ម៉ាកុស 8 KCB

1 នៅ​គ្រា​នោះ​ មាន​មនុស្ស​ច្រើន​កុះករ​មក​ម្ដង​ទៀត​ ហើយ​ពួកគេ​គ្មាន​អ្វី​បរិភោគ​សោះ​ ព្រះអង្គ​ក៏​ហៅ​ពួក​សិស្ស​ និង​មាន​បន្ទូល​ទៅ​គេ​ថា៖​

2 «ខ្ញុំ​អាណិត​បណ្ដាជន​ទាំង​អស់​នេះ​ណាស់​ ព្រោះ​ពួកគេ​បាន​នៅ​ជាមួយ​ខ្ញុំ​បី​ថ្ងៃ​ហើយ​ ប៉ុន្ដែ​ពួកគេ​គ្មាន​អ្វី​សម្រាប់​បរិភោគ​ទាល់​តែ​សោះ​

3 ហើយ​ប្រសិន​បើ​ខ្ញុំ​ឲ្យ​គេ​ត្រលប់​ទៅ​ផ្ទះ​វិញ​ទាំង​ឃ្លាន​ នោះ​គេ​នឹង​អស់​កម្លាំង​ដួល​នៅ​តាម​ផ្លូវ​ ព្រោះ​អ្នក​ខ្លះ​មក​ពី​ទី​ឆ្ងាយៗ»​

4 ពួក​សិស្ស​ទូល​តប​ទៅ​ព្រះអង្គ​វិញ​ថា៖​ «នៅ​ទី​រហោឋាន​ដូច្នេះ​ តើ​អ្នក​ណា​អាច​រក​នំប៉័ង​ពី​កន្លែង​ណា​ឲ្យ​ពួកគេ​បរិភោគ​បាន?»​

5 ព្រះអង្គ​ក៏​សួរ​ទៅ​គេ​ថា៖​ «តើ​អ្នក​រាល់គ្នា​មាន​នំប៉័ង​ប៉ុន្មាន​ដុំ?»​ គេ​ទូល​ថា៖​ «មាន​ប្រាំ​ពីរ​ដុំ»​

6 ព្រះអង្គ​ក៏​បង្គាប់​បណ្ដា​ជន​ឲ្យ​អង្គុយ​នៅ​លើ​ដី​ ហើយ​ព្រះអង្គ​ក៏​យក​នំប៉័ង​ប្រាំ​ពីរ​ដុំ​នោះ​មក​ អរ​ព្រះគុណ​ រួច​កាច់​ឲ្យ​ទៅ​ពួក​សិស្ស​របស់​ព្រះអង្គ​ ដើម្បី​ឲ្យ​ពួកគេ​ចែក​បណ្ដា​ជន​ ហើយ​ពួកគេ​ក៏​ចែក​ដល់​បណ្ដា​ជន​

7 ពួកគេ​មាន​ត្រី​ខ្លះ​ ព្រះអង្គ​ក៏​ឲ្យ​ពរ​ និង​ប្រាប់​ពួកគេ​ឲ្យ​ចែក​ត្រី​ទាំង​នោះ​ទៀត​

8 ពួកគេ​បាន​បរិភោគ​ឆ្អែត​ស្កប់​ស្កល់​ ហើយ​ប្រមូល​ចំណិត​នំប៉័ង​នៅ​សល់​បាន​ប្រាំ​ពីរ​កន្ត្រក​

9 ពេល​នោះ​មាន​មនុស្ស​ប្រហែល​បួន​ពាន់​នាក់​ រួច​ព្រះអង្គ​ក៏​រំសាយ​បណ្ដាជន​

10 ភ្លាម​នោះ​ ព្រះអង្គ​បាន​ឡើង​ទូក​ជាមួយ​ពួក​សិស្ស​ទៅ​ភូមិ​ដាលម៉ានូថា។​

11 អ្នក​ខាង​គណៈ​ផារិស៊ី​ក៏​ចេញ​មក​ ហើយ​ចាប់​ផ្ដើម​សួរ​ដេញ​ដោល​ព្រះអង្គ​ ដើម្បី​ស្វែង​រក​ទី​សំគាល់​ពី​ស្ថាន​សួគ៌​ល្បង​ល​ព្រះអង្គ​

12 ព្រះអង្គ​ដក​ដង្ហើម​ធំ​ ហើយ​មាន​បន្ទូល​ថា៖​ «ហេតុ​អ្វី​មនុស្ស​ជំនាន់​នេះ​ស្វែង​រក​ទីសំគាល់?​ ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាកដ​ថា​ នឹង​គ្មាន​ទី​សំគាល់​ណា​ប្រទាន​ឲ្យ​មនុស្ស​នៅ​ជំនាន់​នេះ​ទេ»​

13 ព្រះអង្គ​ក៏​ចាក​ចេញ​ពី​គេ​ ហើយ​ឡើង​ទូក​វិញ​ឆ្លង​ទៅ​ត្រើយ​ម្ខាង។​

14 ប៉ុន្ដែ​ពួក​សិស្ស​ភ្លេច​យក​នំប៉័ង​ ហើយ​នៅ​លើ​ទូក​ពួកគេ​គ្មាន​អ្វី​សោះ​ ក្រៅ​ពី​នំប៉័ង​មួយ​ដុំ​

15 ហើយ​ព្រះអង្គ​ព្រមាន​ពួកគេ​ថា៖​ «ចូរ​ប្រយ័ត្ន​នឹង​មេ​នំប៉័ង​របស់​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ និង​មេ​នំប៉័ង​របស់​ពួក​អ្នក​ខាង​គណៈ​ហេរ៉ូឌ»​

16 ពួក​សិស្ស​សួរ​ដេញ​ដោល​គ្នា​ពី​ការ​ដែល​ពួកគេ​គ្មាន​នំប៉័ង​

17 ពេល​ព្រះអង្គ​ជ្រាប​ ក៏​មាន​បន្ទូល​ទៅ​គេ​ថា៖​ «ហេតុ​អ្វី​អ្នក​រាល់គ្នាសួរ​ដេញ​ដោល​គ្នា​ពី​ការ​ដែល​អ្នក​រាល់គ្នា​គ្មាន​នំប៉័ង​ដូច្នេះ?​ តើ​អ្នក​រាល់គ្នា​នៅ​តែ​មិន​ទាន់​ដឹង​ មិន​ទាន់​យល់​ឬ?​ តើ​អ្នក​រាល់គ្នា​មាន​ចិត្ដ​រឹង​រូស​ឬ?​

18 តើ​អ្នក​រាល់គ្នា​មាន​ភ្នែក​មើល​មិន​ឃើញ​ មាន​ត្រចៀក​ស្ដាប់​មិន​ឮ​ ឬ​ក៏​អ្នក​រាល់គ្នា​ចាំ​មិន​បាន?​

19 នៅ​ពេល​ដែល​ខ្ញុំ​កាច់​នំប៉័ង​ប្រាំ​ដុំ​ឲ្យ​មនុស្ស​ប្រាំ​ពាន់​នាក់​ តើ​អ្នក​រាល់គ្នា​ប្រមូល​នំបុ័ង​នៅ​សល់​បាន​ពេញ​ប៉ុន្មាន​កន្ដ្រក?»​ ពួកគេ​ទូល​ព្រះអង្គ​ថា៖​ «ដប់​ពីរ​កន្ដ្រក»​

20 «ចុះ​ពេល​នំបុ័ង​ប្រាំ​ពីរ​ដុំ​សម្រាប់​មនុស្ស​បួន​ពាន់​នាក់​ តើ​អ្នក​រាល់គ្នា​ប្រមូល​នំបុ័ង​នៅ​សល់​បាន​ពេញ​ប៉ុន្មាន​កន្ដ្រក?»​ ពួកគេ​ទូល​ព្រះអង្គ​ថា៖​ «ប្រាំ​ពីរ​កន្ដ្រក»​

21 នោះ​ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «តើ​អ្នក​រាល់គ្នា​នៅ​តែ​មិន​ទាន់​យល់​ទៀត​ឬ?»

22 កាល​ពួកគេ​មក​ដល់​ក្រុង​បេតសៃដា​ បណ្ដា​ជន​ក៏​នាំ​បុរស​ខ្វាក់​ម្នាក់​មក​រក​ព្រះអង្គ​ រួច​សុំ​ព្រះអង្គ​ឲ្យ​ព្រះអង្គ​ពាល់​គាត់​

23 ព្រះអង្គ​បាន​ដឹក​ដៃ​មនុស្ស​ខ្វាក់​នោះ​នាំ​ចេញ​ពី​ក្រុង​ ហើយ​ព្រះអង្គ​ក៏​ស្ដោះ​ទឹក​មាត់​ដាក់​ភ្នែក​របស់​គាត់​ និង​ដាក់​ដៃ​លើ​គាត់​ រួច​សួរ​ថា៖​ «តើ​អ្នក​មើល​ឃើញ​អ្វី​ទេ?»​

24 គាត់​ក៏​សម្លឹង​មើល​ រួច​ទូល​ថា៖​ «ខ្ញុំ​មើល​ឃើញ​មនុស្ស​ តែ​ខ្ញុំ​ឃើញ​ពួកគេ​ដូច​ជា​ដើម​ឈើ​កំពុង​ដើរ»​

25 បន្ទាប់​មក​ ព្រះអង្គ​ដាក់​ដៃ​លើ​ភ្នែក​គាត់​ម្ដង​ទៀត​ គាត់​ខំ​សម្លឹង​មើល​ ភ្នែក​គាត់​ក៏​បាន​ជា​ឡើង​វិញ​ ហើយ​គាត់​មើល​ឃើញ​អ្វីៗ​យ៉ាង​ច្បាស់​

26 ព្រះអង្គ​ឲ្យ​គាត់​ទៅ​ផ្ទះ​វិញ​ ដោយ​មាន​បន្ទូល​ថា៖​ «ចូរ​អ្នក​កុំ​ចូល​ទៅ​ក្នុង​ក្រុង​អី»​

27 បន្ទាប់​មក​ ព្រះយេស៊ូ​ និង​សិស្ស​ព្រះអង្គ​ បាន​ចេញ​ទៅ​ភូមិ​ទាំង​ឡាយ​ដែល​នៅ​ជិត​ក្រុង​សេសារា​ភីលីព​ ហើយ​នៅ​តាម​ផ្លូវ​ ព្រះអង្គ​មាន​បន្ទូល​សួរ​ពួក​សិស្ស​ព្រះអង្គ​ថា៖​ «តើ​មនុស្ស​ទាំង​ឡាយ​និយាយ​ថា​ខ្ញុំ​ជា​នរណា?​»

28 ពួកគេ​ទូល​ព្រះអង្គ​ថា៖​ «គេ​និយាយ​ថា​លោក​ជា​លោក​យ៉ូហាន​ អ្នក​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ អ្នក​ខ្លះ​ថា​លោក​ជា​លោក​អេលីយ៉ា​ ហើយ​អ្នក​ខ្លះ​ទៀត​ថា​លោក​ជា​ម្នាក់​នៅ​ក្នុង​ចំណោម​អ្នក​នាំ​ព្រះបន្ទូល»​

29 ព្រះអង្គ​ក៏​មាន​បន្ទូល​សួរ​ទៅ​ពួក​សិស្ស​ថា៖​ «ចុះ​អ្នក​រាល់គ្នា​វិញ​ ថា​ខ្ញុំ​ជា​អ្នក​ណា​ដែរ?»​ ពេត្រុស​ទូល​ឆ្លើយ​ថា៖​ «លោក​ជា​ព្រះគ្រិស្ដ»​

30 ព្រះអង្គ​ក៏​ព្រមា​នមិន​ឲ្យ​ពួកគេ​និយាយ​ប្រាប់​អ្នក​ណា​អំពី​ព្រះអង្គ​ទេ។​

31 រួច​ព្រះអង្គក៏​ចាប់​ផ្ដើម​បង្រៀន​ពួកគេ​ថា៖​ «កូន​មនុស្ស​ត្រូវ​តែ​ទទួល​រង​ទុក្ខ​ជា​ច្រើន​ ត្រូវ​ពួក​ចាស់​ទុំ​ ពួក​សម្ដេច​សង្ឃ​ និង​ពួក​គ្រូ​វិន័យ​ជំទាស់​ ហើយ​សម្លាប់​ ប៉ុន្ដែ​បី​ថ្ងៃ​ក្រោយ​មក​នឹង​រស់​ឡើង​វិញ»​

32 ព្រះអង្គ​មាន​បន្ទូល​អំពី​ការ​នេះ​ត្រង់ៗ​ លោក​ពេត្រុស​ក៏​នាំ​ព្រះអង្គ​ទៅ​ដាច់​ដោយ​ឡែក​ពីគេ​ រួច​ក៏​ចាប់​ផ្ដើម​ទូល​ជំទាស់​ព្រះអង្គ​

33 តែ​ព្រះអង្គ​បែ​រម​ក​មើល​ពួក​សិស្ស​ព្រះអង្គ​ និង​ស្ដី​បន្ទោស​លោក​ពេត្រុស​ដោយ​មាន​បន្ទូល​ថា៖​ «អារក្ស​សាតាំង​ ចូរ​ថយ​ទៅ​ក្រោយ​យើង​ ដ្បិត​ឯង​មិន​គិត​តាម​គំនិត​ព្រះជាម្ចាស់​ទេ​ តែ​គិត​តាម​គំនិត​មនុស្ស​វិញ»។​

34 កាល​ព្រះអង្គ​ហៅ​ពួក​បណ្ដា​ជន​ និង​ពួក​សិស្ស​ព្រះអង្គ​ឲ្យ​ជួប​ជុំ​គ្នា​ហើយ​ ក៏​មាន​បន្ទូល​ទៅ​គេ​ថា៖​ «បើ​អ្នក​ណា​ចង់​មក​តាម​ខ្ញុំ​ អ្នក​នោះ​ត្រូវ​លះ​បង់​ខ្លួន​ឯង​ ហើយ​លី​ឈើ​ឆ្កាង​ខ្លួន​មក​តាម​ខ្ញុំ​

35 ដ្បិត​អ្នក​ណា​ដែល​ចង់​រក្សា​ជីវិត​ខ្លួន​ អ្នក​នោះ​នឹង​បាត់​ជីវិត​ទៅ​ តែ​អ្នក​ណា​ដែល​បាត់​បង់​ជីវិត​ដោយ​ព្រោះ​ខ្ញុំ​ និង​ដំណឹង​ល្អ​ អ្នក​នោះ​នឹង​បាន​ជីវិត​វិញ​

36 ដ្បិត​បើ​មនុស្ស​ម្នាក់​ទទួល​បាន​ពិភព​លោក​ទាំង​មូល​ ប៉ុន្ដែ​បាត់​បង់​ជីវិត​ខ្លួន​ តើ​មាន​ប្រយោជន៍​អ្វី?​

37 តើ​មនុស្ស​យក​អ្វី​មក​ប្ដូរ​នឹង​ជីវិត​ខ្លួន​បាន?​

38 ដ្បិត​អ្នក​ណា​ខ្មាស​គេ​ដោយ​សារ​ខ្ញុំ​ និង​ពាក្យ​ខ្ញុំ​ នៅ​ជំនាន់​មនុស្ស​ដែល​ផិត​ក្បត់​ និង​ពេញ​ដោយ​បាប​នេះ​ នោះ​កូន​មនុស្ស​នឹង​ខ្មាស​ដោយ​សារ​អ្នក​នោះ​វិញ​ នៅ​ពេល​ដែល​លោក​មក​នៅ​ក្នុង​សិរី​រុងរឿង​របស់​ព្រះ​វរ​បិតា​ជា​មួយ​នឹង​ពួក​ទេវតា​បរិសុទ្ធ»​

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16