1 ពេលព្រះអង្គយាងចេញពីព្រះវិហារមក សិស្សព្រះអង្គម្នាក់បានទូលទៅព្រះអង្គថា៖ «លោកគ្រូ មើលហ្ន៎ ថ្ម និងអគារនោះធំអស្ចារ្យណាស់!»
2 ព្រះយេស៊ូមានបន្ទូលទៅសិស្សនោះថា៖ «តើអ្នកឃើញអគារធំៗទាំងនោះដែរឬទេ? ថ្មដែលត្រួតលើគ្នានៅទីនោះទាំងអស់នឹងត្រូវរើចោលគ្មានសល់ឡើយ»
3 កាលព្រះអង្គអង្គុយនៅលើភ្នំដើមអូលីវទល់មុខព្រះវិហារ លោកពេត្រុស លោកយ៉ាកុប លោកយ៉ូហាន និងលោកអនទ្រេបានសួរព្រះអង្គដោយឡែកថា៖
4 «សូមប្រាប់យើងខ្ញុំផង តើការទាំងនេះនឹងកើតឡើងនៅពេលណា ហើយមានទីសំគាល់អ្វីខ្លះនៅពេលដែលការទាំងនេះបម្រុងនឹងបានសម្រេច?»
5 ព្រះយេស៊ូចាប់ផ្ដើមមានបន្ទូលទៅពួកគេថា៖ «ចូរប្រយ័ត្ន កុំឲ្យអ្នកណាបោកបញ្ឆោតអ្នករាល់គ្នាឡើយ
6 ដ្បិតមនុស្សជាច្រើននឹងមកក្នុងឈ្មោះខ្ញុំ ហើយនិយាយថា ខ្ញុំនេះហើយ ពួកគេនឹងបោកបញ្ឆោតមនុស្សជាច្រើន
7 នៅពេលអ្នករាល់គ្នាឮពីសង្គ្រាម និងដំណឹងអំពីសង្គ្រាម នោះកុំជ្រួលច្របល់អី ការទាំងអស់នេះត្រូវតែកើតឡើង ប៉ុន្ដែមិនទាន់ដល់ទីបញ្ចប់ទេ
8 ព្រោះជនជាតិមួយនឹងក្រោកឡើងទាស់នឹងជនជាតិមួយ ហើយប្រទេសមួយទាស់នឹងប្រទេសមួយ ព្រមទាំងមានការរញ្ជួយដីច្រើនកន្លែង និងមានគ្រោះអត់ឃ្លាន ទាំងអស់នេះជាការចាប់ផ្ដើមនៃទុក្ខវេទនាដ៏សម្បើមដូចស្ដ្រីហៀបនឹងសម្រាលកូន
9 ប៉ុន្ដែអ្នករាល់គ្នាត្រូវប្រយ័ត្នខ្លួន ពីព្រោះពួកគេនឹងប្រគល់អ្នករាល់គ្នាទៅឲ្យក្រុមប្រឹក្សាកំពូល រួចគេនឹងវាយអ្នករាល់គ្នានៅក្នុងសាលាប្រជុំ អ្នករាល់គ្នានឹងឈរធ្វើជាបន្ទាល់នៅមុខចៅហ្វាយក្រុង និងស្ដេច ដោយព្រោះខ្ញុំ
10 រីឯដំណឹងល្អត្រូវផ្សាយដល់គ្រប់ជនជាតិទាំងអស់ជាមុនសិន
11 ប៉ុន្ដែពេលគេនាំអ្នករាល់គ្នាទៅ នោះចូរកុំព្រួយបារម្ភជាមុនអំពីអ្វីដែលអ្នករាល់គ្នាត្រូវនិយាយឡើយ ដ្បិតនៅពេលនោះ អ្នករាល់គ្នាត្រូវនិយាយសេចក្ដីណាដែលបានប្រទានឲ្យអ្នករាល់គ្នា ហើយមិនមែនអ្នករាល់គ្នាជាអ្នកនិយាយទេ គឺព្រះវិញ្ញាណបរិសុទ្ធវិញ
12 បងប្អូននឹងប្រគល់បងប្អូនរបស់ខ្លួនទៅឲ្យគេសម្លាប់ ឪពុកនឹងប្រគល់កូនទៅឲ្យគេសម្លាប់ ហើយកូននឹងបះបោរទាស់នឹងឪពុកម្ដាយ និងសម្លាប់ពួកគេ
13 ហើយមនុស្សនឹងស្អប់អ្នករាល់គ្នាដោយព្រោះឈ្មោះខ្ញុំ ប៉ុន្ដែអ្នកណាដែលស៊ូទ្រាំដល់ទីបំផុត នឹងបានទទួលសេចក្ដីសង្គ្រោះ
14 នៅពេលអ្នករាល់គ្នាឃើញអំពើបំផ្លិចបំផ្លាញដ៏លាមក កើតឡើងនៅកន្លែងដែលមិនគួរមាន សូមឲ្យអ្នកអានយល់ចុះ គឺពេលនោះ ចូរឲ្យអ្នកស្រុកយូដាភៀសខ្លួនទៅភ្នំចុះ
15 ហើយកុំឲ្យអ្នកនៅលើដំបូលផ្ទះចុះមកក្រោម ឬចូលយកអីវ៉ាន់ពីក្នុងផ្ទះគាត់ឡើយ
16 និងកុំឲ្យអ្នកនៅស្រែចម្ការបកក្រោយ ទៅយកអាវរបស់គាត់ឲ្យសោះ
17 ប៉ុន្ដែពួកស្ដ្រីមានផ្ទៃពោះ និងពួកស្ដ្រីកំពុងបំបៅកូន នឹងវេទនានៅគ្រានោះ
18 ដូច្នេះ ចូរអធិស្ឋាន កុំឲ្យការនោះកើតឡើងនៅរដូវរងាឡើយ
19 ព្រោះនៅគ្រានោះនឹងមានទុក្ខវេទនាដ៏សម្បើម គឺមិនដែលមានទុក្ខវេទនាបែបនេះឡើយ ចាប់តាំងពីកំណើតពិភពលោក ដែលព្រះជាម្ចាស់បានបង្កើតរហូតដល់ពេលនេះ
20 ដរាបណាព្រះអម្ចាស់មិនបង្រួញថ្ងៃទាំងនោះឲ្យខ្លីទេ នោះគ្មានមនុស្សណាម្នាក់បានទទួលសេចក្ដីសង្គ្រោះឡើយ ប៉ុន្ដែព្រះអង្គបង្រួញថ្ងៃទាំងនោះសម្រាប់អស់អ្នកដែលព្រះអង្គបានជ្រើសរើស
21 នៅពេលនោះ ប្រសិនបើមាននរណាម្នាក់ប្រាប់អ្នកថា៖ «មើលនែ! ព្រះគ្រិស្ដនៅទីនេះ ព្រះគ្រិស្ដនៅទីនោះ» ចូរកុំជឿឲ្យសោះ
22 ព្រោះពួកមនុស្សដែលក្លែងជាព្រះគ្រិស្ដ និងពួកអ្នកនាំព្រះបន្ទូលក្លែងក្លាយជាច្រើននឹងក្រោកឡើង ហើយពួកគេនឹងសំដែងទីសំគាល់ និងការអស្ចារ្យ ដើម្បីបោកបញ្ឆោតអ្នកដែលព្រះអម្ចាស់បានជ្រើសរើស ប្រសិនបើអាចធ្វើបាន
23 ដូច្នេះ អ្នករាល់គ្នាត្រូវប្រយ័ត្ន ព្រោះខ្ញុំបានប្រាប់អ្នករាល់គ្នាសព្វគ្រប់ជាមុនរួចហើយ
24 ប៉ុន្ដែក្រោយគ្រាទុក្ខវេទនាទាំងនោះ ដួងអាទិត្យនឹងអាប់រស្មី ហើយលោកខែនឹងមិនបញ្ចេញពន្លឺទៀតទេ
25 ឯផ្កាយទាំងឡាយនឹងធ្លាក់ចុះពីលើមេឃ ហើយអំណាចនៅស្ថានសួគ៌នឹងរង្គោះរង្គើ
26 បន្ទាប់មក ពួកគេនឹងឃើញកូនមនុស្សមកនៅលើពពក ប្រកបដោយអំណាច និងសិរីរុងរឿងដ៏អស្ចារ្យ
27 នៅពេលនោះ លោកនឹងចាត់ពួកទេវតាឲ្យប្រមូលអ្នកដែលលោកជ្រើសរើសទាំងបួនទិស គឺពីចុងបំផុតនៃផែនដីរហូតដល់ជើងមេឃ
28 ហើយចូររៀនពីរឿងប្រៀបប្រដូចអំពីដើមល្វាចុះ កាលណាមែកវាទន់ ស្លឹកវាលាស់ឡើង នោះអ្នករាល់គ្នាដឹងថារដូវក្ដៅជិតមកដល់ហើយ
29 ដូច្នេះ ពេលអ្នករាល់គ្នាឃើញហេតុការណ៍ទាំងនោះកើតឡើង នោះអ្នករាល់គ្នាដឹងថា ពេលវេលាកាន់តែកៀកបំផុតហើយ
30 ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា មនុស្សជំនាន់នេះនឹងមិនស្លាប់អស់ឡើយ លុះត្រាតែហេតុការណ៍ទាំងអស់នេះកើតឡើងសិន
31 ផ្ទៃមេឃ និងផែនដីនឹងរលាយបាត់ទៅ តែពាក្យរបស់ខ្ញុំនឹងមិនរលាយបាត់សោះឡើយ
32 ឯពេលវេលា និងថ្ងៃកំណត់ ក្រៅពីព្រះវរបិតា គ្មានអ្នកណាម្នាក់ដឹងឡើយ សូម្បីតែពួកទេវតានៅស្ថានសួគ៌ ឬកូនមនុស្ស។
33 ដូច្នេះ អ្នករាល់គ្នាត្រូវប្រយ័ត្ន ត្រូវប្រុងស្មារតី ព្រោះអ្នករាល់គ្នាមិនដឹងថា ពេលនោះចំពេលណាទេ
34 គឺដូចជាបុរសម្នាក់ចេញពីផ្ទះធ្វើដំណើរទៅ ហើយឲ្យសិទ្ធិអំណាចដល់បាវបម្រើរបស់គាត់ម្នាក់ៗធ្វើការរបស់គេរៀងៗខ្លួន ទាំងបង្គាប់អ្នកយាមទ្វារឲ្យប្រុងស្មារតី
35 ដូច្នេះ អ្នករាល់គ្នាត្រូវប្រុងស្មារតី ព្រោះអ្នករាល់គ្នាមិនដឹងថា ម្ចាស់ផ្ទះនឹងមកនៅពេលណាទេ ទោះជាពេលល្ងាច ពេលយប់អធ្រាត្រ ពេលមាន់រងាវ ឬពេលព្រឹកព្រលឹមក្ដី
36 ក្រែងលោគាត់មកដល់ភ្លាមឃើញអ្នករាល់គ្នាកំពុងដេកលក់
37 ហើយអ្វីៗដែលខ្ញុំប្រាប់អ្នករាល់គ្នា ខ្ញុំក៏ប្រាប់មនុស្សគ្រប់គ្នាដែរថា ត្រូវប្រុងស្មារតី»។