ម៉ាកុស 11:14-20 KCB

14 ព្រះអង្គ​មាន​បន្ទូល​ទៅ​ដើម​ល្វា​ថា៖​ «ដរាប​ត​ទៅ ​គ្មាន​អ្នក​ណា​បរិភោគ​ផ្លែ​របស់​ឯង​ទៀត​ទេ»​ ហើយ​ពួក​សិស្ស​ព្រះអង្គ​ក៏​បាន​ស្ដាប់​ឮ​ដែរ។​

15 ពួកគេ​មក​ដល់​ក្រុង​យេរូសាឡិម​ រួច​ក៏​ចូល​ទៅ​ក្នុង​ព្រះវិហារ​ ព្រះអង្គ​ចាប់​ផ្ដើម​បណ្ដេញ​មនុស្ស​កំពុង​លក់​ដូរ​នៅ​ក្នុង​ព្រះវិហារ​ ព្រះអង្គ​ផ្ដួល​តុ​ពួក​អ្នក​ដូរ​លុយ​ និង​កៅ​អី​ពួក​អ្នក​លក់​សត្វ​ព្រាប​

16 ហើយ​ព្រះអង្គ​មិន​អនុញ្ញាត​ឲ្យ​អ្នក​ណា​ម្នាក់​សែង​ទំនិញ​ឆ្លង​កាត់​ព្រះវិហារ​ទេ​

17 ទាំង​មាន​បន្ទូល​បង្រៀន​ពួកគេ​ថា៖​ «តើ​គ្មាន​សេចក្ដី​ចែង​ទុក​ទេ​ឬ​អី​ថា​ ដំណាក់​របស់​យើង​ត្រូវ​ហៅ​ថា​ ដំណាក់​សម្រាប់​ជន​ជាតិ​ទាំង​អស់​អធិស្ឋាន?​ ប៉ុន្ដែ​អ្នក​រាល់គ្នា​បាន​ធ្វើ​ឲ្យ​ដំណាក់​នេះ​ត្រលប់​ជា​សំបុក​ចោរ​វិញ»​

18 កាល​សម្ដេច​សង្ឃ​ និង​គ្រូ​វិន័យ​បាន​ឮ​ដូច្នេះ​ ពួកគេ​ក៏​រក​មធ្យោបាយ​សម្លាប់​ព្រះអង្គ​ តែ​ពួកគេ​ខ្លាច​ ព្រោះ​បណ្ដាជន​ទាំង​អស់​កំពុង​តែ​នឹក​អស្ចារ្យ​ក្នុង​ចិត្ដ​អំពី​សេចក្ដី​បង្រៀន​របស់​ព្រះអង្គ​

19 ហើយ​នៅ​ល្ងាច​នោះ​ ព្រះអង្គ​បាន​ចាក​ចេញ​ទៅ​ក្រៅ​ក្រុង។​

20 លុះ​ព្រលឹម​ឡើង​ កាល​ពួកគេ​ទៅ​ជិត​ដើម​ល្វា​ ក៏​ឃើញ​វា​ក្រៀម​ស្វិត​រហូត​ដល់​ឫស​