1 ពួកគេបានមកដល់ត្រើយម្ខាងទៀតនៃបឹង គឺដល់តំបន់របស់ពួកគេរ៉ាស៊ីន
2 ហើយនៅពេលដែលព្រះអង្គបានយាងចេញពីទូក មានបុរសម្នាក់ដែលមានវិញ្ញាណអាក្រក់ចូល បានចេញពីផ្នូរខ្មោចមកជួបព្រះអង្គភ្លាម
3 អ្នកនោះរស់នៅក្នុងផ្នូរខ្មោច ហើយពុំមានអ្នកណាអាចចងគាត់បានទេ ទោះជាដាក់ច្រវាក់គាត់ក៏ដោយ
4 ព្រោះគេតែងដាក់ខ្នោះជើង និងចងគាត់ដោយច្រវាក់ តែគាត់បានកាច់ខ្នោះជើង និងផ្ដាច់ច្រវាក់នោះខ្ទេចខ្ទីអស់ រួចគ្មានអ្នកណាម្នាក់ខ្លាំងអាចបង្ក្រាបគាត់បានទេ។
5 គាត់តែងតែស្រែករាល់ថ្ងៃរាល់យប់នៅតាមផ្នូរខ្មោច និងភ្នំ ហើយបានយកថ្មមកឆូតខ្លួនឯង
6 កាលឃើញព្រះយេស៊ូពីចម្ងាយ គាត់ក៏រត់ទៅក្រាបថ្វាយបង្គំព្រះអង្គ
7 និងទូលដោយសំឡេងស្រែកខ្លាំងៗថា៖ «ឱព្រះយេស៊ូ ជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់ដ៏ខ្ពស់បំផុតអើយ! តើព្រះអង្គ និងខ្ញុំមានហេតុអ្វីនឹងគ្នា? ខ្ញុំសុំឲ្យព្រះអង្គស្បថនឹងព្រះជាម្ចាស់ថា មិនធ្វើទារុណកម្មខ្ញុំទេ»
8 ដ្បិតព្រះអង្គបានមានបន្ទូលប្រាប់ទៅវាថា៖ «វិញ្ញាណអាក្រក់ ចេញពីមនុស្សនេះទៅ!»
9 ព្រះអង្គក៏សួរវាថា៖ «តើឯងឈ្មោះអ្វី?» ហើយវាឆ្លើយទៅព្រះអង្គថា៖ «ឈ្មោះខ្ញុំគឺកងទ័ព ព្រោះយើងមានគ្នាច្រើន»
10 ហើយវាបានអង្វរព្រះអង្គយ៉ាងទទូច កុំឲ្យបណ្ដេញពួកវាចេញពីស្រុកនោះ។
11 មានជ្រូកមួយហ្វូងធំកំពុងស៊ីចំណីនៅក្បែរភ្នំនោះ
12 ពួកវាបានអង្វរព្រះអង្គដោយទូលថា៖ «សូមបញ្ជូនយើងទៅក្នុងសត្វជ្រូកទាំងនោះ ដើម្បីឲ្យយើងអាចចូលក្នុងពួកវាបាន»
13 ព្រះអង្គក៏អនុញ្ញាតឲ្យពួកវា នោះវិញ្ញាណអាក្រក់បានចេញមក និងចូលទៅក្នុងសត្វជ្រូកទាំងនោះ ហើយហ្វូងជ្រូកដែលមានចំនួនប្រហែលជាពីរពាន់ក្បាលនោះ ក៏បោលតាមច្រាំងចំណោតចុះទៅក្នុងបឹង ហើយលង់ទឹកអស់ទៅ
14 ឯពួកអ្នកចិញ្ចឹមជ្រូកទាំងនោះបានរត់គេចខ្លួនអស់ ហើយរៀបរាប់ពីការនេះនៅតាមក្រុង និងទីជនបទនានា នោះប្រជាជនក៏នាំគ្នាមកមើលអ្វីដែលបានកើតឡើង
15 ពួកគេមកឯព្រះយេស៊ូ ហើយឃើញអ្នកដែលមានវិញ្ញាណអាក្រក់ឈ្មោះកងទ័ពចូលពីមុននោះ បានស្លៀកពាក់ និងអង្គុយទាំងមានស្មារតីឡើងវិញ នោះពួកគេក៏មានសេចក្ដីកោតខ្លាច
16 ហើយអ្នកដែលបានឃើញហេតុការណ៍នោះ បានរៀបរាប់ប្រាប់ពួកគេពីអ្វីដែលបានកើតឡើងចំពោះមនុស្ស ដែលមានវិញ្ញាណអាក្រក់ចូលពីមុន និងហ្វូងជ្រូកទាំងនោះ
17 ពួកគេក៏ចាប់ផ្ដើមអង្វរព្រះអង្គឲ្យចាកចេញពីស្រុករបស់ពួកគេ។
18 នៅពេលព្រះអង្គយាងចុះក្នុងទូក មនុស្សដែលមានវិញ្ញាណអាក្រក់ចូលពីមុននោះបានអង្វរព្រះអង្គសុំនៅជាមួយ
19 ព្រះអង្គមិនបានអនុញ្ញាតឲ្យគាត់ទេ ប៉ុន្ដែមានបន្ទូលទៅគាត់ថា៖ «ចូរទៅផ្ទះរបស់អ្នក និងសាច់ញាតិរបស់អ្នក ហើយរៀបរាប់ប្រាប់ពួកគេពីការទាំងអស់ដែលព្រះអម្ចាស់បានធ្វើសម្រាប់អ្នក និងបានមេត្ដាដល់អ្នក»។
20 គាត់ក៏ចាកចេញទៅ និងចាប់ផ្ដើមប្រកាសនៅស្រុកដេកាប៉ូលពីការទាំងអស់ដែលព្រះយេស៊ូបានធ្វើសម្រាប់គាត់ ហើយមនុស្សគ្រប់គ្នាក៏នឹកអស្ចារ្យក្នុងចិត្ដ។
21 ព្រះយេស៊ូបានចុះទូកឆ្លងទៅត្រើយម្ខាងទៀត មានមនុស្សច្រើនកុះករប្រមូលផ្ដុំគ្នាមករកព្រះអង្គ ដែលកំពុងគង់នៅមាត់បឹង
22 ហើយមានប្រធានសាលាប្រជុំម្នាក់ ឈ្មោះយៃរ៉ូសមករកព្រះអង្គ កាលបានឃើញព្រះអង្គហើយ គាត់ក៏ក្រាបចុះនៅទៀបព្រះអង្គ
23 គាត់អង្វរព្រះអង្គយ៉ាងទទូចថា៖ «កូនស្រីខ្ញុំជិតស្លាប់ហើយ សូមលោកទៅដាក់ដៃលើនាង ដើម្បីឲ្យនាងបានជា និងមានជីវិតវិញផង»
24 ព្រះអង្គក៏យាងទៅជាមួយគាត់ ហើយមានមនុស្សច្រើនកុះករដើរតាមព្រះអង្គ ទាំងប្រជ្រៀតព្រះអង្គផង។
25 មានស្ដ្រីម្នាក់មានជំងឺធ្លាក់ឈាមអស់រយៈពេលដប់ពីរឆ្នាំមកហើយ
26 នាងបានរងទុក្ខយ៉ាងខ្លាំងក្រោមការព្យាបាលពីគ្រូពេទ្យជាច្រើន ហើយបានចំណាយអ្វីៗទាំងអស់ដែលនាងមាន ប៉ុន្ដែមិនបានផលអ្វីឡើយ ផ្ទុយទៅវិញកាន់តែឈឺធ្ងន់ថែមទៀត។
27 នៅពេលបានឮអំពីព្រះយេស៊ូ នាងក៏មកក្នុងចំណោមបណ្ដាជន ហើយពាល់អាវរបស់ព្រះអង្គពីខាងក្រោយ
28 ដ្បិតនាងបាននិយាយថា៖ «ប្រសិនបើខ្ញុំបានពាល់តឹ្រមតែអាវរបស់លោក នោះខ្ញុំនឹងជាសះស្បើយមិនខាន»
29 ភ្លាមនោះ ឈាមឈប់ធ្លាក់ ហើយនាងបានដឹងនៅក្នុងខ្លួនថា នាងបានជាសះស្បើយពីជំងឺគ្រាំគ្រានោះហើយ។
30 ព្រះយេស៊ូជ្រាបក្នុងអង្គទ្រង់ភ្លាមថា អំណាចបានចេញពីព្រះអង្គទៅ ព្រះអង្គក៏បែរទៅបណ្ដាជន និងមានបន្ទូលថា៖ «តើអ្នកណាបានពាល់អាវខ្ញុំ?»
31 ពួកសិស្សទូលព្រះអង្គថា៖ «លោកគ្រូក៏ឃើញមនុស្សជាច្រើនប្រជ្រៀតលោកគ្រូដែរ ម្ដេចក៏សួរថា តើអ្នកណាពាល់ខ្ញុំយ៉ាងដូច្នេះ?»
32 ប៉ុន្ដែព្រះអង្គនៅតែមើលជុំវិញ រកមើលអ្នកដែលបានពាល់ព្រះអង្គ
33 ស្ដ្រីនោះបានដឹងពីអ្វីដែលបានកើតឡើងចំពោះនាង ក៏មកទាំងភ័យញ័រ និងក្រាបនៅចំពោះព្រះអង្គ ហើយទូលប្រាប់ការពិតទាំងស្រុង
34 ព្រះអង្គក៏មានបន្ទូលទៅនាងថា៖ «កូនស្រីអើយ! ជំនឿរបស់នាងធ្វើឲ្យនាងជាសះស្បើយហើយ ចូរទៅដោយសេចក្ដីសុខសាន្ដ និងជាពីជំងឺរបស់នាងចុះ»។
35 ពេលព្រះអង្គកំពុងតែមានបន្ទូល មានគេមកពីផ្ទះប្រធានសាលាប្រជុំ ប្រាប់ថា៖ «កូនស្រីលោកបានស្លាប់ហើយ តើលោកនៅតែរំខានលោកគ្រូធ្វើអ្វីទៀត?»
36 ប៉ុន្ដែព្រះយេស៊ូមិនខ្វល់ពីពាក្យដែលគេនិយាយនោះទេ ក៏មានបន្ទូលទៅប្រធានសាលាប្រជុំថា៖ «កុំខ្លាចអី គ្រាន់តែជឿប៉ុណ្ណោះបានហើយ»។
37 ព្រះអង្គមិនអនុញ្ញាតឲ្យអ្នកណាម្នាក់ដើរតាមព្រះអង្គទេ លើកលែងតែលោកពេត្រុស លោកយ៉ាកុប និងលោកយ៉ូហានជាប្អូនលោកយ៉ាកុប។
38 ពេលពួកគេមកដល់ផ្ទះប្រធានសាលាប្រជុំ ព្រះអង្គឃើញភាពជ្រួលច្របល់ និងការទ្រហោយំយ៉ាងខ្លាំង
39 ព្រះអង្គក៏យាងចូល ទាំងមានបន្ទូលទៅគេថា៖ «ហេតុអ្វីក៏អ្នករាល់គ្នាកើតទុក្ខ និងទ្រហោយំដូច្នេះ? ក្មេងនេះមិនទាន់ស្លាប់ទេ នាងកំពុងតែដេកលក់ទេតើ»។
40 ពួកគេក៏សើចចំអកឲ្យព្រះអង្គ ប៉ុន្ដែព្រះអង្គបានបណ្ដេញមនុស្សទាំងអស់ទៅខាងក្រៅ ហើយយកឪពុកម្ដាយរបស់ក្មេងនោះ និងពួកអ្នកដែលនៅជាមួយព្រះអង្គចូលទៅកន្លែងក្មេងនោះនៅ
41 ព្រះអង្គក៏ចាប់ដៃក្មេងនោះទាំងមានបន្ទូលថា៖ «តាលីថាគូមី» មានន័យថា «នាងតូចអើយ ខ្ញុំនិយាយទៅកាន់នាង ចូរក្រោកឡើង»
42 ស្រាប់តែក្មេងស្រីនោះក្រោកឡើង ហើយដើរភ្លាម ព្រោះនាងមានអាយុដប់ពីរឆ្នាំហើយ ពួកគេក៏មានការអស្ចារ្យក្នុងចិត្ដយ៉ាងខ្លាំងភ្លាមៗនោះដែរ
43 ហើយព្រះអង្គបានបង្គាប់ពួកគេយ៉ាងម៉ឺងម៉ាត់ថា កុំឲ្យអ្នកណាដឹងរឿងនេះជាដាច់ខាត និងប្រាប់ពួកគេឲ្យយកអាហារមកឲ្យនាងបរិភោគ។