ម៉ាថាយ 18:14-20 KHOV

14 ដូច្នេះ ព្រះ‌វរ‌បិតា​នៃ​អ្នក​រាល់​គ្នា​ដែល​គង់​នៅ​ស្ថាន‌សួគ៌ ទ្រង់​ក៏​មិន​សព្វ​ព្រះ‌ហឫ‌ទ័យ ឲ្យ​កូន​តូច​ណា​មួយ​នេះ ត្រូវ​វិនាស​ដូច្នោះ​ដែរ។

15 បើ​បង ឬ​ប្អូន​ធ្វើ​បាប​នឹង​អ្នក នោះ​ឲ្យ​ទៅ​បន្ទោស​គាត់ ក្នុង​កាល​ដែល​មាន​តែ​អ្នក​ហើយ​នឹង​គាត់ បើ​គាត់​ស្តាប់​អ្នក នោះ​អ្នក​នឹង​បាន​បង​ឬ​ប្អូន​នោះ​មក​វិញ

16 តែ​បើ​គាត់​មិន​ព្រម​ស្តាប់​ទេ នោះ​ត្រូវ​យក​មនុស្ស​ម្នាក់ ឬ​២​នាក់​ទៅ​ជា​មួយ ដើម្បី​នឹង​បញ្ជាក់​គ្រប់​ទាំង​ពាក្យ ដោយ‌សារ​ស្មរ​បន្ទាល់​២ ឬ​៣​នាក់

17 បើ​គាត់​មិន​ព្រម​ស្តាប់​អ្នក​ទាំង​នោះ​ទេ នោះ​ត្រូវ​តែ​ប្រាប់​ដល់​ពួក​ជំនុំ ហើយ​បើ​មិន​ព្រម​ស្តាប់​ពួក​ជំនុំ​ទៀត នោះ​ត្រូវ​តែ​រាប់​គាត់​ទុក​ជា​អ្នក​ក្រៅ​សាសន៍ ឬ​ជា​អ្នក​យក​ពន្ធ​វិញ

18 ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា បើ​អ្នក​រាល់​គ្នា​ចង​ទុក​អ្វីៗ​នៅ​ផែនដី នោះ​នឹង​ត្រូវ​ចង​ទុក​នៅ​ស្ថាន‌សួគ៌​ដែរ ហើយ​បើ​ស្រាយ​អ្វីៗ​នៅ​ផែនដី នោះ​ក៏​នឹង​ត្រូវ​ស្រាយនៅ​ស្ថាន‌សួគ៌​ដែរ

19 មួយ​ទៀត ខ្ញុំ​ប្រាប់​ថា បើ​សិន​ជា​មាន​២​នាក់​ក្នុង​ពួក​អ្នក​រាល់​គ្នា ព្រម​ព្រៀង​គ្នា​នៅ​ផែនដី ពី​ដំណើរ​អ្វី​ដែល​គេ​ចង់​សូម​ក៏​ដោយ នោះ​នឹង​បាន​សំរេច​ដល់​គេ អំពី​ព្រះ‌វរ‌បិតា​ខ្ញុំ ដែល​គង់​នៅ​ស្ថាន‌សួគ៌

20 ដ្បិត​កន្លែង​ណា​ដែល​មាន​២ ឬ៣​នាក់ ប្រជុំ​ជា​មួយ​គ្នា ដោយ​នូវ​ឈ្មោះ​ខ្ញុំ នោះ​ខ្ញុំ​ក៏​នៅ​កណ្តាល​ចំណោម​អ្នក​ទាំង​នោះ​ដែរ។