1 នៅគ្រានោះ ហេរ៉ូឌ ជាស្តេចអនុរាជ ទ្រង់បានឮល្បីពីព្រះយេស៊ូវ
2 ទ្រង់ក៏មានព្រះបន្ទូលទៅពួកមហាតលិកថា នោះគឺជាយ៉ូហាន-បាទីស្ទ គាត់បានរស់ពីស្លាប់ឡើងវិញហើយ បានជាមានការឫទ្ធិបារមីកើតមក ដោយសារគាត់ដូច្នេះ
3 ដ្បិតហេរ៉ូឌបានចាប់ចងយ៉ូហានដាក់ក្នុងគុក ដោយព្រោះហេរ៉ូឌាស ជាភរិយាភីលីព អនុជទ្រង់
4 ពីព្រោះយ៉ូហានបានទូលទាស់នឹងស្តេចថា ទ្រង់គ្មានច្បាប់នឹងយកនាងនោះទេ
5 ទ្រង់ចង់សំឡាប់គាត់ណាស់ តែខ្លាចហ្វូងមនុស្ស ព្រោះគេរាប់គាត់ទុកជាហោរា
6 មានសម័យ១ ជាថ្ងៃធ្វើបុណ្យចំរើនព្រះជន្មហេរ៉ូឌ នោះបុត្រីហេរ៉ូឌាស នាងរាំនៅមុខពួកភ្ញៀវ ជាទីគាប់ព្រះទ័យដល់ហេរ៉ូឌណាស់
7 បានជាទ្រង់ស្បថសន្យានឹងប្រទានគ្រប់របស់អ្វីដែលនាងនឹងសូម
8 តែមាតានាងបានបញ្ចេះឲ្យទូលថា សូមប្រទានក្បាលយ៉ូហាន-បាទីស្ទ ដាក់លើថាសមកឲ្យខ្ញុំម្ចាស់នៅទីនេះ
9 នោះស្តេចទ្រង់ក៏ព្រួយព្រះទ័យ តែដោយព្រោះសម្បថ ហើយនឹងពួកភ្ញៀវ បានជាទ្រង់បង្គាប់ឲ្យគេយកក្បាលគាត់មកឲ្យនាង
10 ទ្រង់ក៏ចាត់គេឲ្យទៅកាត់ក្បាលយ៉ូហាននៅក្នុងគុក
11 គេយកក្បាលគាត់ដាក់លើថាសមកឲ្យនាង រួចនាងយកទៅថ្វាយដល់មាតា
12 នោះពួកសិស្សយ៉ូហានក៏មកយកសពទៅកប់ រួចទៅទូលព្រះយេស៊ូវ។
13 កាលព្រះយេស៊ូវបានឮហើយ នោះទ្រង់យាងចុះទូកចេញពីទីនោះ ទៅឯទីរហោស្ថានដោយឡែក រីឯពួកបណ្តាជនក៏បានដឹង ហើយគេចេញពីក្រុងទាំងអស់ដើរតាមទ្រង់ទៅ
14 លុះទ្រង់យាងឡើងពីទូកវិញ ស្រាប់តែឃើញមានមនុស្សមីរដេរដាស ទ្រង់ក៏មានព្រះហឫទ័យក្តួលអាណិតដល់គេ ហើយទ្រង់ប្រោសមនុស្សជំងឺទាំងប៉ុន្មានក្នុងពួកគេឲ្យបានជា
15 ដល់ពេលល្ងាចពួកសិស្សមកឯទ្រង់ទូលថា ទីនេះស្ងាត់ណាស់ ម៉ោងក៏ជ្រុលហើយ សូមឲ្យហ្វូងមនុស្សត្រឡប់ទៅវិញទៅ ដើម្បីឲ្យបានទិញស្បៀងអាហារ នៅក្នុងភូមិជុំវិញ
16 តែព្រះយេស៊ូវទ្រង់ឆ្លើយថា មិនចាំបាច់ឲ្យគេទៅទេ ចូរអ្នករាល់គ្នាឲ្យគេបរិភោគទៅ
17 ពួកសិស្សក៏ទូលទ្រង់ថា នៅទីនេះយើងខ្ញុំគ្មានអ្វីទេ មានតែនំបុ័ង៥ដុំ ហើយនឹងត្រីពីរប៉ុណ្ណោះ
18 នោះទ្រង់មានព្រះបន្ទូលថា ចូរយកមកឲ្យខ្ញុំឯណេះ
19 រួចកាលទ្រង់បង្គាប់ ឲ្យហ្វូងមនុស្សអង្គុយនៅលើស្មៅហើយ នោះទ្រង់យកនំបុ័ង៥ដុំ និងត្រី២នោះ ងើបទតទៅលើមេឃ ទាំងប្រទានពរ រួចកាច់ប្រទានដល់ពួកសិស្ស ហើយពួកសិស្សក៏ចែកដល់ហ្វូងមនុស្ស
20 គេបានបរិភោគឆ្អែតគ្រប់គ្នា រួចប្រមូលចំណិតដែលនៅសល់ដាក់ពេញបាន១២កន្ត្រក
21 រីឯពួកមនុស្សដែលបានបរិភោគ នោះមានចំនួន៥ពាន់នាក់ ឥតរាប់ពួកស្រីៗ និងកូនក្មេងទេ។
22 ស្រាប់តែទ្រង់បង្ខំពួកសិស្ស ឲ្យចុះទូកឆ្លងទៅឯត្រើយម្ខាងមុនទ្រង់ ទាល់តែទ្រង់បានឲ្យហ្វូងមនុស្សវិលទៅវិញអស់
23 លុះបានឲ្យគេទៅផុតអស់ហើយ នោះទ្រង់យាងឡើងលើភ្នំដោយឡែក ដើម្បីនឹងអធិស្ឋាន លុះពេលព្រលប់ហើយ ទ្រង់ក៏នៅទីនោះតែ១អង្គទ្រង់
24 ឯទូកនៅកណ្តាលសមុទ្រ ត្រូវរលកបោកជាខ្លាំង ដោយព្រោះច្រាសខ្យល់
25 ដល់យាម៤យប់ នោះទ្រង់យាងកាត់លើទឹកសមុទ្រទៅឯពួកសិស្ស
26 កាលគេឃើញទ្រង់យាងលើទឹកដូច្នោះ នេះក៏ភ័យវល់ ហើយនិយាយថា ខ្មោចលងហើយ រួចគេស្រែកឡើង ដោយសេចក្ដីតក់ស្លុត
27 តែព្រះយេស៊ូវទ្រង់មានព្រះបន្ទូលដល់គេភ្លាមថា ចូរសង្ឃឹមឡើង គឺខ្ញុំទេតើ កុំឲ្យភ័យឡើយ
28 ពេត្រុសទូលតបថា ព្រះអម្ចាស់អើយ បើជាទ្រង់មែន នោះសូមឲ្យទូលបង្គំដើរលើទឹកទៅឯទ្រង់ផង
29 ទ្រង់មានព្រះបន្ទូលថា ចូលមកចុះ ពេត្រុសក៏ចុះចេញពីទូកដើរលើទឹក ដើម្បីទៅឯព្រះយេស៊ូវ
30 តែកាលគាត់បានឃើញខ្យល់បក់ជាខ្លាំង នោះគាត់មានចិត្តភ័យ ហើយដោយព្រោះចាប់តាំងលិចទៅ បានជាគាត់ស្រែកឡើងថា ព្រះអម្ចាស់អើយ សូមជួយសង្គ្រោះទូលបង្គំផង
31 ស្រាប់តែព្រះយេស៊ូវទ្រង់លូកព្រះហស្តទៅចាប់គាត់ភ្លាម ដោយព្រះបន្ទូលថា ឱមនុស្សមានជំនឿតិចអើយ ហេតុអ្វីបានជាអ្នកសង្ស័យ
32 រួចកាលទ្រង់ និងគាត់បានឡើងទៅក្នុងទូកហើយ នោះខ្យល់ក៏ស្ងប់ឈឹង
33 ឯពួកអ្នកដែលនៅក្នុងទូក ក៏មកថ្វាយបង្គំទ្រង់ទូលថា ទ្រង់ប្រាកដជាព្រះរាជបុត្រានៃព្រះមែន។
34 លុះបានឆ្លងទៅដល់ត្រើយម្ខាងហើយ នោះក៏ចូលទៅក្នុងស្រុកគេនេសារ៉ែត
35 ពួកមនុស្សនៅទីនោះបានចំណាំស្គាល់ទ្រង់ ហើយគេចាត់ឲ្យទៅគ្រប់ក្នុងស្រុកជុំវិញ នាំយកមនុស្សទាំងប៉ុន្មាន ដែលមានជំងឺមកឯទ្រង់
36 ក៏អង្វរឲ្យទ្រង់អនុញ្ញាត ឲ្យអ្នកទាំងនោះបានគ្រាន់តែពាល់ជាយព្រះពស្ត្រ ទ្រង់ប៉ុណ្ណោះ ឯអស់អ្នកដែលបានពាល់ នោះក៏បានជាទាំងអស់គ្នា។