រុង​ណា ឬ​ផ្ទះ​ណា​ដែល​បែក​ទាស់​តែ​គ្នា​ឯង នោះ​នឹង​នៅ​ស្ថិត‌ស្ថេរ​ពុំ​បាន​ទេ

26 ដូច្នេះ បើ​អារក្ស​ដេញ​អារក្ស នោះ​មុខ​ជា​វា​បែក​ទាស់​គ្នា​វា​ហើយ យ៉ាង​នោះ ធ្វើ​ដូច​ម្តេច​ឲ្យ​រាជ្យ​វា​ស្ថិត‌ស្ថេរ​នៅ​បាន

27 មួយ​ទៀត បើ​ខ្ញុំ​ដេញ​អារក្ស​ដោយ​អាង​បេល‌សេប៊ូល​ពិត នោះ​តើ​កូន​របស់​អ្នក​រាល់​គ្នា​ដេញ​អារក្ស ដោយ‌សារ​អ្វី​វិញ ដូច្នេះ វា​នឹង​ធ្វើ​ជា​ចៅ‌ក្រម​ជំនុំ​ជំរះ​អ្នក​រាល់​គ្នា​ហើយ

28 ប៉ុន្តែ បើ​សិន​ជា​ខ្ញុំ​ដេញ​អារក្ស ដោយ‌សារ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ​វិញ នោះ​ឈ្មោះ​ថា នគរ​ព្រះ​បាន​មក​ដល់​អ្នក​រាល់​គ្នា​ហើយ

29 ឬ​ធ្វើ​ដូច​ម្តេច​ឲ្យ​អ្នក​ណា​ចូល​ទៅ​ក្នុង​ផ្ទះ​នៃ​មនុស្ស​ខ្លាំង​ពូកែ និង​ប្លន់​យក​ទ្រព្យ‌សម្បត្តិ​របស់​គេ​បាន វៀរ​តែ​ចង​អ្នក​ខ្លាំង​ពូកែ​នោះ​ជា​មុន​សិន នោះ​ទើប​នឹង​ប្លន់​ផ្ទះ​របស់​គេ​បាន

30 អ្នក​ណា​ដែល​មិន​នៅ​ខាង​ខ្ញុំ អ្នក​នោះ​ទាស់​នឹង​ខ្ញុំ ហើយ​អ្នក​ណា​ដែល​មិន​ប្រមូល​មក​ខាង​ខ្ញុំ អ្នក​នោះ​ជា​អ្នក​កំចាត់‌កំចាយ​វិញ

31 ហេតុ​នេះ​បាន​ជា​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា អស់​ទាំង​បាប ហើយ​ពាក្យ​ប្រមាថ នឹង​អត់​ទោស​ឲ្យ​មនុស្ស​លោក​បាន តែ​ឯ​ពាក្យ​ប្រមាថ​ដល់​ព្រះ‌វិញ្ញាណ​វិញ នោះ​មិន​ដែល​បាន​អត់​ទោស ដល់​មនុស្ស​ឡើយ

32 អ្នក​ណា​ដែល​ពោល​ពាក្យ​ទាស់​នឹង​កូន​មនុស្ស នោះ​នឹង​អត់​ទោស​ឲ្យ​បាន តែ​អ្នក​ណា​ដែល​ពោល​ទាស់​នឹង​ព្រះ‌វិញ្ញាណ​បរិសុទ្ធ នោះ​នឹង​អត់​ទោស​ឲ្យ​ពុំ​បាន​ឡើយ ទោះ​នៅ​នា​លោកីយ៍​នេះ ឬ​នៅ​បរលោក​នាយ​ក្តី។

ដើម​ឈើ​ល្អ ដើម​ឈើ​អាក្រក់

33 ត្រូវ​តែ​រាប់​ថា ដើម​ឈើ​ល្អ ផ្លែ​វា​ក៏​ល្អ ឬ​ថា​ដើម​ឈើ​អាក្រក់ ហើយ​ផ្លែ​វា​ក៏​អាក្រក់​ដែរ ដ្បិត​គេ​ស្គាល់​ដើម​ឈើ​ដោយ‌សារ​ផ្លែ​វា

34 ពូជ​ពស់‌វែក​អើយ ដែល​អ្នក​រាល់​គ្នា​អាក្រក់​ម៉្លេះ តើ​ធ្វើ​ដូច​ម្តេច​នឹង​ឲ្យ​អ្នក​រាល់​គ្នា​ពោល​សេចក្ដី​ល្អ​បាន ពី​ព្រោះ​មាត់​តែង​និយាយ តាម​សេចក្ដី​បរិបូរ​ដែល​នៅ​ក្នុង​ចិត្ត

35 ធម្មតា​មនុស្ស​ល្អ តែង​បញ្ចេញ​សេចក្ដី​ល្អ អំពី​កំណប់​ដ៏​ល្អ​ដែល​បាន​កប់​ទុក​ក្នុង​ចិត្ត ឯ​មនុស្ស​អាក្រក់​វិញ គេ​ក៏​បញ្ចេញ​សេចក្ដី​អាក្រក់ អំពី​កំណប់​អាក្រក់​របស់​គេ​ដែរ

36 ហើយ​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នៅ​ថ្ងៃ​ជំនុំ​ជំរះ នោះ​មនុស្ស​លោក​នឹង​ត្រូវ​រៀប​រាប់​ប្រាប់ ពី​អស់​ទាំង​ហេតុ​នៃ​ពាក្យ​ឥត​ប្រយោជន៍ ដែល​គេ​បាន​និយាយ

37 ដ្បិត​អ្នក​នឹង​បាន​រាប់​ជា​សុចរិត ដោយ‌សារ​ពាក្យ​សំដី​របស់​ខ្លួន ឬ​នឹង​ត្រូវ​ទោស ក៏​ដោយ‌សារ​តែ​ពាក្យ​សំដី​នោះ​ដែរ។

ទី​សំគាល់​របស់​លោក​យ៉ូណាស

38 គ្រា​នោះ ពួក​អាចារ្យ និង​ពួក​ផារី‌ស៊ី​ខ្លះ គេ​ទូល​ទ្រង់​ថា លោក​គ្រូ យើង​ខ្ញុំ​ចង់​ឃើញ​ទី​សំគាល់​ពី​លោក

39 តែ​ទ្រង់​មាន​ព្រះ‌បន្ទូល​តប​ថា ដំណ​មនុស្ស​អាក្រក់ ហើយ​កំផិត គេ​ចេះ​តែ​ចង់​ឃើញ​ទី​សំគាល់ តែ​នឹង​គ្មាន​ទី​សំគាល់​ណា​បាន​ប្រទាន​មក​គេ ក្រៅ​ពី​ទី​សំគាល់​របស់​ហោរា​យ៉ូណាស​ឡើយ

40 ដ្បិត​លោក​យ៉ូណាស​បាន​នៅ​ក្នុង​ពោះ​ត្រី​ធំ អស់​៣​ថ្ងៃ​៣​យប់​យ៉ាង​ណា កូន​មនុស្ស​ក៏​នឹង​នៅ​ក្នុង​ផ្ទៃ​ផែនដី​៣​ថ្ងៃ​៣​យប់​យ៉ាង​នោះ​ដែរ

41 ឯ​មនុស្ស​នៅ​ក្រុង​នីនីវេ​នឹង​ឈរ​ឡើង​ជា​មួយ​នឹង​មនុស្ស​ដំណ​នេះ ក្នុង​គ្រា​ជំនុំ​ជំរះ ហើយ​នឹង​កាត់​ទោស​ឲ្យ​ផង ដ្បិត​គេ​បាន​ប្រែ​ចិត្ត ដោយ​ឮ​សេចក្ដី​ដែល​លោក​យ៉ូណាស​បាន​ប្រកាស​ប្រាប់ ហើយ​មើល​នៅ​ទី​នេះ​មាន​១​អង្គ ដែល​វិសេស​ជាង​លោក​យ៉ូណាស​ទៅ​ទៀត

42 មហា‌ក្សត្រី​នៅ​ស្រុក​ខាង​ត្បូង នឹង​ឈរ​ឡើង​ជា​មួយ​នឹង​មនុស្ស​ដំណ​នេះ ក្នុង​គ្រា​ជំនុំ​ជំរះ ហើយ​នឹង​កាត់​ទោស​ឲ្យ​ផង ដោយ​ព្រះ‌នាង​បាន​យាង​មក​ពី​ចុង​ផែនដី ដើម្បី​នឹង​ស្តាប់​ចំណេះ​របស់​ហ្លួង​សាឡូ‌ម៉ូន ហើយ​មើល​នៅ​ទី​នេះ​មាន​១​អង្គ​វិសេស​ជា​ហ្លួង​សាឡូ‌ម៉ូន​ទៅ​ទៀត។

ត្រូវ​ប្រយ័ត្ន កុំ​ឲ្យ​អារក្ស​ចូល​ម្តង​ទៀត

43 កាល​ណា​អារក្ស‌អសោច​បាន​ចេញ​ពី​មនុស្ស​ទៅ​ហើយ នោះ​វា​ដើរ​ចុះ​ឡើង នៅ​កន្លែង​ហួត‌ហែង ដើម្បី​រក​ទី​ឈប់​សំរាក តែ​រក​មិន​បាន​សោះ

44 នោះ​វា​គិត​ថា អញ​នឹង​ត្រឡប់​ទៅ​ឯ​ផ្ទះ​អញ ដែល​ទើប​នឹង​ចេញ​មក​នោះ រួច​កាល​វា​មក​ដល់ ឃើញ​ផ្ទះ​នៅ​ទំនេរ បោស​ស្អាត ហើយ​តុប‌តែង​យ៉ាង​ល្អ

45 នោះ​វា​ចេញ​ទៅ​នាំ​យក​អារក្ស​៧​ទៀត ដែល​កាចៗ ជាង​វា មក​ជា​មួយ​ផង ក៏​នាំ​គ្នា​ចូល​ទៅ​នៅ​ទី​នោះ ហើយ​សណ្ឋាន​ក្រោយ​របស់​មនុស្ស​នោះ បាន​អាក្រក់​ជាង​មុន​ទៅ​ទៀត ឯ​មនុស្ស​ដំណ​អាក្រក់​នេះ គេ​នឹង​បាន​ដូច្នោះ​ដែរ។

ព្រះ‌ញាតិ‌វង្ស​ពិត​ប្រាកដ​របស់​ព្រះ‌យេស៊ូវ

46 កាល​ទ្រង់​កំពុង​តែ​មាន​ព្រះ‌បន្ទូល​នឹង​ហ្វូង​មនុស្ស​នៅ​ឡើយ នោះ​មាតា និង​ពួក​ប្អូន​ទ្រង់​ក៏​ឈរ​ពី​ខាង​ក្រៅ​រក​ទូល​នឹង​ទ្រង់

47 មាន​ម្នាក់​ទូល​ទ្រង់​ថា មើល​ន៏ ម្តាយ និង​ប្អូន​លោក ឈរ​នៅ​ខាង​ក្រៅ​ចង់​និយាយ​នឹង​លោក

48 តែ​ទ្រង់​ឆ្លើយ​ទៅ​អ្នក​ដែល​ទូល​នឹង​ទ្រង់​ថា តើ​អ្នក​ណា​ជា​ម្តាយ ហើយ​ជា​ប្អូន​ខ្ញុំ

49 រួច​ទ្រង់​លាត​ព្រះ‌ហស្ត ចង្អុល​ទៅ​ពួក​សិស្ស ដោយ​ព្រះ‌បន្ទូល​ថា នុ៎ះ​ន៏ ម្តាយ ហើយ​នឹង​ប្អូន​ខ្ញុំ

50 ដ្បិត​អ្នក​ណា ដែល​ធ្វើ​តាម​ព្រះ‌ហឫ‌ទ័យ​នៃ​ព្រះ‌វរ‌បិតា​ខ្ញុំ ដែល​គង់​នៅ​ស្ថាន‌សួគ៌ គឺ​អ្នក​នោះ​ហើយ ជា​ប្អូន​ប្រុស​ស្រី ហើយ​ជា​ម្តាយ​ខ្ញុំ​វិញ។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28