22 កាលអ្នកដែលទទួល២ពាន់បានមកដល់ នោះក៏ជំរាបថា លោកចៅហ្វាយ លោកបានប្រគល់២ពាន់មកខ្ញុំ មើលខ្ញុំបានចំណេញ២ពាន់ទៀត
23 ចៅហ្វាយនិយាយថា ប្រពៃហើយ បាវល្អស្មោះត្រង់អើយ ឯងមានចិត្តស្មោះនឹងត្រួតរបស់បន្តិចនេះ ដូច្នេះ អញនឹងតាំងឲ្យឯងត្រួតលើរបស់ជាច្រើនទៅទៀត ចូរឲ្យឯងប្រកបដោយសេចក្ដីអំណររបស់ចៅហ្វាយឯងចុះ
24 ឯអ្នកដែលបានទទួល១ពាន់ វាក៏ចូលមកជំរាបចៅហ្វាយថា លោកចៅហ្វាយ ខ្ញុំដឹងថាលោកជាមនុស្សតឹងរ៉ឹងណាស់ លោកច្រូតនៅកន្លែងដែលមិនបានសាបព្រោះ ហើយប្រមូលនៅកន្លែងដែលមិនបានអុំ
25 ដូច្នេះ ខ្ញុំនឹកខ្លាច ក៏ទៅកប់ប្រាក់១ពាន់នេះទុកក្នុងដី ហ៏ ខ្ញុំសូមប្រគល់របស់លោកជូនលោកវិញ
26 ចៅហ្វាយក៏ឆ្លើយតបថា បាវអាក្រក់ ហើយខ្ជិលច្រអូសអើយ បើឯងដឹងថា អញច្រូតនៅកន្លែងដែលមិនបានសាបព្រោះ ហើយប្រមូលនៅកន្លែងដែលមិនបានអុំ
27 នោះគួរតែឯងបានយកប្រាក់ទៅ ផ្ញើទុកនឹងអ្នកចងការចុះ លុះដល់អញមកវិញ នោះនឹងបានប្រាក់អញ ទាំងដើម ទាំងការផង
28 ដូច្នេះ ចូរដកប្រាក់១ពាន់នោះពីវាចេញ ឲ្យដល់អ្នកដែលមាន១ម៉ឺនវិញ