ម៉ាថាយ 3:4-10 KHOV

4 ឯ​យ៉ូហាន​នេះ គាត់​ពាក់​អាវ​រោម​អូដ្ឋ ហើយ​មាន​ខ្សែ​ក្រវាត់​ស្បែក​នៅ​ចង្កេះ ក៏​មាន​កណ្តូប និង​ទឹក​ឃ្មុំ​ព្រៃ​ជា​អាហារ។

5 នោះ​ពួក​ក្រុង​យេរូ‌សាឡិម និង​ពួក​ស្រុក​យូដា​ទាំង​អស់ ព្រម​ទាំង​មនុស្ស​ដែល​នៅ​ក្រវល់​ជុំ‌វិញ​ទន្លេ​យ័រដាន់ គេ​ចេញ​មក​ឯ​គាត់

6 ក៏​លន់‌តួ​បាប ហើយ​ទទួល​បុណ្យ​ជ្រមុជ​ពី​គាត់ ក្នុង​ទន្លេ​យ័រដាន់​ទាំង​អស់​គ្នា

7 តែ​កាល​គាត់​ឃើញ​ពួក​ផារី‌ស៊ី និង​ពួក​សាឌូស៊ី មក​ទទួល​បុណ្យ​ជ្រមុជ​ពី​គាត់​ជា​ច្រើន​ដែរ នោះ​ក៏​សួរ​គេ​ថា ឱ​ពូជ​ពស់‌វែក​អើយ តើ​អ្នក​ណា​បាន​ប្រាប់ ឲ្យ​អ្នក​រាល់​គ្នា​រត់​ចេញ ពី​សេចក្ដី​ក្រោធ​ដែល​ត្រូវ​មក​ដូច្នេះ

8 បើ​យ៉ាង​នេះ ចូរ​អ្នក​រាល់​គ្នា​បង្កើត​ផល ដែល​សំណំ​នឹង​សេចក្ដី​ប្រែ​ចិត្ត​នោះ​ចុះ

9 ហើយ​កុំ​ឲ្យ​គិត​ក្នុង​ចិត្ត​ថា មាន​លោក​អ័ប្រាហាំ​ជា​ឪពុក​ខ្លួន​នោះ​ឡើយ ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ព្រះ​ទ្រង់​អាច​នឹង​បង្កើត​កូន​ឲ្យ​លោក​អ័ប្រាហាំ ពី​ថ្ម​ទាំង​នេះ​ក៏​បាន​ដែរ

10 ប៉ុន្តែ ឥឡូវ​នេះ ពូថៅ​បាន​ដាក់​នៅ​ឫស​ដើម​ឈើ​ហើយ ដូច្នេះ អស់​ទាំង​ដើម​ណា​ដែល​កើត​ផ្លែ​មិន​ល្អ នោះ​ត្រូវ​កាប់​បោះ​ចោល​ទៅ​ក្នុង​ភ្លើង