ម៉ាកុស 12 KCB

1 ព្រះអង្គ​ចាប់​ផ្ដើម​មាន​បន្ទូល​ទៅ​ពួកគេ​ ជា​រឿង​ប្រៀប​ប្រដូច​ថា៖​ «មាន​បុរស​ម្នាក់​ធ្វើ​ចម្ការ​ទំពាំង​បាយ​ជូរ​មួយ​ ក៏​ព័ទ្ធ​របង​ជុំវិញ​ ជីក​កន្លែង​បញ្ជាន់​ផ្លែ​ សង់​ប៉ម​មួយ​ រួច​ប្រវាស់​ឲ្យ​ពួក​អ្នក​ចម្ការ​ ហើយ​ក៏​ចេញ​ដំណើរ​ទៅ​

2 លុះ​ដល់​រដូវ​ប្រមូល​ផល​ គាត់​ក៏​ចាត់​បាវ​បម្រើ​ម្នាក់​ឲ្យ​ទៅ​ឯ​ពួក​អ្នក​ចម្ការ​ ដើម្បី​ទទួល​យក​ផល​ពី​ចម្ការ​ទំពាំង​បាយ​ជូរ​ពី​ពួកគេ​

3 ប៉ុន្ដែ​ពួកគេ​បាន​ចាប់​បាវ​បម្រើ​នោះ​វាយ​ ហើយ​បណ្ដេញ​ឲ្យ​ទៅ​វិញ​ទាំង​ដៃ​ទទេ​

4 ហើយ​គាត់​ក៏​ចាត់​បាវ​បម្រើ​ម្នាក់​ទៀត​ឲ្យ​ទៅ​ឯ​ពួកគេ​ម្ដង​ទៀត​ តែ​ពួកគេ​បាន​វាយ​ក្បាល​បាវ​នោះ​ទាំង​ប្រមាថ​ទៀត​ផង​

5 គាត់​ចាត់​ម្នាក់​ទៀត​ឲ្យ​ទៅ​ ប៉ុន្ដែ​ពួកគេ​បាន​សម្លាប់​អ្នក​នោះ​ ហើយ​បាវ​បម្រើ​ផ្សេង​ទៀត​ជា​ច្រើន​ ខ្លះ​ត្រូវ​គេ​វាយ​ដំ​ និង​ខ្លះ​ទៀត​ត្រូវ​គេ​សម្លាប់​

6 គាត់​នៅ​មាន​កូន​ប្រុស​ជា​ទី​ស្រឡាញ់​ម្នាក់​ទៀត​ នៅ​ទី​បំផុត​ គាត់​ក៏​ចាត់​កូន​នោះ​ឲ្យ​ទៅ​ឯ​ពួកគេ​ដោយ​និយាយ​ថា​ ពួកគេ​នឹង​គោរព​កូន​ប្រុស​របស់​ខ្ញុំ​

7 ប៉ុន្ដែ​អ្នក​ចម្ការ​ទាំង​នោះ​បាន​និយាយ​គ្នា​ថា​ ម្នាក់​នេះ​ជា​អ្នក​ស្នង​មរតក​ ចូរ​យើង​សម្លាប់​វា​ចោល​ទៅ​ នោះ​មរតក​ទាំង​អស់​នឹង​ត្រលប់​ជា​របស់​យើង​ហើយ​

8 រួច​ពួកគេ​ក៏​ចាប់​គាត់​សម្លាប់​ ហើយ​បោះ​ទៅ​ក្រៅ​ចម្ការ​ទំពាំង​បាយ​ជូរ។​

9 ដូច្នេះ​ តើ​ម្ចាស់​ចម្ការ​ទំពាំង​បាយ​ជូរ​នឹង​ធ្វើ​យ៉ាង​ដូច​ម្ដេច?​ គាត់​នឹង​មក​សម្លាប់​ពួក​អ្នក​ចម្ការ​ ហើយ​ប្រគល់​ចម្ការ​នោះ​ឲ្យ​ទៅ​អ្នក​ផ្សេង​ទៀត។​

10 តើ​អ្នក​រាល់គ្នា​មិន​ដែល​អាន​បទ​គម្ពីរ​ទេ​ឬ​អី​ថា​ ថ្ម​ដែល​ជាង​សំណង់​បោះ​បង់​ចោល​ បាន​ត្រលប់​ជា​ថ្ម​ដ៏​សំខាន់​នៅ​តាម​ជ្រុង​

11 ការ​នេះ​កើត​ឡើងពី​ព្រះអម្ចាស់​ ហើយ​អស្ចារ្យ​ណាស់​នៅ​ចំពោះ​ភ្នែក​យើង»។​

12 ពួកគេ​រក​ចាប់​ព្រះអង្គ​ ព្រោះ​ពួកគេ​ដឹង​ថា​ព្រះអង្គ​មាន​បន្ទូល​ជា​រឿង​ប្រៀប​ប្រដូច​នោះ​ គឺ​សំដៅ​លើ​ពួកគេ​ ប៉ុន្ដែ​ពួកគេ​ខ្លាច​បណ្ដាជន​ ហើយ​ក៏​ចេញ​ពី​ព្រះអង្គ​ទៅ។​

13 រួច​ពួកគេ​ចាត់​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ និងពួក​អ្នក​ខាង​គណៈ​ហេរ៉ូឌ​ខ្លះឲ្យ​ទៅ​ឯ​ព្រះអង្គ​ ដើម្បី​ចាប់​កំហុស​ពេល​ព្រះអង្គ​មាន​បន្ទូល​

14 ពេល​មក​ដល់​ ពួកគេ​សួរ​ព្រះអង្គ​ថា៖​ «លោក​គ្រូ​ យើង​ដឹង​ថា​ លោក​ពិត​ត្រង់​ លោក​មិន​ខ្វល់​ពី​អ្នក​ណា​ទេ​ ព្រោះ​លោក​មិន​យោគ​យល់​មុខ​មនុស្ស​ឡើយ​ ផ្ទុយ​ទៅ​វិញ​ លោក​បង្រៀន​ពី​ផ្លូវ​របស់​ព្រះជាម្ចាស់​ទៅ​តាម​សេចក្ដី​ពិត។​ ដូច្នេះ​ តើ​ការ​បង់​ពន្ធ​ឲ្យ​ព្រះ​ចៅ​អធិរាជ​នោះ​ តឹ្រម​ត្រូវ​តាម​វិន័យ​ដែរ​ឬ​ទេ?​ តើ​យើង​គួរ​បង់​ ឬ​ក៏​មិន​គួរ​បង់?»​

15 ព្រះអង្គ​ជ្រាប​ពី​ពុត​ត្បុត​ពួកគេ​ ក៏​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់គ្នា​ល្បង​ល​ខ្ញុំ​ដូច្នេះ?​ ចូរ​យក​ប្រាក់​មួយ​ឌេណារី​ឲ្យ​ខ្ញុំ»​

16 គេ​ក៏​យក​កាក់​មួយ​ឲ្យ​ទៅ​ព្រះអង្គ​ រួច​ព្រះអង្គ​សួរ​ពួកគេ​ថា៖​ «តើ​រូប​ និង​ចំណារ​លើ​កាក់​នេះ​ជា​របស់​នរណា?»​ ពួកគេ​ទូល​ព្រះអង្គ​ថា៖​ «ជា​របស់​ព្រះ​ចៅ​អធិរាជ»​

17 ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ចូរ​ឲ្យ​អ្វីៗ​ដែល​ជា​របស់​ព្រះ​ចៅ​អធិរាជ​ដល់​ព្រះ​ចៅ​អធិរាជ​ ហើយ​ថ្វាយ​អ្វីៗ​ដែល​ជា​របស់​ព្រះជាម្ចាស់ដល់​ព្រះជាម្ចាស់​ចុះ»​ ពួកគេ​ក៏​នឹក​អស្ចារ្យ​នឹង​ព្រះអង្គ។​

18 ឯ​ពួក​អ្នក​ខាង​គណៈ​សាឌូស៊ី​ដែល​និយាយ​ថា​គ្មាន​ការ​រស់​ឡើង​វិញ​ បាន​មក​ឯ​ព្រះអង្គ​ ហើយ​សួរ​ព្រះអង្គ​ថា៖​

19 «លោក​គ្រូ​ លោក​ម៉ូសេ​បាន​សរសេរ​ទុក​សម្រាប់​យើង​ថា​ ប្រសិន​បើ​បង​ប្រុស​របស់​អ្នក​ណា​ម្នាក់​ស្លាប់​ចោល​ប្រពន្ធ​ ដោយ​មិន​ទាន់​មាន​កូន​ ប្អូន​ប្រុស​អ្នក​ស្លាប់​នោះ​ត្រូវ​យក​ប្រពន្ធ​របស់​បង​ ហើយ​បង្កើត​កូន​ឲ្យ​បងប្រុស​របស់​គាត់។​

20 មាន​បង​ប្អូន​ប្រុស​ប្រាំ​ពីរ​នាក់​ បង​ប្រុស​ច្បង​បាន​យក​ប្រពន្ធ​ ហើយ​ក៏​ស្លាប់​ទៅ​ ដោយ​មិន​ទាន់​មាន​កូន​

21 ប្អូន​ប្រុស​ទី​ពីរ​បាន​យក​នាង​ រួច​ក៏​ស្លាប់​ទៀត​ ដោយ​មិន​ទាន់​មាន​កូន​ ឯ​ប្អូន​ប្រុស​ទី​បី​ក៏ដូច​គ្នា​ដែរ​

22 បង​ប្អូន​ប្រុស​ទាំង​ប្រាំ​ពីរ​នាក់​មិន​បាន​មាន​កូន​ទេ​ ទី​បំផុត​ស្ត្រី​នោះ​ក៏​ស្លាប់​ដែរ​

23 ចុះ​ពេល​ពួកគេ​រស់​ឡើង​វិញ​ តើ​នាង​ជា​ប្រពន្ធ​របស់​អ្នក​ណា​ក្នុង​ចំណោម​ពួកគេ?​ ព្រោះ​បង​ប្អូន​ប្រុស​ទាំង​ប្រាំ​ពីរ​នាក់​បាន​យក​នាង​ធ្វើ​ជា​ប្រពន្ធ​គ្រប់​គ្នា​»

24 ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «អ្នក​រាល់គ្នា​មិន​យល់​បទ​គម្ពីរ​ និង​អំណាច​របស់​ព្រះជាម្ចាស់​ទេ​ តើ​នេះ​មិន​មែន​ជា​ហេតុ​ផល​ដែល​អ្នក​រាល់គ្នា​យល់​ច្រឡំ​ទេ​ឬ?​

25 ព្រោះ​ពេល​មនុស្ស​ស្លាប់​រស់​ឡើង​វិញ​ គេ​មិន​រៀប​ការ​ជា​ប្ដី​ប្រពន្ធ​ទៀត​ឡើយ​ ប៉ុន្ដែ​ពួកគេ​ដូច​ជា​ពួក​ទេវតា​នៅ​ស្ថាន​សួគ៌​វិញ​

26 តើ​អ្នក​រាល់គ្នា​មិន​បាន​អាន​អំពី​មនុស្ស​ស្លាប់​រស់​ឡើង​វិញ​ នៅ​ក្នុង​គម្ពីរ​លោក​ម៉ូសេ​ទេ​ឬ​អី​ គឺ​នៅ​ត្រង់​គុម្ព​បន្លា​ដែល​ព្រះជាម្ចាស់​មាន​បន្ទូល​ទៅ​លោក​ថា​ យើង​ជា​ព្រះ​របស់​អ័ប្រាហាំ​ ជា​ព្រះ​របស់​អ៊ីសាក​ និង​ជា​ព្រះ​របស់​យ៉ាកុប?​

27 ព្រះអង្គ​មិន​មែន​ជា​ព្រះ​របស់​មនុស្ស​ស្លាប់​ទេ​ ប៉ុន្ដែ​ជា​ព្រះរបស់​មនុស្ស​រស់​ អ្នក​រាល់គ្នា​យល់​ច្រឡំ​ធំ​ណាស់»។​

28 គ្រូ​វិន័យ​ម្នាក់​បាន​ចូល​មក​ជិត​ និង​ឮ​ពួកគេ​ជជែក​គ្នា​ ហើយ​ដឹង​ថា​ព្រះអង្គ​ឆ្លើយ​នឹង​ពួកគេ​បាន​ល្អ​ ក៏​សួរ​ព្រះអង្គ​ថា៖​ «តើ​នៅ​ក្នុង​ចំណោម​បញ្ញត្ដិ​ទាំង​អស់​បញ្ញត្ដិ​ទី​មួយ​គឺ​អ្វី?»​

29 ព្រះយេស៊ូ​មាន​បន្ទូល​ឆ្លើយ​ថា៖ «បញ្ញត្ដិ​ទី​មួយ​គឺ​ ចូរ​ស្ដាប់​ចុះ​អ៊ីស្រាអែល​អើយ​ ព្រះអម្ចាស់​ជា​ព្រះ​របស់​យើង​ ជា​ព្រះ​អម្ចាស់​តែ​មួយ​គត់​

30 អ្នក​ត្រូវ​ស្រឡាញ់​ព្រះអម្ចាស់​ជា​ព្រះ​របស់​អ្នក​ឲ្យ​អស់​ពី​ចិត្ដ​ អស់​ពី​គំនិត​ អស់​ពី​ព្រលឹង ​និង​អស់​ពី​កម្លាំង​អ្នក​

31 រីឯ​បញ្ញត្ដិ​ទី​ពីរ​គឺ​ អ្នក​ត្រូវ​ស្រឡាញ់​អ្នក​ជិត​ខាង​របស់​អ្នក​ឲ្យ​ដូច​ជា​ខ្លួន​អ្នក​ គ្មាន​បញ្ញត្ដិណា​ធំជាង​បញ្ញត្ដិ​ទាំងពីរ​នេះ​ទៀត​ទេ»​

32 គ្រូ​វិន័យ​នោះ​ទូល​ព្រះអង្គ​ថា៖​ «លោក​គ្រូ​ ជា​ការ​ពិត​ និង​ត្រឹម​ត្រូវ​ណាស់​ ដែល​លោក​និយាយ​ថា​ ព្រះជាម្ចាស់​មាន​តែ​មួយ​អង្គ​គត់​ ហើយ​គ្មាន​ព្រះ​ឯ​ណា​ទៀត​ក្រៅ​ពី​ព្រះអង្គ​ឡើយ​

33 ហើយ​ឲ្យ​ស្រឡាញ់​ព្រះអង្គ​អស់​ពី​ចិត្ដ​ អស់​ពី​ប្រាជ្ញា​ អស់​ពី​ព្រលឹង​ និង​អស់​ពី​កម្លាំង​ និង​ឲ្យ​ស្រឡាញ់​អ្នក​ជិត​ខាង​ឲ្យ​ដូច​ជា​ខ្លួន​ឯង​នោះ​ ប្រសើរ​ជាង​តង្វាយ​ដុត​ និង​យញ្ញ​បូជា​ទាំង​អស់​ទៅ​ទៀត»។​

34 កាល​ព្រះយេស៊ូ​ឃើញ​គាត់​ឆ្លើយ​យ៉ាង​ឈ្លាស​វៃ​ដូច្នេះ​ ព្រះអង្គ​ក៏​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «អ្នក​នៅ​មិន​ឆ្ងាយ​ពី​នគរ​ព្រះជាម្ចាស់​ទេ»​ រួច​គ្មាន​នរណា​ហ៊ាន​សួរ​សំណួរ​ព្រះអង្គ​ទៀត​ទេ។​

35 ព្រះយេស៊ូ​មាន​បន្ទូល​នៅ​ពេល​បង្រៀន​នៅ​ក្នុង​ព្រះ​វិហារ​ថា៖​ «តើ​ហេតុ​ដូច​ម្ដេច​បាន​ជា​ពួក​គ្រូ​វិន័យ​និយាយ​ថា​ ព្រះគ្រិស្ដ​ជា​ពូជ​ពង្ស​ដាវីឌ​ដូច្នេះ?​

36 ព្រោះ​ដាវីឌ​ផ្ទាល់​បាន​និយាយ​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ថា​ ព្រះអម្ចាស់​បាន​មាន​បន្ទូល​មក​កាន់​ព្រះអម្ចាស់​របស់​ខ្ញុំ​ថា​ ចូរ​អង្គុយ​នៅ​ខាង​ស្ដាំ​យើង​រហូត​ដល់​យើង​ដាក់​ខ្មាំង​សត្រូវ​របស់​អ្នក​នៅ​ក្រោម​ជើង​របស់​អ្នក​

37 ដូច្នេះ​ បើ​ដាវីឌ​ហៅ​ព្រះអង្គ​ថា​ជា​ព្រះអម្ចាស់​ នោះ​ព្រះអង្គ​ជា​ពូជ​ពង្ស​ដាវីឌ​យ៉ាង​ដូច​ម្ដេច?»​ មនុស្ស​ច្រើន​កុះករ​បាន​ស្ដាប់​ព្រះអង្គ ដោយ​សប្បាយ​រីក​រាយ​

38 ហើយ​ក្នុង​សេចក្ដី​បង្រៀន​នោះ​ ព្រះអង្គ​មាន​បន្ទូល​ថា៖​ «ចូរ​ប្រយ័ត្ន​នឹង​ពួក​គ្រូ​វិន័យ​ ដែល​ចូល​ចិត្ដ​ពាក់​អាវ​វែង​ ដើរ​ចុះ​ដើរ​ឡើងឲ្យ​គេ​គោរព​នៅ​តាម​ទី​ប្រជុំ​ជន​

39 ហើយ​ចូល​ចិត្ដ​អង្គុយ​មុខ​គេ​ក្នុង​សាលា​ប្រជុំ​ ព្រមទាំង​នៅ​កន្លែង​កិត្ដិយស​ក្នុង​ពិធី​ជប់​លៀង​

40 ពួកគេ​បំផ្លាញ​ទ្រព្យ​សម្បត្ដិ​របស់​ស្ដ្រី​មេម៉ាយ​ ហើយ​ធ្វើ​ពុត​អធិស្ឋាន​យ៉ាង​យូរ។​ អ្នក​ទាំង​នោះ​នឹង​ទទួល​ទោស​ធ្ងន់​ធ្ងរ​ជាង​គេ»។​

41 ពេល​ព្រះយេស៊ូ​អង្គុយ​នៅ​ទល់​មុខ​ហិប​តង្វាយ​ និង​មើល​របៀប​ដែល​បណ្ដាជន​ដាក់​កាក់​ទៅ​ក្នុង​ហិប​ត​ង្វាយ​ ហើយ​មាន​អ្នក​មាន​ជា​ច្រើន​បាន​ដាក់​កាក់​យ៉ាង​ច្រើន​ចូល​ទៅ​ក្នុង​នោះ​

42 ហើយ​មាន​ស្ដ្រី​មេម៉ាយ​ក្រីក្រ​ម្នាក់​មក​ដល់​ គាត់​បាន​ដាក់​កាក់​តែ​ពីរ​ឡិបតា​ ​ដែល​ស្មើ​នឹង​មួយ​កូដ្រាន​ប៉ុណ្ណោះ​

43 ព្រះយេស៊ូ​ហៅ​ពួក​សិស្ស​របស់​ព្រះអង្គ​មក​ និង​មាន​បន្ទូល​ទៅ​គេថា៖​ «ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាកដ​ថា​ ស្ដ្រី​មេម៉ាយ​ក្រី​ក្រ​ម្នាក់​នេះ​ បាន​ដាក់​តង្វាយ​ច្រើន​ជាង​អ្នក​ទាំង​អស់​ដែល​បាន​ដាក់​តង្វាយ​ក្នុង​ហិប​តង្វាយ​នេះ​ទៅ​ទៀត​

44 ព្រោះ​មនុស្ស​គ្រប់​គ្នា​ដាក់​តង្វាយ​ពី​សំណល់​របស់​ពួកគេ​ ប៉ុន្ដែ​ស្ដ្រី​ម្នាក់​នេះ​ ទោះ​បើ​នាង​ក្រី​ក្រ​យ៉ាង​ណា​ នាង​បាន​ថ្វាយ​អ្វីៗ​ទាំង​អស់​ដែល​នាង​មាន​ផង»។​

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16