ម៉ាកុស 7 KCB

1 មាន​ពួកអ្នក​ខាង​គណៈ​ផារិស៊ី​ និង​ពួក​គ្រូ​វិន័យ​មួយ​ចំនួនមក​ពី​ក្រុង​យេរូសាឡិម​ បាន​នាំ​គ្នា​មក​រក​ព្រះអង្គ​

2 និង​បាន​ឃើញ​សិស្ស​ព្រះអង្គ​មួយ​ចំនួន​កំពុង​បរិភោគ​អាហារ​ទាំង​ដៃ​មិន​ស្អាត​ គឺ​មិន​បាន​លាង​ដៃ​

3 ដ្បិត​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ និង​ជន​ជាតិ​យូដា​កាន់​តាម​ទំនៀម​ទម្លាប់​ចាស់​បុរាណ​ គឺ​គេ​មិន​បរិភោគ​ទេ​ លុះ​ត្រា​តែ​បាន​លាង​សំអាត​ដៃ​ឲ្យ​ស្អាត​ជា​មុន​សិន​

4 ហើយ​ពេល​មក​ពី​ផ្សារ​វិញ​ គេ​មិន​បរិភោគ​ឡើយ​ លុះ​ត្រាតែ​បាន​សំអាត​ខ្លួន​សិន​ ហើយ​គេ​កាន់​តាម​ទំនៀម​ទម្លាប់​ជា​ច្រើន​ទៀត​ ដូចជា​ លាង​ពែង​ លាង​ប៉ាន់​ លាង​ឆ្នាំង​ និង​លាង​តុ​អាហារ​ជា​ដើម។​

5 ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ និង​ពួក​គ្រូ​វិន័យ​ទូល​សួរ​ព្រះអង្គ​ថា៖​ «ហេតុ​អ្វី​ក៏​ពួក​សិស្ស​របស់​លោក​មិន​កាន់​តាម​ទំនៀម​ទម្លាប់​ពី​បុរាណ​ដូច្នេះ​ គឺ​បរិភោគ​អាហារ​ទាំង​ដៃ​មិន​ស្អាត?»​

6 ព្រះអង្គ​មាន​បន្ទូល​ទៅ​គេ​ថា៖​ «លោក​អេសាយ​បាន​ថ្លែង​ព្រះបន្ទូល​អំពី​អ្នក​រាល់គ្នា​ថា​ជា​មនុស្ស​មាន​ពុត​នោះ​ គឺ​ត្រឹម​ត្រូវ​ណាស់​ ដូច​មាន​ចែងទុក​មក​ថា៖​ ប្រជាជន​នេះ​គោរព​យើង​តែ​បបូរ​មាត់​ទេ​ ប៉ុន្ដែ​ចិត្ដ​របស់​ពួកគេ​នៅ​ឆ្ងាយ​ពី​យើង​ណាស់​

7 ពួកគេ​ថ្វាយ​បង្គំ​យើង​ជា​ឥត​ប្រយោជន៍​ ទាំង​បង្រៀន​សេចក្ដី​ដែល​ជា​ច្បាប់​របស់​មនុស្ស​ទៀត​ផង។​

8 អ្នក​រាល់គ្នា​បោះ​បង់​បញ្ញត្ដិ​របស់​ព្រះជាម្ចាស់​ចោល​ រួច​ប្រកាន់​យក​ទំនៀម​ទម្លាប់​មនុស្ស​វិញ»។​

9 ព្រះអង្គ​មាន​បន្ទូល​ទៀត​ថា៖​ «អ្នក​រាល់គ្នា​ពិត​ជា​បោះ​បង់​បញ្ញត្ដិ​របស់​ព្រះជាម្ចាស់​ចោល​មែន​ ដើម្បី​ឲ្យ​ទំនៀម​ទម្លាប់​អ្នក​រាល់គ្នា​អាច​នៅ​គង់​វង្ស​

10 ដ្បិត​លោក​ម៉ូសេ​បាន​បង្គាប់​ថា​ ចូរ​គោរព​ឪពុក​ម្ដាយ​របស់​អ្នក​ អ្នកណា​ជេរ​ប្រមាថ​ឪពុក​ ឬ​ម្ដាយ​ អ្នក​នោះ​ត្រូវ​ស្លាប់​

11 ប៉ុន្ដែ​អ្នក​រាល់គ្នា​និយាយ​ថា​ ប្រសិន​បើ​មនុស្ស​ម្នាក់​និយាយ​ទៅ​ឪពុក​ម្ដាយ​ថា​ អ្វីៗ​ដែល​ខ្ញុំ​ត្រូវ​ជូន​លោក​ឪពុក​អ្នក​ម្ដាយ​នោះ​ គឺ​ជា​គ័របាន់​ (មាន​ន័យ​ថា​តង្វាយ​ថ្វាយ​ព្រះជាម្ចាស់)​

12 ហើយ​អ្នក​រាល់គ្នា​មិន​ឲ្យ​អ្នក​នោះ​ធ្វើ​អ្វី​សម្រាប់​ឪពុក​ម្ដាយ​ឡើយ។​

13 អ្នក​រាល់គ្នា​បំបាត់​តម្លៃ​ព្រះបន្ទូល​ព្រះជាម្ចាស់​ដោយ​សារ​តែ​ទំនៀម​ទម្លាប់​ដែល​អ្នក​រាល់គ្នា​បាន​ទទួល​ និង​ការ​ស្រដៀង​គ្នា​ជា​ច្រើន​ដែល​អ្នក​រាល់គ្នា​ធ្វើ»​

14 ព្រះអង្គ​ហៅ​បណ្ដាជន​មក​ម្ដង​ទៀត​ ហើយ​មាន​បន្ទូល​ទៅ​គេ​ថា៖​ «ចូរ​អ្នក​រាល់គ្នា​ស្ដាប់​ខ្ញុំ​ឲ្យ​យល់​ចុះ​

15 គ្មាន​អ្វី​នៅ​ខាង​ក្រៅ​ដែល​ចូល​ក្នុង​មនុស្ស​ អាច​ធ្វើ​ឲ្យ​មនុស្ស​មិន​បរិសុទ្ធ​នោះ​ទេ​ ប៉ុន្ដែ​អ្វី​ដែល​ចេញ​មក​ពី​ខាង​ក្នុង​មនុស្ស​វិញ​ទេ​តើ​ ដែល​ធ្វើ​ឲ្យ​មនុស្ស​មិន​បរិសុទ្ធ​

16 អ្នកណា​មាន​ត្រ​ចៀក​ ចូរ​ស្ដាប់​ចុះ»។​

17 បន្ទាប់​មក​ ពេល​ព្រះអង្គ​ចេញ​ពី​បណ្ដាជន​ ក៏​ចូល​ទៅ​ក្នុង​ផ្ទះ​មួយ​ ពួក​សិស្ស​ព្រះអង្គ​ទូល​សួរ​ព្រះអង្គ​អំពី​រឿង​ប្រៀប​ប្រដូច​នោះ​

18 ព្រះអង្គ​ក៏​មាន​បន្ទូល​ទៅ​គេ​ថា៖​ «តើ​អ្នក​រាល់គ្នា​មិន​យល់​ដែរ​ឬ?​ តើ​អ្នក​រាល់គ្នា​មិន​យល់​ទេ​ឬ​ថា​ អ្វី​នៅ​ខាង​ក្រៅ​ ដែល​ចូល​ក្នុង​មនុស្ស​មិន​អាច​ធ្វើ​ឲ្យ​មនុស្ស​មិន​បរិសុទ្ធ​បាន​ទេ​នោះ?​

19 ព្រោះ​វា​មិន​មែន​ចូល​ទៅ​ក្នុង​ចិត្ដ​គេ​ទេ​ តែ​ចូល​ទៅ​ក្នុង​ពោះ​គេ​វិញ​ ហើយ​ចេញ​ទៅ​ក្នុង​បង្គន់»​ ដូច្នេះ​អាហារ​ទាំង​អស់​សុទ្ធ​តែ​ស្អាត​ទេ​

20 ព្រះអង្គ​ក៏​មាន​បន្ទូល​ទៀត​ថា៖​ «គឺ​អ្វី​ដែល​ចេញ​មក​ពី​ខាង​ក្នុង​មនុស្ស​នោះ​ហើយ​ ដែល​ធ្វើ​ឲ្យ​មនុស្ស​មិន​បរិសុទ្ធ​

21 ដ្បិត​ពី​ខាង​ក្នុង​ចិត្ដ​របស់​មនុស្ស​មាន​គំនិត​អាក្រក់​ចេញ​មក​ មាន​អំពើ​អសីលធម៌​ខាង​ផ្លូវ​ភេទ​ លួច​ប្លន់​ សម្លាប់​មនុស្ស​

22 ផិត​ក្បត់​ លោភ​លន់​ ចិត្ដ​អាក្រក់​ បោក​ប្រាស់​ ល្មោភ​កាម​ ច្រណែន​ឈ្នានីស​ ជេរ​ប្រមាថ ​អំនួត​ ឆ្កួត​លេលា​

23 គឺ​សេចក្ដី​អាក្រក់​ដែល​ចេញ​មក​ពី​ខាង​ក្នុង​ទាំង​អស់​នេះ​ហើយ​ ដែល​ធ្វើ​ឲ្យ​មនុស្ស​មិន​បរិសុទ្ធ»។​

24 រួច​ព្រះអង្គ​ក៏​ក្រោក​ឡើង​ធ្វើ​ដំណើរ​ចេញ​ពី​ទីនោះ​ ឆ្ពោះ​ទៅ​កាន់​ក្រុង​ទីរ៉ុស​ និង​បាន​ចូល​ទៅ​ក្នុង​ផ្ទះ​មួយ​ ព្រះអង្គ​មិន​ចង់​ឲ្យ​អ្នក​ណា​ម្នាក់​ដឹង​សោះ​ ប៉ុន្ដែ​ព្រះអង្គ​មិន​អាច​គេច​រួច​បាន​ទេ​

25 ដ្បិត​ភ្លាម​នោះ​ មាន​ស្ដ្រី​ម្នាក់​ ដែល​មាន​កូន​ស្រី​ត្រូវ​វិញ្ញាណ​អាក្រក់​ចូល​ បាន​ឮ​អំពី​ព្រះអង្គ​ ក៏​មក​ក្រាប​នៅ​ទៀប​ព្រះអង្គ​

26 រីឯ​ស្ដ្រី​នោះ​ជា​ជន​ជាតិ​ក្រេក​កាត់​ស៊ីរ៉ូភេនីស​ នាង​បាន​ទូល​អង្វរ​ព្រះអង្គ​ឲ្យ​បណ្ដេញ​វិញ្ញាណ​អាក្រក់​ចេញ​ពី​កូន​ស្រី​នាង​

27 តែ​ព្រះអង្គ​មាន​បន្ទូល​ទៅ​នាង​ថា៖​ «ត្រូវ​ឲ្យ​កូន​បរិភោគ​អាហារ​ឆ្អែត​សិន​ ដ្បិត​មិន​គួរ​យក​អាហារ​របស់​កូន​បោះ​ឲ្យ​ឆ្កែ​ទេ»​

28 តែ​នាង​ទូល​តប​ទៅ​ព្រះអង្គ​ថា៖​ «លោក​ម្ចាស់​ សូម្បី​តែ​ឆ្កែ​នៅ​ក្រោម​តុ​ ក៏​ស៊ី​កម្ទេច​អាហារ​ដែល​ជ្រុះ​ពី​កូន​នោះ​ដែរ»​

29 ព្រះអង្គ​មាន​បន្ទូល​ទៅ​នាង​ថា៖​ «ដោយ​សារ​ពាក្យ​នេះ​ វិញ្ញាណ​អាក្រក់​បាន​ចេញ​ពី​កូន​ស្រីនាង​ហើយ»​

30 ពេល​ទៅ​ដល់​ផ្ទះ​ នាង​បាន​ឃើញ​កូន​ដេក​នៅ​លើ​គ្រែ​ រីឯ​អារក្ស​បាន​ចេញ​បាត់​ហើយ។​

31 ព្រះអង្គ​បាន​យាង​ចេញ​ពីក្រុង​ទីរ៉ុស​ម្ដង​ទៀត​ ឆ្លង​កាត់​ក្រុង​ស៊ីដូន​ ឆ្ពោះ​ទៅ​បឹង​កាលីឡេ​ដែល​នៅ​កណ្ដាល​ស្រុក​ដេកាប៉ូល​

32 គេ​នាំ​មនុស្ស​ម្នាក់​ថ្លង់​ និង​ពិបាក​ក្នុង​ការ​និយាយ​មក​ឯ​ព្រះអង្គ​ ហើយ​គេ​សុំ​ព្រះអង្គ​ឲ្យ​ដាក់​ដៃ​លើ​គាត់​

33 ព្រះអង្គ​នាំ​គាត់​ទៅ​ដាច់​ឡែក​ពី​បណ្ដាជន​ រួច​ដាក់​ម្រាម​ដៃ​ក្នុង​ត្រចៀក​គាត់ ស្ដោះ​ទឹក​មាត់​ ហើយ​ពាល់​អណ្ដាត​គាត់​

34 ព្រះអង្គ​សម្លឹង​ទៅ​លើ​មេឃ​ ទាំង​ដក​ដង្ហើម​ធំ​ និង​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «អិបផាថា»​ មាន​ន័យ​ថា​ «ចូរ​បើក​ឡើង»​

35 ស្រាប់​តែ​ត្រចៀក​គាត់​បើក​ឡើង​ រីឯ​អណ្ដាត​គាត់​គ្រលាស់​បាន​ ហើយ​គាត់​ក៏​និយាយ​ច្បាស់​វិញ​

36 ព្រះអង្គ​បាន​បង្គាប់​គេ​មិន​ឲ្យ​ប្រាប់​អ្នក​ណា​ទេ​ តែ​ព្រះអង្គ​បង្គាប់​គេ​យ៉ាង​ណា​ គេ​ប្រកាស​កាន់​តែ​ច្រើន​យ៉ាង​នោះ​ដែរ។​

37 ពួកគេ​នឹក​អស្ចារ្យ​ក្នុង​ចិត្ដ​យ៉ាង​ក្រៃ​លែង​ ទាំង​និយាយ​ថា៖​ «ការ​ទាំង​អស់​ដែល​លោក​បាន​ធ្វើ​ល្អ​ប្រសើរ​ណាស់​ លោក​ធ្វើ​ឲ្យ​មនុស្ស​ថ្លង់​ស្ដាប់ឮ​ មនុស្ស​គ​និយាយ​បាន»។​

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16