ម៉ាកុស 4 KCB

1 ព្រះអង្គ​បាន​ចាប់ផ្ដើម​បង្រៀន​ម្ដង​ទៀត​នៅ​មាត់​បឹង​ ហើយ​បណ្ដាជន​បាន​មក​ជួប​ជុំ​គ្នា​យ៉ាង​ច្រើន​កុះករ​នៅ​ជុំវិញ​ព្រះអង្គ​ ដូច្នេះ​ ព្រះអង្គ​យាង​ចុះ​ទៅ​អង្គុយ​លើ​ទូក​ក្នុង​បឹង​ រីឯ​បណ្ដាជន​ទាំង​អស់​ក៏​នៅ​លើ​គោក​តាម​មាត់​បឹង​

2 ព្រះអង្គ​បាន​បង្រៀន​ពួកគេ​អំពី​សេចក្ដី​ជា​ច្រើន​ជា​រឿង​ប្រៀប​ប្រដូច​ ហើយ​នៅ​ក្នុង​សេចក្ដី​បង្រៀន​នោះ​ ព្រះអង្គ​មាន​បន្ទូល​ទៅ​គេ​ថា៖​

3 «ចូរ​ស្ដាប់!​ មាន​កសិករ​ម្នាក់​ចេញ​ទៅ​ព្រោះ​គ្រាប់​ពូជ​

4 ពេល​កំពុង​ព្រោះ​ គ្រាប់​ពូជ​ខ្លះ​បាន​ធ្លាក់​ទៅ​លើ​ផ្លូវ​ ហើយ​សត្វ​ស្លាប​បាន​មក​ចឹក​ស៊ី​អស់​

5 គ្រាប់​ពូជ​ខ្លះ​ទៀត​ក៏​ធ្លាក់​ទៅ​លើ​កន្លែង​មាន​ថ្ម​ពុំ​សូវ​មាន​ដី​ ហើយ​ក៏​ដុះ​ឡើង​ភ្លាម​ ពីព្រោះ​ដី​មិន​ជ្រៅ​

6 ហើយ​នៅ​ពេល​ថ្ងៃ​រះ​ឡើង​ វា​ក៏​ក្រៀម​ស្វិត​ ដោយ​ព្រោះ​គ្មាន​ឫស​

7 គ្រាប់​ពូជ​ខ្លះ​ទៀត​ក៏​ធ្លាក់​ទៅ​លើ​ដី​មាន​បន្លា​ ហើយ​បន្លា​ក៏​ដុះ​ឡើង​រឹប​រួត​គ្រាប់​ពូជ​នោះ​ មិន​ឲ្យ​បង្កើត​ផល​បាន​

8 ឯ​គ្រាប់​ពូជ​ខ្លះ​ទៀត​ ធ្លាក់​ទៅ​លើ​ដី​ល្អ​ ហើយ​ដុះ​ឡើង​បង្កើត​ផល​ជា​ច្រើន​ មួយ​គ្រាប់ឲ្យ​ផល​សាម​សិប​ មួយ​គ្រាប់​ឲ្យ​ផល​ហុក​សិប​ និង​មួយ​គ្រាប់​ឲ្យ​ផល​មួយ​រយ»។​

9 បន្ទាប់​មក​ ព្រះអង្គ​ក៏​មាន​បន្ទូល​ថា៖​ «អ្នកណា​មាន​ត្រចៀក​ ចូរ​ស្ដាប់​ចុះ»។​

10 នៅ​ពេល​ព្រះអង្គគង់​នៅ​តែ​ឯង​ សាវក​ទាំង​ដប់​ពីរ​ និង​អ្នក​ផ្សេង​ទៀត​ដែល​នៅ​ជុំ​វិញ​ព្រះអង្គ​ បាន​ទូល​សួរ​ព្រះអង្គ​ពី​រឿង​ប្រៀប​ប្រដូច​ទាំង​នោះ​

11 ព្រះអង្គ​ក៏​មាន​បន្ទូល​ទៅ​គេ​ថា៖​ «អាថ៌​កំបាំង​នៃ​នគរ​ព្រះជាម្ចាស់​បាន​ប្រទាន​មក​អ្នក​រាល់គ្នា​ ប៉ុន្ដែ​សម្រាប់​អ្នក​ក្រៅ​ សេចក្ដី​ទាំង​នោះ​បាន​មក​ដល់​គេ​តាម​រយៈ​រឿង​ប្រៀប​ប្រដូច​វិញ​

12 ដើម្បី​ឲ្យ​ពួក​គេ​មើល​ តែ​មិន​ឃើញ​ ឲ្យ​ស្ដាប់​ តែ​មិន​យល់​ ក្រែង​លោ​គេ​ប្រែ​ចិត្ដ​ ហើយ​ទទួល​បាន​ការ​លើក​លែង​ទោស»​

13 ហើយ​ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ទៀត​ថា៖​ «តើ​អ្នក​រាល់គ្នា​មិន​យល់​រឿង​ប្រៀប​ប្រដូច​នេះ​ទេ​ឬ?​ បើ​ដូច្នេះ​ តើ​ធ្វើ​ដូច​ម្ដេច​ឲ្យ​អ្នក​រាល់គ្នា​យល់​រឿង​ប្រៀប​ប្រដូច​ទាំង​អស់​បាន?​

14 គឺ​មាន​អ្នក​ព្រោះ​ពូជ​ម្នាក់​ព្រោះ​ព្រះបន្ទូល​

15 អ្នក​ខ្លះ​ប្រៀប​បាន​នឹង​គ្រាប់​ពូជ​ដែល​នៅ​តាម​ផ្លូវ​ ជា​កន្លែង​ដែល​គ្រាប់​ពូជ​ព្រោះ​ចុះ​ទៅ​ ពេល​គេ​ឮ​ព្រះបន្ទូល​ភ្លាម ​អារក្ស​សាតាំង​ក៏​មក ហើយ​ឆក់​យក​ព្រះបន្ទូល​ដែល​បាន​ព្រោះ​នៅ​ក្នុង​គេ​នោះ​ទៅ​

16 អ្នក​ខ្លះ​ប្រៀប​បាន​នឹង​គ្រាប់​ពូជ​ដែល​ព្រោះ​ចុះ​ទៅ​លើ​កន្លែង​មាន​ថ្ម​ ពេល​គេ​ឮ​ព្រះបន្ទូល​ក៏​ទទួល​យក​ភ្លាម​ដោយ​អំណរ​

17 ប៉ុន្ដែ​ដោយ​ព្រោះ​គេ​មិន​ចាក់​ឫស​ គេ​ធន់​បាន​តែ​មួយ​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ​ កាល​ណា​មាន​ទុក្ខ​លំបាក​ ឬ​ការ​បៀតបៀន​កើត​ឡើង​ដោយ​ព្រោះ​ព្រះបន្ទូល​ គេ​ក៏​រវាត​ចិត្ដ​ភ្លាម​

18 ឯ​អ្នក​ដទៃ​ទៀត​ប្រៀប​បាន​នឹង​គ្រាប់​ពូជ​ ដែល​បាន​ព្រោះ​ចុះ​ទៅ​លើ​គុម្ព​បន្លា​ គេ​ឮ​ព្រះបន្ទូល​

19 ប៉ុន្ដែ​ពេល​សេចក្ដី​ខ្វល់​ខ្វាយ​នៃ​ជីវិត​ សេចក្ដី​បោក​បញ្ចោត​នៃ​ទ្រព្យ​សម្បត្ដិ​ និង​សេចក្ដី​ប៉ងប្រាថ្នា​ផ្សេងៗ​ចូល​មក​ នោះ​ក៏​រួបរឹត​ព្រះបន្ទូល​មិន​ឲ្យ​បង្កើត​ផល​ផ្លែ​

20 ហើយ​អ្នក​ខ្លះ​ទៀត​ប្រៀប​បាន​នឹង​គ្រាប់​ពូជ​ ដែល​បាន​ព្រោះ​ចុះ​ទៅ​លើ​ដី​ល្អ​ គេ​ឮ​ព្រះបន្ទូល​ក៏​ទទួល​យក​ ហើយ​បង្កើត​ផលផ្លែ​ មួយ​ជា​សាមសិប​ មួយ​ជា​ហុក​សិប​ និង​មួយ​ជា​មួយ​រយ»។​

21 បន្ទាប់​មក​ ព្រះអង្គ​មាន​បន្ទូល​ទៅ​គេ​ថា៖​ «តើ​គេ​យក​ចង្កៀង​ទៅ​ដាក់​នៅ​ក្រោម​ថាំង​ ឬ​នៅ​ក្រោម​គ្រែ​ឬ?​ តើ​គេ​មិន​ដាក់​វា​នៅ​លើ​ជើង​ចង្កៀង​ទេ​ឬ​អី?​

22 ដ្បិត​គ្មាន​ការ​លាក់​កំបាំង​អ្វី​ដែល​មិន​បាន​បើក​សំដែង​ឲ្យ​ឃើញ​នោះ​ឡើយ​ ហើយ​ក៏​គ្មាន​អាថ៌​កំបាំង​អ្វី​ដែល​មិន​បាន​លាត​ត្រដាង​ចេញ​មក​នោះ​ដែរ​

23 អ្នកណា​មាន​ត្រចៀក​ ចូរ​ស្ដាប់​ចុះ»​

24 ព្រះអង្គ​ក៏​មាន​បន្ទូល​ទៅ​គេ​ទៀត​ថា៖​ «ចូរ​ពិចារណា​ពី​សេចក្ដី​ដែល​អ្នក​រាល់គ្នា​ស្ដាប់​ចុះ។​ រង្វាល់​ដែល​អ្នក​រាល់គ្នា​វាល់​ឲ្យ​គេ​ អ្នក​រាល់គ្នា​នឹងទទួល​តាម​រង្វាល់​ដែល​អ្នក​រាល់គ្នា​បាន​វាល់​ឲ្យ​គេ​ ទាំង​បន្ថែម​ឲ្យ​អ្នក​រាល់គ្នា​ទៀត​ផង​

25 ដ្បិត​អ្នកណា​ដែល​មាន​ នឹង​បន្ថែម​ឲ្យ​ ប៉ុន្ដែ​អ្នកណា​ដែល​គ្មាន​នឹង​ត្រូវ​ដក​យក​វិញ​ សូម្បី​តែ​អ្វី​ដែល​អ្នក​នោះ​មាន​ផង»។​

26 ព្រះអង្គ​មាន​បន្ទូល​ទៅ​គេ​ថា៖​ «នគរ​ព្រះជាម្ចាស់​ប្រៀប​បាន​នឹង​មនុស្ស​ម្នាក់​ ព្រោះ​គ្រាប់​ពូជ​ទៅ​លើ​ដី​

27 ហើយ​គាត់​ដេក​នៅ​ពេល​យប់​ ក្រោក​ឡើង​នៅ​ពេល​ថ្ងៃ​ គាត់​មិន​បាន​ដឹង​ថា​ គ្រាប់​ពូជ​នោះ​ចេញ​ពន្លក​ដុះ​ឡើង​តាម​របៀប​ណា​ទេ។​

28 ដី​បង្កើត​ផល​ដោយ​ខ្លួន​ឯង​ មុន​ដំបូង​ជា​ពន្លក​ បន្ទាប់​មក​ ចេញ​ជា​កួរ​ ហើយ​ក្រោយ​មក​ទៀត​ចេញ​ជា​គ្រាប់​ស្រូវ​ពេញ​លេញ​

29 ប៉ុន្ដែ​នៅ​ពេល​ស្រូវ​ទុំ​ គាត់​ក៏​យក​កណ្ដៀវ​មក​ច្រូត​ភ្លាម​ ព្រោះ​ដល់​រដូវ​ច្រូត​កាត់​ហើយ»។​

30 ព្រះអង្គ​មាន​បន្ទូល​ថា៖​ «តើ​យើង​ប្រៀ​ប​ធៀប​នគរ​ព្រះជាម្ចាស់​ទៅ​នឹង​អ្វី​ ឬ​តើ​យើង​នឹង​ប្រើ​រឿង​អ្វី​ ដើម្បី​ពន្យល់​ពី​នគរ​ព្រះជាម្ចាស់?​

31 នគរ​ព្រះជាម្ចាស់​ប្រៀប​ដូចជា​គ្រាប់​មូតា​ ជា​គ្រាប់​តូច​ល្អិត​ជាង​គ្រាប់​ពូជ​ណាៗ​ទាំង​អស់​នៅ​លើ​ផែន​ដី​

32 ប៉ុន្ដែ​នៅ​ពេល​ដែល​គេ​ព្រោះ​គ្រាប់​ពូជ​នោះ​ទៅ​ វា​ក៏​ដុះ​ឡើង​ធំ​ជាង​រុក្ខជាតិ​ទាំង​អស់​ និង​មាន​មែក​ធំៗ​ ហើយ​សត្វ​ស្លាប​ហើរ​លើ​អាកាស​អាច​ធ្វើ​សំបុក​ក្រោម​ម្លប់​របស់​វា​បាន»។​

33 ព្រះអង្គ​បាន​ប្រកាស​ព្រះបន្ទូល​ដល់​ពួកគេ​ជា​រឿង​ប្រៀប​ប្រដូច​ស្រដៀង​គ្នា​ជាច្រើន​ដែល​ពួកគេ​អាច​ស្ដាប់​បាន។​

34 ព្រះអង្គ​មិន​បាន​មាន​បន្ទូល​ទៅ​ពួកគេ​ ក្រៅ​ពី​រឿង​ប្រៀប​ប្រដូច​ឡើយ​ តែ​ពេល​នៅ​តែ​ឯង​ជាមួយ​នឹង​ពួក​សិស្ស​ ព្រះអង្គ​បាន​ពន្យល់​ប្រាប់​សព្វគ្រប់។​

35 នៅ​ល្ងាច​ថ្ងៃ​នោះ​ ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ចូរ​យើង​ឆ្លង​ទៅ​ឯ​ត្រើយ​ម្ខាង»។​

36 ពួកគេ​ក៏​ចាក​ចេញ​ពី​បណ្ដាជន​ ឯ​ព្រះយេស៊ូ​នៅ​តែ​គង់​នៅ​លើ​ទូក​នោះ​ និង​មាន​ទូក​ផ្សេង​ទៀត​បាន​ទៅ​ជាមួយ​ព្រះអង្គ​ដែរ។​

37 មាន​ខ្យល់​ព្យុះ​ធំ​មួយ​កើត​ឡើង​ ហើយ​រលក​បាន​បោក​បក់​ទៅ​លើ​ទូក​ ធ្វើ​ឲ្យ​ទឹក​ចូល​ស្ទើរ​ពេញ​ទូក​

38 តែ​ព្រះអង្គ​គង់​នៅ​កន្សៃទូក​ ផ្ទំ​លក់​លើ​ខ្នើយ​ ហើយ​ពួកគេ​ក៏​ដាស់​ព្រះអង្គ​ និង​ទូល​ទៅ​ព្រះអង្គ​ថា៖​ «លោក​គ្រូ!​ យើង​វិនាស​ហើយ!​ តើ​លោក​មិន​ខ្វល់​ខ្វាយ​ទេ​ឬ?»​

39 ព្រះអង្គ​បាន​ភ្ញាក់​ឡើង​ ហើយ​បន្ទោស​ខ្យល់​ និង​មាន​បន្ទូល​ទៅ​កាន់​រលក​ថា៖​ «ចូរ​ស្ងប់​ ហើយ​ស្ងៀម​ទៅ!»​ នោះ​ខ្យល់​ក៏​ស្ងប់​ ហើយ​ក៏​មាន​ភាព​ស្ងាត់​ឈឹង​

40 ព្រះអង្គ​មាន​បន្ទូល​ទៅ​គេ​ថា៖​ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់គ្នា​ភ័យ​ខ្លាច​ដូច្នេះ?​ តើ​អ្នក​រាល់គ្នា​នៅ​តែ​គ្មាន​ជំនឿ​ឬ?»​

41 នោះ​ពួកគេ​កោត​ខ្លាច​យ៉ាង​ខ្លាំង​ និង​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖​ «ចុះ​តើ​លោក​នេះ​ជា​នរណា​ សូម្បី​តែ​ខ្យល់​ និង​បឹង​ក៏​ស្ដាប់​បង្គាប់​លោក​ដែរ?»​

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16