17 ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ពីដើមមានហោរា និងមនុស្សសុចរិតជាច្រើន គេចង់ឃើញការដែលអ្នករាល់គ្នាឃើញ តែមិនបានឃើញសោះ ក៏ចង់ឮសេចក្ដីដែលអ្នករាល់គ្នាឮដែរ តែមិនមានឮឡើយ។
18 ដូច្នេះ ចូរអ្នករាល់គ្នាស្តាប់ពាក្យប្រៀបប្រដូច ពីអ្នកព្រោះពូជនោះ
19 គឺកាលណាបើអ្នកណាស្តាប់ព្រះបន្ទូលពីនគរ តែមិនយល់ នោះអាកំណាចក៏មកឆក់យកសេចក្ដី ដែលបានព្រោះក្នុងចិត្តអ្នកនោះទៅបាត់ នេះគឺជាអ្នកដែលបានទទួលពូជតាមផ្លូវ
20 ហើយអ្នកដែលបានទទួលពូជក្នុងកន្លែងថ្ម នោះគឺជាអ្នកដែលឮព្រះបន្ទូល រួចទទួលភ្លាមដោយអំណរ
21 តែគ្មានចាក់ឫសនៅក្នុងខ្លួន ហើយមិននៅជាប់ជាយូរប៉ុន្មានទេ លុះកាលណាកើតមានសេចក្ដីទុក្ខលំបាក ឬសេចក្ដីបៀតបៀនដោយព្រោះព្រះបន្ទូល នោះគេរសាយចិត្តចេញភ្លាម
22 ហើយអ្នកដែលបានទទួលពូជនៅក្នុងបន្លា នោះគឺជាអ្នកដែលឮព្រះបន្ទូល រួចសេចក្ដីខ្វល់ខ្វាយនៅជីវិតនេះ និងសេចក្ដីឆបោករបស់ទ្រព្យសម្បត្តិមកខ្ទប់ព្រះបន្ទូលជាប់ មិនឲ្យពូជនោះកើតផលឡើយ
23 តែអ្នកដែលទទួលពូជក្នុងដីល្អវិញ នោះគឺជាអ្នកដែលឮព្រះបន្ទូល ហើយយល់ ក៏បង្កើតផលផ្លែ មួយជា១រយ មួយជា៦០ ហើយមួយទៀតជា៣០។